នេះជាថ្ងៃទីពីរហើយដែលពិព័រណ៍អន្តរជាតិស្ដីពី «ស្ថាបត្យកម្ម និងការតុបតែងនៅកម្ពុជា» បានប្រព្រឹត្តទៅ ក្នុងនោះគេសង្កេតឃើញថា មានកំណើននៃអ្នកចូលរួមមានការកើនឡើង។
ពិធីតាំងពិព័រណ៍អន្តរជាតិដែលប្រព្រឹត្ដទៅរយៈពេល 3ថ្ងៃចាប់ពីថ្ងៃ 08-11 ខែមិថុនា ឆ្នាំ 2017 ដែលរៀបចំឡើងនៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ នៅថ្ងៃទី1 មានពាណិជ្ជករចូលទស្សនា រង្វង់ 1,164នាក់ និងនិស្សិតចំនួន 357នាក់ មានកំណើន 30-40% ធៀបទៅនឹងឆ្នាំ 2016។ នៅថ្ងៃនេះមានពាណិជ្ជករ 1,172នាក់ និងនិស្សិត 512នាក់មានកំណើនរង្វង់ 30% ធៀបទៅឆ្នាំ2017។
ពិធីនេះរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ស្ថាបត្យករ និងអ្នកតុបតែងទាំងអស់ឱ្យបានឃើញនូវសម្ភារទំនើបៗ សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ និងមានភាពរីកចម្រើន។ក្នុងនោះក៏មានការជួបជុំរវាងស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធ អំពីគំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់នៅក្នុងវិស័យនេះដែលមានការចូលរួមពីក្រុមហ៊ុនល្បីៗក្នុង និងក្រៅស្រុកចំនូន150 ដែលមានកំណើន 25% ធៀបទៅនឹងឆ្នាំ2016 ក្នុងនោះមានការចូលរួមពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និងប្រទេសចិនជាដើម៕