ទោះបីជាក្រុមស្ថិតនៅកំពូលតារាងក៏ដោយលោក Conor Nestor Lauren គ្រូបង្វឹកបង្គោលរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបាននិយាយថា ក្រុមរបស់លោកមិនទាន់ហ៊ានរំពឹងពីការលើកពានរង្វាន់លីកកំពូលនៅឡើយទេ ទោះបីជាក្រុមរបស់លោក កំពុងឈរលើកំពូលតារាង និងមិនទាន់ស្គាល់ពាក្យថាចាញ់ក៏ដោយ។
ក្នុងកិច្ចសម្ភាសក្រោយពីបញ្ចប់ការប្រកួត លោក Conor បានបញ្ជាក់ថា លោកមានការពេញចិត្តចំពោះការខិតខំប្រឹងប្រែងរបស់កូនក្រុម ប៉ុន្តែក្រុមលោកនៅមានចន្លោះខ្វះខាតនៅឡើយ ដូចនេះអ្វីដែលលោកត្រូវគិតជាបន្តទៀត គឺកែប្រែចំណុចខ្វះខាតទាំងនោះនៅក្នុងការប្រកួតលើកក្រោយៗទៀត និងមិនទាន់ហ៊ានរំពឹងដល់រឿងលើកពានរង្វាន់លីកកំពូលរបស់កម្ពុជានៅឡើយ ដោយសារតែនៅសល់ច្រើនជាង 20ប្រកួតទៀតឯណោះ។
គួរបញ្ជាក់ផងដែរថា ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ព្រះខ័នរាជស្វាយរៀង មួយនេះកំពុងតែឈរនៅលេខរៀងទី1 មាន 6ពិន្ទុពេញ ដោយបានប្រកួត 2ដង ឈ្នះទាំង 2ប្រកួត និងទាត់បាល់បញ្ចូលទីបាន 3គ្រាប់ ហើយមិនទាន់របូតគ្រាប់បាល់ 1គ្រាប់នៅឡើយ៕