រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្នើតំណាងធនាគារចិនប្រចាំនៅកម្ពុជាឱ្យជួយគាំទ្រការប្រើប្រាស់ និងទូទាត់រូបិយប័ណ្ណខ្មែរ(ប្រាក់រៀល)តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Payment) ជាពិសេស QR Code ដែលជាមធ្យោបាយទូទាត់សាច់ប្រាក់ដ៏ពេញនិយមនៅក្នុងប្រទេសចិនដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំង2។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូធនាគារចិនរវាងលោក WANG Bing នាយកប្រតិបត្តិរងនៃធនាគារចិនប្រចាំទីក្រុងហុងកុង ដោយបានមានប្រសាសន៍ជំរុញឱ្យតំណាងធនាគារចិនទទួលយកការទូទាត់ជាប្រាក់រៀលឱ្យកាន់តែទូលំទូលាយសម្រាប់សកម្មភាពធុរកិច្ច និងវិនិយោគទ្វេភាគី ជាពិសេសការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា E-Commerce ដោយប្រើប្រាស់បច្ចេកវិទ្យា E-Payment និង QR Code ដូចគ្នាជាមួយកម្មវិធីទូរស័ព្ទដៃ WeChat ឬ Alipay ជាដើម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋរបស់ចិនដ៏ធំមួយនេះ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ក៏បានសំណូមពរផងដែរ ដល់លោក WANG Bing នាយកប្រតិបត្តិរងនៃធនាគារចិន ប្រចាំទីក្រុងហុងកុង ឱ្យពិនិត្យលទ្ធភាពចូលរួមវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) នៅតាមបណ្តាខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជាដើម្បីរក្សាទុកកសិផលក្នុងរយៈពេលយូរ និងផ្ដល់ឥណទានដល់ប្រជាកសិករ ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមដើម្បីពង្រឹងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលដែលមានសក្តានុពលនានា សំដៅបង្កើតតម្លៃបន្ថែម និងធ្វើពិពិធកម្មការនាំចេញ។
លោក WANG Bing បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីកម្ពុជា ដែលបានគាំទ្រប្រតិបត្តិការរបស់ធនាគារចិននៅក្នុងប្រទេសកម្ពុជា ឧទាហរណ៍ដូចជាការប្រើប្រាស់ប្រាក់យន់តាមរយៈប្រព័ន្ធធនាគារដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងការបង្កើតការិយាល័យចិនមួយ (Chinese Desk) នៅក្រសួងពាណិជ្ជកម្មដើម្បីសម្រួលដល់ធុរជនចិនក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្ម។ល។
លោកក៏បានណែនាំអំពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ធនាគារចិន និងបានជម្រាបជូនលោករដ្ឋមន្ត្រីអំពីការរៀបចំយុទ្ធសាស្ត្រមួយចំនួនដើម្បីទាក់ទាញការវិនិយោគបន្ថែមពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើម «ផ្លូវ និងខ្សែក្រវាត់» របស់លោក ស៊ី ជិនពីងប្រធានាធិបតីដ៏អស្ចារ្យរបស់ចិន៕