ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រាក់បញ្ញើជាប្រាក់រៀលក្នុងប្រព័ន្ធធនាគារ ជាមធ្យមកើន26% ក្នុងមួយឆ្នាំ ស្របពេលដែលតម្រូវការប្រាក់រៀលបានកើនឡើងយ៉ាងឆាប់រហ័ស ដោយការធ្វើចរាចរប្រាក់រៀលនៅកម្ពុជាកំពុងកើនក្នុងអត្រា16% ជាមធ្យមក្នុងមួយឆ្នាំផងដែរ។ នេះបើតាមការឱ្យដឹងក្នុងទិវាប្រាក់រៀលខួបលើកទី39នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ កាលពីថ្ងៃទី25 ខែមីនា ឆ្នាំ2019។
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖“ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយក្នុងសេដ្ឋកិច្ច នឹងជួយពង្រឹងប្រសិទ្ធភាពនៃការអនុវត្ដគោលនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទាំងមូល ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទៀតដល់សេដ្ឋកិច្ច”។
ចំពោះវិស័យពាណិជ្ជកម្ម ការប្រើប្រាក់រៀលតែមួយ អាចជួយកាត់បន្ថយចំណាយ ប្រតិបត្តិ ការ ដូចជាការប្ដូរប្រាក់សម្រាប់ដោះដូរក្នុងស្រុក កាត់បន្ថយហានិភ័យពីការបាត់បង់តម្លៃដោយសារតែបម្រែបម្រួលអត្រាប្ដូរប្រាក់ និងសម្រួលការកំណត់ថ្លៃទូទាត់តែមួយ ដែលធ្វើឱ្យការដោះដូរប្រព្រឹត្ដទៅយ៉ាងងាយស្រួល និងឆាប់រហ័ស។
លោកជំទាវបានបញ្ជាក់ថា៖“ការប្រើប្រាស់ប្រាក់រៀល រួមចំណែកជំរុញការវិនិយោគ និងបង្កើតការងារ តាមរយៈឥទ្ធិពលនៃគោលនយោបាយរូបិយវត្ថុលើការបន្ទាបអត្រាការប្រាក់ទីផ្សារដែលជាកត្ដាកំណត់និន្នាការនៃកម្ចីសម្រាប់ការវិនិយោគ និងផលិតកម្ម និងឈានទៅជំរុញឱ្យមានការបង្កើតការងារ។ លើសពីនេះទៀតការប្រើប្រាស់ប្រាក់រៀលនឹងធ្វើឱ្យប្រទេសយើងទទួលបានប្រាក់ចំណូលពីការបោះពុម្ពរូបិយវត្ថុ និងអនុញ្ញាតឱ្យធនាគារ ជាតិនៃកម្ពុជាស្រូបយកនូវរូបិយប័ណ្ណ ដើម្បីគរពូនទុនបម្រុងអន្ដរជាតិសម្រាប់ពង្រឹងជំនឿទុកចិត្ដរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា”។
លោកជំទាវទេសាភិបាលរងបន្ដថា រាជរដ្ឋាភិបាលអាចអភិវឌ្ឍទីផ្សារសញ្ញាបណ្ណចារិកជាប្រាក់រៀលដ៏រឹងមាំមួយ ដើម្បីគាំទ្រដល់ការផ្ដល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយបំណុលពីបរទេសតាមរយៈការកៀរគរមូលនិធិជារូបិយវត្ថុក្នុងស្រុកពីសាធារណជន។
លោកជំទាវបានកត់សម្គាល់ឃើញថា តម្លៃប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពល្អ ប្រសើរក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះ ហើយដើម្បីបន្ថយកម្រិតដុល្លារូបនីយកម្ម យើងត្រូវខិតខំចូលរួមអនុវត្ដន៍ទាំងអស់គ្នាបន្ថែមទៀត ដោយសារបទពិសោធអន្ដរជាតិ បង្ហាញថា ការធ្វើបដិដុល្លារូបនីយកម្មជាការងារដ៏លំបាក និងទាមទារនូវពេលវេលាយូរ និងចាំបាច់ត្រូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងក្នុងទិវានេះថា៖“ទោះបីជាយ៉ាងណាក៏ដោយ មានគ្រឹះស្ថានមួយចំនួនកំពុងជំរុញឱ្យប្រើប្រាក់ដុល្លារនៅតំបន់ជនបទ ដើម្បីឱ្យពួកគេអាចទទួលបានអត្ថប្រយោជន៍ពីអត្រាប្តូរប្រាក់។ លោកបូរាណបាននិយាយថា ខណៈដែលប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយនៅក្នុងតំបន់ទីក្រុងអ្នកស្រុកស្រែជនបទរកប្រាក់ចំណូលជាប្រាក់រៀល វាមិនយុត្តិធម៌សម្រាប់ពួកគេក្នុងការផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណអាមេរិក”។
លោកបានមានប្រសាសន៍ថា៖“ប្រាក់រៀលកំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយសារគោលនយោបាយសារពើពន្ធរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីជំរុញរូបិយប័ណ្ណជាតិ។ ប៉ុន្តែវាត្រូវតែធានាថាមានការយល់ដឹងជាសាធារណៈអំពីផលប្រយោជន៍នៃការប្រើប្រាស់របស់វា។ លោកបានសំណូមពរដល់រដ្ឋាភិបាលឱ្យផ្តល់នូវភាពស្មើគ្នាដោយការទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដើម្បីដោះស្រាយជាមួយប្រាក់រៀលនៅក្នុងតំបន់ជនបទ”។
លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចកទេស នៃធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖“មនុស្សគួរតែមានការយល់ដឹងពីហានិភ័យអត្រាប្តូរប្រាក់ នៅពេលដែលពួកគេផ្តល់ប្រាក់កម្ចីជាប្រាក់ ដុល្លារ។ ប្រហែលជាបុគ្គលិកធនាគារមួយចំនួនខ្ជិល និងមិនខ្វល់ពីការពន្យល់ពីបញ្ហានេះ ទៅកាន់អតិថិជន និងវិធីងាយស្រួល ដោយជំរុញប្រាក់កម្ចីជាប្រាក់ដុល្លារ។ ខ្ញុំស្នើឱ្យស្ថាប័នទាំងអស់គួរយកបញ្ហានេះដើម្បីអប់រំ និងពន្យល់ដល់អតិថិជន អំពីផលប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀល”។
លោក អុិន ចាន់នី ប្រធានសមាគមធនាគារជាតិនៃកម្ពុជាក៏បានមានប្រសាសន៍ថា៖“ ប្រសិនបើក្រដាសប្រាក់របស់ធនាគារអាមេរិកមានការខាតបង់ ឬកខ្វក់បន្តិចនោះវាត្រូវបានច្រានចោលដោយក្រុមហ៊ុន ហើយដំណើរការនៃការផ្លាស់ប្តូរវានៅធនាគារ ឬស្ថាប័នហិរញ្ញវត្ថុមានភាពស្មុគស្មាញ។ អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលគឺថាវាអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលនៅស្ថាប័នហិរញ្ញវត្ថុទោះបីជាឯកសារត្រូវបានរហែក ឬកខ្វក់ក៏ដោយ។ វិធីមួយដើម្បីជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននៅកម្ពុជា គឺដើម្បីលើកកម្ពស់អត្ថប្រយោជន៍នេះ”។
