ក្រោយពីក្លាយជាម្ចាស់កម្មសិទ្ធិលើមុខជំនួញទូរស័ព្ទបន្តពី Nokia រហូតដល់លក់ផ្នែកខ្លះទៅឱ្យក្រុមហ៊ុន HMD គ្រប់គ្រងបន្ត មុខជំនួញស្មាតហ្វូនត្រកូល Lumia របស់ Microsoft ហាក់នៅតែមិនប្រសើរឡើងសោះ ដោយរបាយការណ៍ហិរញ្ញវត្ថុជំនួញទូរស័ព្ទប្រចាំត្រីមាសទី 3 របស់ខ្លួនគិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2017 តួលេខបង្ហាញថាមានចំណូលត្រឹម 5លានដុល្លារប៉ុណ្ណោះ។
ទោះបីជាបែបនេះក្ដី Microsoft នៅតែមិនអស់អាល័យនឹងប្រព័ន្ធប្រតិបត្តិការ Windows Phone ដែលខំប្រើពេលជាយូរកសាងឡើងនោះឡើយ ដោយថ្មីៗនេះមានព័ត៌មានបង្ហាញថា ក្រុមហ៊ុនកំពុងត្រៀមខ្លួនបង្កើតស្មាតហ្វូនត្រកូល Surface Mobile ដែលមានសមត្ថភាពខ្លាំង និងមានមុខងារប្លែកខុសពីទូរស័ព្ទដទៃ។ មួយវិញទៀត វាក៏អាចប្រើជំនួសឱ្យកុំព្យូទ័រ ដោយត្រឹមតែបន្ថែមនូវដុំ Microsoft Display Adapter ស្រដៀងនឹងកាលពីស៊េរីទូរស័ព្ទ Lumia 950 XL ដែរ។
ប្រភពនោះបានបន្ដទៀតថា Surface Mobile អាចនឹងបំពាក់នូវប៊ិច Surface Pen ដែលប្រើប្រាស់សម្រាប់ធ្វើការកត់ត្រាចំណាំអ្វីមួយទៀតផង។ ចំណុចពិសេសមួយទៀត វាប្រហែលជាអាចដំឡើងកម្មវិធីដូចកុំព្យូទ័រ (.exe)ដែរ។
ទូរស័ព្ទស៊េរីក្រោយនេះ នឹងផ្តោតសំខាន់ទៅលើសមត្ថភាពជាចម្បង ពោលគឺ Microsoft ចង់អោយវា អាចប្រើប្រាស់់បានខុសពីទូរស័ព្ទធម្មតា។ ទីមួយនោះគឺវានឹងអាចប្រើ ជំនួសជាម៉ាស៊ីនកុំព្យូទ័របាន ដោយគ្រាន់តែដោតតភ្ជាប់វាជាមួយនឹងដុំបំបែកមួយប៉ុណ្ណោះ។ មួយវិញទៀតនោះ វាក៏អាចនឹងមានភ្ជាប់មក ជាមួយនឹងប៊ិច Surface Pen សម្រាប់ធ្វើការកត់ត្រាចំណាំអ្វីមួយជាដើម។ ថ្វីត្បិតតែវាគឺជាទូរស័ព្ទ ដែលមានទំហំតូចក្តី តែ Microsoft អាចនឹងកែច្នៃ Software វាអោយអាចដំឡើង កម្មវិធីប្រភេទ .exe រឺ win32 បាន ដែលនេះនឹងធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ខ្លួនកំពុងកាន់កូនកុំព្យូទ័រតូចមួយតាមខ្លួន។
និយាយរួមមក ទីផ្សារ Windows phone គឺពិតជាពិបាកជ្រៀតចូលណាស់ ព្រោះអីស្មាតហ្វូនគឺជា ឧបករណ៍សម្រាប់ទំនាក់ទំនង និងកំសាន្ត។ ចំណែកឯ Windows Phone វិញគឺបង្កើតឡើងក្នុងគោលបំណង សម្រាប់បំពេញកិច្ចការងារផ្សេងៗ ដូចកុំព្យូទ័រដែរ ជាហេតុធ្វើឱ្យវាមានភាពលំបាកក្នុងការទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់។ យ៉ាងណាមិញ យើងមិនទាន់អាចកាត់សេចក្តីបាននោះទេ ពោលគឺយើងនឹងរង់ចាំមើលថាតើ Microsoft Surface Mobile វាមានលក្ខណៈពិសេសអ្វីខ្លះ ហើយតើពេលណាទៅ ទើបវាបង្ហាញខ្លួនជាផ្លូវការ?