ការប្រកួតបាល់ទាត់ជម្រើសជើងឯកយុវជនអាយុក្រោម 15ឆ្នាំ 17ឆ្នាំ និងលីកបាល់ទាត់នារីកម្រិតទី1 និងទី2 ឆ្នាំ2018 ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការបិទបញ្ចប់ជាស្ថាពរហើយ ដោយបានរកឃើញជើងឯកអស់រួចរាល់ហើយ។
នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ទាំងអស់ត្រូវបានធ្វើរួមគ្នានៅក្នុងទីលាននៃវិទ្យាល័យហ៊ុន សែន ខ្លាកូន របស់សាលាតម្រង់ទិសនៃខេត្តបន្ទាយមានជ័យ ;ដោយពានយុវជន U15 បានទៅក្រុមសាលាតម្រង់ទិសខេត្តបាត់ដំបង ឯពានរង្វាន់ U17 បានទៅលើក្រុមសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង ចំណែកលីកបាល់ទាត់នារីកម្រិតទី1 ក្រុមសាលាតម្រង់ទិសខេត្តស្វាយរៀងជាក្រុមដែលគ្រងតំណែងជើងឯក ឯក្រុមសាលាតម្រង់ទិសខេត្តកំពង់ចាមបានលើកពានលីកបាល់ទាត់នារីកម្រិតទី2។
ការប្រកួតដណ្ដើមពានរង្វាន់ទាំងនេះមានការចូលរួមពីសាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំង 25រាជធានី-ខេត្ត ដើម្បីចម្រាញ់ធនធានកីឡាករ-កីឡាការិនីឆ្នើមៗត្រៀមស៊ីហ្គេមឆ្នាំ2023 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