លោក ចាន់នី បានកត់សម្គាល់ថា៖“ប្រាក់រៀលបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារតែភាពងាយស្រួលក្នុងការប្រើប្រាស់នេះដើម្បីអនុវត្តប្រតិបត្តិការប្រចាំថ្ងៃបើធៀបនឹងប្រាក់ដុល្លារ។ ស្ថាប័នផ្តល់ប្រាក់កម្ចីកំពុងទូទាត់ និងទទួលយកប្រាក់រៀល តំបន់ជនបទដែលប្រាក់ចំណូលផ្អែកលើរូបិយប័ណ្ណជាតិ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មបានប្រាប់ឡារ៉ែន ពាណិជ្ជថា៖“យើងបានសង្កេតឃើញថាការជំរុញដាក់ឱ្យប្រើប្រាស់ប្រាក់រៀលនៅតាមធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុប្រមាណ10%មកឃើញថាការចរាចរប្រាក់រៀលមានភាពល្អប្រសើរដែរ តែនៅមានកម្រិត។ ដូច្នេះដើម្បីចូលរួមជំរុញបន្ថែមទៀត យើងចង់ស្នើទៅរដ្ឋាភិបាលថាគួរតែចេញបញ្ញត្តិមួយដែលតម្រូវឱ្យ ឬកម្រិតឱ្យប្រជាជនខ្មែរប្រើប្រាស់ប្រាក់រៀល បើមិនដូច្នេះការចរាចរប្រាក់រៀលនៅតែមានកម្រិត។ព្រោះប្រសិនបើយើងកម្រិតឱ្យប្រាក់ដែលចរាចរក្រោម40ម៉ឺនរៀលចុះ ត្រូវប្រើជាប្រាក់រៀលនោះ”។
លោកឧកញ៉ាបញ្ជាក់ថា៖“បើយើងគិតថាប្រជាជនយើង16លាននាក់ បើមានតែ10លាននាក់ក្នុង1ខែប្រើអស់តែ40ម៉ឺនរៀលវាស្មើនឹង1000លានដុល្លារក្នុង1ខែទៅហើយ(12ខែស្មើ12លានដុល្លារ។ ដូច្នេះវាជួយសម្រាលបន្ទុកធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុមួយចំនួនដែលកម្រិតឱ្យគាត់ជួយចរាចរជាប្រាក់រៀល។វាក៏ជាចលករមួយជួយក្នុងកំណើនសេដ្ឋកិច្ចក្នុងការចាយប្រាក់រៀលដែរ”។
លោកឧកញ៉ា លឹម ហេង បានឱ្យដឹងទៀតថា៖“ទាក់ទងនឹងការចាយប្រាក់រៀលក្នុងវិស័យទេសចរណ៍វិញ យើងទទួលបាន6លាននាក់។ បើយើងគិតឱ្យគាត់ចាយកម្រិតឱ្យប្រាក់ដែលចរាចរក្រោម 40ម៉ឺនរៀលនោះ បើចំនួន6លាននាក់គាត់ចាយ ត្រឹមម្នាក់100ដុល្លារយើងទទួលបាន600 លានដុល្លារ បើគាត់ចាយមិនអស់ គាត់ទុកជាកាដូអនុស្សាវរីយ៍ ក្នុងម្នាក់5ម៉ឺនរៀលក៏យើងទទួលបាន75លានដុល្លារដែរ”។
លោកយុន សុវណ្ណានាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្លាប់ប្រាប់ឡារ៉ែន ពាណិជ្ជថា៖“ការ ប្រើប្រាស់ប្រាក់រៀលសមាគមមីក្រូហិរញ្ញវត្ថុក៏កំពុងតែជំរុញសមាជិកសមាគមដែលយ៉ាងហោចណាស់ក៏មាន35%ដែរដែលអាចនឹងធ្វើបាននៅក្នុងឆ្នាំ2019នេះ”។
លោកបានមានប្រសាសន៍ថា៖“ខ្ញុំបានធ្វើការជាមួយសមាជិកសមាគមលើការងារនេះ ព្រោះមិនមែនគ្រប់គ្រឹះស្ថានសុទ្ធតែប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការភាគច្រើននោះទេ គឺមានតែមួយចំនួនដែលគាត់ផ្តល់ប្រាក់កម្ចី និងសេវាផ្សេងៗជាប្រាក់រៀល ដោយនៅដំណាច់ឆ្នាំ2019នេះ យើងនឹងធ្វើឱ្យបាន10%នៃកម្ចីសរុប ដើម្បីមោទនភាពក្នុងការប្រើរូបិយប័ណ្ណជាតិរបស់យើង”។
សូមបញ្ជាក់ថា ទិវាប្រាក់រៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំឭកខួបនៃការបង្កើតប្រាក់រៀលឡើងវិញ។ ទន្ទឹមនេះ ទិវានេះ ក៏រួមចំណែកបង្កើនការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់ និងវឌ្ឍនភាពនៃការប្រើប្រាស់រូបិយវត្ថុជាតិ ព្រមទាំងលើកកម្ពស់ស្មារតីស្រឡាញ់ប្រាក់រៀលពីគ្រប់មជ្ឈដ្ឋានផងដែរ៕