អាងហែលទឹកនៅក្នុងពហុកីឡដ្ឋានជាតិដែលបើកឱ្យដំណើរការតាំងពីឆ្នាំ1963មកនោះ ត្រូវបានបើកធ្វើការជួសជុលឡើងវិញកាលពីពេលកន្លងមក ហើយមកទល់នឹងពេលនេះ ដំណើរការជួសជុល និងសាងសង់ឡើងវិញនេះសម្រេចបានប្រហែលជា 60ភាគរយហើយ ហើយបើតាមគម្រោង ការងារនេះអាចនឹងបញ្ចប់ជាស្ថាពរនៅដើមខែមិថុនា។
អាងហែលទឹកនេះត្រូវបានជួសជុល និងសាងសង់ឡើងសាជាថ្មី ក្រោមជំនួយឧបត្ថម្ភពីសប្បុរសជននានាក្នុងវិស័យកីឡាហែលទឹកនេះតាមរយៈការកៀងគរពីសំណាក់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាប្រធាននៃសហព័ន្ធកីឡាហែលទឹកកម្ពុជា។
គួរបញ្ជាក់ផងដែរថា អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានខូចខាតស្ទើរតែទាំងស្រុងបន្ទាប់ពីសង្គ្រាមផ្ទៃក្នុងប្រទេសបានរលត់ទៅ និងបច្ចុប្បន្នត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើការរៀបចំជួសជុល និងសាងសង់ឡើងវិញកាលពីចុងឆ្នាំ2018 ក្រោមអធីបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា ដោយអាងហែលទឹកថ្មីនេះនឹងរៀបចំសាងសង់ឡើងតាមលក្ខណៈស្តង់ដាទំនើបសម័យថ្មី ដែលមិនខុសគ្នាពីអាងហែលទឹកធំៗមួយចំនួនលើពិភពលោកឡើយ៕