ក្លិបបិសាចក្រហម Manchester United បានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិស៊ុយអែត Victor Lindelof ពីក្លិប Benfica ក្នុងតម្លៃខ្លួន 30.7លានផោន (ស្មើនឹង 39លានដុល្លារអាមេរិក)។
ក្រោយពីបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League តាមរយៈការឈ្នះពាន Europa League ដើម្បីបន្ថែមទៅលើពាន EFL Cup និង Community Shield របស់ពួកគេ ទើបការផ្តោតអារម្មណ៍ផ្សេងៗរបស់ក្រុម Man United បានធ្លាក់ទៅលើការពង្រឹងក្រុមរបស់ខ្លួនភ្លាមៗ។ ខ្សែការពារកណ្តាលរូបនេះបច្ចុប្បន្ននឹងក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់លោក Jose Mourinho នៅរដូវក្តៅនេះ ក្រោយពី Man United បានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្រុមម្ចាស់ជើងឯកព័រទុយហ្គាល់ Benfica។
ក្លិប Man United របស់ក្របខ័ណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍មួយលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ «ក្លិប Manchester United ពិតជារីករាយណាស់ក្នុងការប្រកាសថា យើងបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិប Benfica ដើម្បីនាំយក Victor Lindelof ខណៈដែលការផ្ទេរនេះនឹងត្រូវបំពេញក្រោយពីការត្រួតពិនិត្យសុខភាព ការជម្រះបញ្ហាអន្តរជាតិ និងការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗរួច»។ ក្លិបបិសាចក្រហមមួយនេះ បានបន្ថែមទៀតថា៖ «សេចក្តីប្រកាសបន្ថែមទៀតនឹងត្រូវធ្វើឡើងនៅពេលដែលការផ្ទេរនេះបំពេញជាផ្លូវការ»។ Lindelof បានអភិវឌ្ឍខ្លួនចេញពីក្រុមយុវជនរបស់ Benfica មុននឹងចូលលេងក្នុងក្រុមឈុតធំចាប់ពីឆ្នាំ 2013 ដោយបានបង្ហាញខ្លួនសរុប 48លើក និងបានស៊ុតបាល់បញ្ចូលទី 2គ្រាប់៕
ប្រភពពី៖ The Guardian