ដូចអ្វីដែលបានគ្រោងទុកនោះ គឺស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទី1) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការឡើងវិញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមលោក ហ៊ីដេហ៊ីសា ហូរីណូឈិ(Hidehisa HORINOUCHI) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជានាព្រឹកថ្ងៃទី3 ខែមេសា ម្សិលមិញនេះ បន្ទាប់ពីបានដំណើរការជួសជុលកែលម្អឡើងវិញអស់រយៈពេលពេលជិត 2ឆ្នាំរួចមក។
ដោយសារការខិតខំប្រឹងប្រែងលើការងារជួសជុលទាំងភាគីជប៉ុន និងកម្ពុជាដោយបានធ្វើការទាំងថ្ងៃទាំងយប់នោះ ធ្វើឱ្យការជួសជុលត្រូវបានបញ្ចប់មុនកាលកំណត់ និងបានជ្រើសយកថ្ងៃទី3 ខែមេសាម្សិលមិញនេះជាថ្ងៃដាក់ឱ្យដំណើរការឡើងវិញដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការជួសជុលស្ពាននេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ជប៉ុន និងកម្ពុជា។ ក្រោយពីការជួសជុលចប់រួចរាល់ ស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះអាចប្រើបានរយៈពេល 50ឆ្នាំទៅមុខទៀត។
ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បន្ថែមទៀតថា ការជួសជុលស្ពាននេះបានចំណាយថវិកាអស់ប្រមាណ 30លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
ស្ពានជ្រោយចង្វារទី1 គឺជាស្ពានដែលមានតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញ ឆ្លងកាត់លើទន្លេសាបទៅតំបន់ត្រើយម្ខាងដែលបានសាងសង់ឡើង និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ1963តាមរយៈជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពាននេះមានប្រវែង 971ម៉ែត្រ និងមានទទឹងទំហំ 13ម៉ែត្រ។
ប៉ុន្តែដោយសារសង្គ្រាមស៊ីវិលក្នុងអំឡុងទសវត្សរ៍ឆ្នាំ1970 (ឆ្នាំ1972 ពេលប្រទេសកម្ពុជាជួបភ្លើងសង្គ្រាម) ស្ពានត្រូវទទួលរងនូវការខូចខាតស្ទើរតែទាំងស្រុង។ អំឡុងនៃពេលការដាច់ស្ពាននោះបានធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកជាខ្លាំងក្នុងការធ្វើដំណើរ ដោយត្រូវជិះទូក ឬកាណូតដឆ្លងកាត់ទន្លេដ៏ធំមួយនេះ។ រហូតមកដល់ឆ្នាំ1992 ទើបស្ពាននេះត្រូវបានជួសជុល និងស្ដារលទ្ធភាពឡើងវិញ ;ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយបានបើកឱ្យដំណើរការជាថ្មីម្ដងទៀតនៅឆ្នាំ1996 និងបានក្លាយជាច្រករបៀងសេដ្ឋកិច្ចយ៉ាងសំខាន់ដែលតភ្ជាប់រាជធានីភ្នំពេញទៅ បណ្ដាខេត្តភាគខាងកើតឆៀងខាងជើងផ្សេងៗរបស់ប្រទេសកម្ពុជា។
នៅពេលនោះស្ពានជ្រោយចង្វារទី1នេះត្រូវបានដាក់ឈ្មោះថ្មីថា «ស្ពានមិត្តភាពកម្ពុជា-ជប៉ុន» ហើយស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូនទំនិញមកកាន់ទីក្រុងភ្នំពេញ។
ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលដែលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដែលដំណើរការជួសជុលឡើងវិញនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់ជួសជុលនៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 និងពានបញ្ចប់មុនកាលកំណត់ និងជ្រើសយកថ្ងៃទី3 ខែមេសាម្សិលមិញនេះ ដាក់ឱ្យដំណើរការឡើងវិញដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។
ដើម្បីបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់គន្លងផ្លូវនៅលើស្ពានដល់ប្រជាពលរដ្ឋខ្មែរនោះ នៅលើស្ពានជ្រោយចង្វារចាស់ដែលទើបជួសជុលហើយរួចរាល់នេះក៏មានរូបគំនូរម៉ូតូសម្រាប់ផ្លូវម៉ូតូ និងរូបមនុស្សដើរលើគន្លងផ្លូវថ្មើរជើងផងដែរ។ ក្រៅពីនោះក៏មានការអញ្ជើញសិស្សានុសិស្សទៅទស្សនកិច្ចនៅលើស្ពាន និងអប់រំពួកគេអំពីការប្រើប្រាស់ផ្លូវនៅលើស្ពាននោះផងដែរ៕