ក្រុមហ៊ុនរថយន្ត Lexus បានប្រកាសថានឹងចេញរថយន្តម៉ូឌែលថ្មីនាខែក្រោយនេះក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Motor Show ឆ្នាំ2019 ហើយគេហទំព័រព័ត៌មានរថយន្ត Lexus Enthusiast បង្ហាញជំនឿជាក់ថារថយន្តចេញថ្មីនេះអាចជាប្រភេទរថយន្ត Minivan។
មានហេតុផលជាច្រើនដែលនាំឱ្យគេហទំព័រខាងលើជឿជាក់ថារថយន្ត Lexus ម៉ូឌែលថ្មីជាប្រភេទរថយន្ត Minivan។ ហេតុផលដំបូងគឺ មានតែក្រុមហ៊ុន Lexus ប្រទេសចិន និង Lexus នៃកោះតៃវ៉ាន់តែប៉ុណ្ណោះ ដែលប្រកាសពីការបញ្ចេញរថយន្តម៉ូឌែលថ្មីនេះ ខណៈពេលដែលរថយន្តប្រភេទ Minivan កំពុងត្រូវប៉ាន់ខ្លាំងនៅប្រទេសចិន រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ។
ហេតុផលមួយទៀតគឺ ការប្រកាសរបស់ Lexus នៃកោះតៃវ៉ាន់ មានអមដោយពាក្យថា ”The Luxury of Space” ដែលពាក្យ ”Space” ប្រហែលជាចង់សំដៅលើរថយន្តដែលមានទំហំធំទូលាយ ស៊ីគ្នានឹងរថយន្ត Minivan ផ្ទាល់តែម្ដង។
គេហទំព័ររថយន្ត Lexus Enthusiast ក៏បានរំឭកថា Lexus បានចុះកម្មសិទ្ធិបញ្ញាលើម៉ូឌែល LM 350 និង LM 300h កាលពីឆ្នាំមុន ហើយពាក្យពេញនៃពាក្យ LM នេះអាចជា ”Lexus Minivan” ឬ ”Luxury Minivan” ក៏ថាបាន៕