លីកកំពូលកម្ពុជានាសប្តាហ៍ទី2 បានបញ្ចប់ទៅហើយ ដោយក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមដែលឈរនៅលើកំពូលតារាងជាបណ្តោះអាសន្ន ខណៈដែលក្រុមយុវជនអាយុក្រោម 18ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទីឈរនៅលេខរៀងចុងប៉ូចគេ។
បើងាកមកមើលអ្នកទាត់បាល់បញ្ចូលទីបានច្រើនជាងគេវិញនោះ គិតមកដល់ពេលនេះមានកីឡាករ 3រូបដែលកំពុងកាន់កាប់តំណែងនេះដែលរួមមានកីឡាករជប៉ុន 1រូប (Yudai Ogawa របស់ក្រុមអង្គរថាយហ្គឺរ) និងកីឡាករអាហ្វ្រិក 2រូប (Dzama Bata របស់ក្រុមក្រសួងការពារជាតិ និង Souleymaine Coulibaly របស់ក្លិបគិរីវង់សុខសែនជ័យ)។
គួររំឭកផងដែរថា កាលពីសប្តាហ៍ទី1 អ្នកដែលគ្រងតំណែងនេះ គឺកីឡាករ Souleymaine Coulibaly ដែលរកបាន 3គ្រាប់ក្នុងជំនួបជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី ខណៈដែលសប្តាហ៍នេះកីឡាករ Yudai Ogawa រកបាន 3គ្រាប់ដែរក្នុងការប្រកួតជាមួយក្រុមកំពង់ចាម និង Dzama Bata រកបានគ្រាប់បាល់នៅក្នុងជំនួបជាមួយក្រុមណាហ្គាវើលដ៍៕