ការសរសេរសារណា ជាកត្តាសំខាន់មួយដែលត្រូវគិតគូរមុននឹងបញ្ចប់ការសិក្សា ព្រោះវាជាអ្នកកំណត់វាសនារបស់និស្សិត ដែលបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរួចមក។ នៅក្នុងការសិក្សាមហាវិទ្យាល័៍យ និស្សិតអាចមានជម្រើសដើម្បីសរសេរសារណា សរសេររបាយការណ៍ ឬប្រឡងបញ្ចប់ការសិក្សា ដូច្នេះខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនសម្រាប់និស្សិតទាំងឡាយនៅកម្ពុជាក្នុងការសម្រេចិត្តសរសេរសារណា។
1/ ពេលវេលា
អ្នកសិក្សាភាគច្រើន មានបញ្ហាមមាញឹកច្រើននៅក្នុងការសិក្សា ជាពិសេសនៅកម្ពុជា។ មាននិស្សិតខ្លះរៀន 2 មហាវិទ្យាល័យ ឬខ្លះទៀតធ្វើការផងរៀនផង និងខ្លះទៀតរៀនតែមួយមុខគត់ តែពិបាកលៃពេលដើម្បីសរសេរសារណា។ ទោះជាក្នុងលក្ខខណ្ឌណាក៏ដោយ ការរៀបចំពេលវេលា ឬតារាងផែនការក្នុងការធ្វើសកម្មភាពចងក្រង និងសរសេរតាមដំណាក់កាលជារឿងដែលមិនគួរមើលរំលងឡើយ។ និស្សិតជាច្រើន មានពេលវេលាច្រើន តែនៅពេលដែលពួកគាត់សរសេរសារណាបែរជាធ្វើយឺតជាងគេបំផុត ឬអាចយឺតពេលក៏មាន។ បញ្ហានេះ មកពីពួកគេមើលងាយស្ថានការណ៍ ហើយមិនចាប់អារម្មណ៍ពីការបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ។
2/ មានឯកសារ
ការសរសេរ ជាពិសេសសារណា ត្រូវការឯកសារជាចាំបាច់ ប្រសិនបើអ្នកសិក្សាមិនមានលទ្ធភាពស្វែងរកឯកសារគ្រប់គ្រាន់ដើម្បីសរសេរទេនោះ អត្ថបទដែលគេសរសេរនោះនឹងមិនមានតម្លៃ។ សារណា ត្រូវការភាពលម្អិត និងអត្ថន័យគ្រប់គ្រាន់ ព្រោះវាជាការចងក្រងឯកសារផ្លូវការដើម្បីទុកឱ្យនិស្សិតជំនាន់ក្រោយសិក្សាស្រាវជ្រាវ ហេតុនេះអ្នកសរសេរសារណាមិនគួរធ្វេសប្រហែសនោះទេចំពោះការដកស្រង់ឯកសារយោងនានា។
3/ ត្រៀមខ្លួនសម្រាប់ការបកស្រាយ
ពេញរយៈពេល 4 ឆ្នាំ ឬច្រើនជាងនេះនៃការសិក្សានៅមហាវិទ្យាល័យ និស្សិតត្រូវចាំបាច់ធ្វើបទបង្ហាញរាប់មិនអស់ លើមុខវិជ្ជានីមួយៗដែលខ្លួនបានរៀន។ មាននិស្សិតខ្លះ ចង់សរសេរសារណា តែគាត់មិនអាចទទួលជោគជ័យក្នុងបទបង្ហាញ ហេតុនេះឯកសារតែមួយមុខក៏មិនគ្រប់គ្រាន់នោះដែរ។ អ្នកសិក្សាគួរត្រៀមខ្លួនដើម្បីនិយាយតាមរយៈការហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះ មើលវីដេអូ និងការចូលមើលសិស្សច្បងដែលបានធ្វើបទបង្ហាញមួយឆ្នាំមុនរហូតដល់ឆ្នាំដែលយើងត្រូវសរសេរ៕