មនុស្សម្នាក់ៗថ្វីដ្បិតតែទទួលបានការអប់រំជាមួយគ្នា រស់នៅក្នុងបរិស្ថានស្រដៀងគ្នា និងក្នុងប្រទេសតែមួយជាមួយគ្នា តែមិនប្រាកដថា នឹងទទួលបានលទ្ធផលក្នុងជីវិតដូចគ្នានោះទេ។ បញ្ហានេះកើតឡើងដោយសារតែមនុស្សម្នាក់ៗមានទម្លាប់ក្នុងការគិត និងរបៀបរបបនៃការអនុវត្តខុសគ្នាទាំងក្នុងការរស់នៅប្រចាំថ្ងៃក្នុងការងារ និងក្នុងអាជីវកម្មជាដើម។
ការគ្រប់គ្រងខ្លួនឯង និងកំណត់ការងារជាអាទិភាពជារឿងសំខាន់មួយដែលអាចធ្វើឱ្យមនុស្សមានប្រសិទ្ធភាពការងារខ្ពស់ ព្រោះវាអាចជួយឱ្យមនុស្សផ្តោតលើភាពសំខាន់នៃការងារបានល្អ។ លោក នឹម ឈុន្នី ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy បានលើកឡើងថា ការរៀបចំ និងកំណត់អាទិភាពការងារពីរឿងសំខាន់ទៅរឿងមិនសូវសំខាន់អាចជួយដល់ការរស់នៅច្រើនណាស់ ជាពិសេសសម្រាប់អ្នកធ្វើការងារ ព្រោះយើងម្នាក់ៗមានការងារច្រើនណាស់ដែលត្រូវបំពេញក្នុងមួយថ្ងៃៗ ហេតុនេះប្រសិនបើគ្មានផែនការច្បាស់លាស់ យើងអាចមានការលំបាក ហើយមិនដឹងថាត្រូវចាប់ផ្តើមមួយណាមុន។ ការធ្វើបែបនេះក៏ជាការកំណត់ពីគោលដៅសំខាន់សម្រាប់សកម្មភាពប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាពផងដែរ ព្រោះមនុស្សម្នាក់ៗមិនអាចធ្វើរឿងច្រើនពេកក្នុងមួយថ្ងៃនោះទេ។ ប្រសិនបើចង់ឱ្យការងារនោះធ្វើទៅបានល្អ លុះត្រាតែការងារនោះត្រូវបានរៀបចំឱ្យមានរបៀបរៀបរយ ហើយមានការផ្តោតអារម្មណ៍ទៅលើវា។
លោក នឹម ឈុន្នី បាននិយាយថា៖ “វិធីសាស្រ្តល្អបំផុតក្នុងការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាព គឺគួររៀបចំជារៀងរាល់ព្រឹក ដើម្បីដឹងឱ្យច្បាស់មុនពេលចាប់ផ្តើមការងារថា ថ្ងៃនេះយើងមានការងារអ្វីខ្លះដែលត្រូវបំពេញឱ្យចប់ ឬជាការងារអាទិភាព ហើយការងារណាខ្លះដែលត្រូវធ្វើមុន និងការងារត្រូវធ្វើជាបន្ទាប់”។
លោក ឈុន្នី បានបន្ថែមទៀតថា ការធ្វើបែបនេះអាចធ្វើឱ្យយើងគ្រប់គ្រងពេលវេលាបានល្អ ព្រោះការងារធ្វើចំគោលដៅ ហើយអាចសល់ពេលសម្រាប់ធ្វើរឿងជាច្រើនផ្សេងទៀតផង។ នៅតាមស្ថាប័នខ្លះគេព្យាយាមជំរុញ និងលើកទឹកចិត្តឱ្យបុគ្គលិកកំណត់ការងារឱ្យមានរបៀបរៀបរយ ដោយការកំណត់ផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់ជារៀងរាល់ថ្ងៃ ឬជារៀងរាល់សប្តាហ៍។ នៅពេលដែលបុគ្គលិកដឹងច្បាស់ពីការងារអាទិភាពដែលត្រូវធ្វើហើយ ការងារក៏ចាប់ផ្តើមមានប្រសិទ្ធភាពខ្ពស់នៅគ្រប់ផ្នែកទាំងអស់ ដោយចំណាយពេលវេលាតិច តែបានលទ្ធផលការងារច្រើន។ ក្រៅពីនេះ សម្រាប់ការរស់នៅរបស់យើងម្នាក់ៗក៏ដូចគ្នាដែរ ប្រសិនបើយើងចេះថ្លឹងថ្លែង និងបែងចែកការងារឱ្យមានរបៀបយើងនឹងអាចរស់នៅដោយតុល្យភាព ហើយធ្វើបានល្អទាំងអស់ ទាំងការងារនៅក្នុងស្ថាប័ន និងតួនាទីនៅក្នុងគ្រួសារ។ ការចេះគ្រប់គ្រងខ្លួនឯងបែបនេះ អាចធ្វើឱ្យយើងទទួលបានភាពល្អប្រសើរទាំងក្នុងជីវិតការងារ និងក្នុងគ្រួសារ។
លោក សយ សាវុធ គ្រូបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ បានលើកឡើងថា ជីវិតជាជម្រើសរបស់យើងម្នាក់ៗ ហេតុនេះយើងត្រូវដឹងឱ្យច្បាស់ពីគ្រប់ដំណាក់កាល និងសកម្មភាពដែលនឹងធ្វើនៅគ្រប់ពេលវេលា។ ប្រសិនបើយើងមិនបានកំណត់ទិសដៅ និងអាទិភាពការងាររបស់យើងឱ្យបានច្បាស់លាស់ទេនោះ យើងនឹងក្លាយជាមនុស្សដែលវង្វេងវង្វាន់ ហើយធ្វើការងារមិនច្បាស់លាស់ ដែលជាប្រភពនៃភាពបរាជ័យ។ ក្រៅពីនេះ ការគ្រប់គ្រងខ្លួនឯងមិនបានល្អនឹងធ្វើឱ្យយើងខ្ជះខ្ជាយថាមពល ព្រោះរវល់តែរេចុះរេឡើងទៅតាមស្ថានការណ៍ និងអារម្មណ៍ដែលចំណុចទាំងអស់នេះបានផ្តល់ភាពអវិជ្ជមានដល់ខ្លួនឯង។
លោក សយ សាវុធ បាននិយាយថា៖ “នៅពេលដែលមនុស្សម្នាក់ៗមានការត្រៀមខ្លួនបានល្អ ស្គាល់ខ្លួនឯងច្បាស់ និងដឹងពីភាពសំខាន់នៃការងារបានល្អ នៅពេលនោះភាពរីកចម្រើននឹងចូលមករកគាត់បន្តិចម្តងៗ ដែលធ្វើឱ្យគាត់កាន់តែមានសមត្ថភាពអាចធ្វើរឿងធំៗជាងមុនបាន”។
ផ្ទុយមកវិញ លោក សាវុធ បានលើកឡើងថា ប្រសិនបើយើងជាមនុស្សដែលមិនបានត្រៀមខ្លួនឱ្យល្អ និងធ្វើការងារតាមតែអារម្មណ៍ និងភាពភ័យខ្លាច យើងនឹងជួបតែរឿងអវិជ្ជមានក្នុងដំណើរជីវិត ដែលនឹងធ្វើឱ្យយើងលំបាកអភិវឌ្ឍខ្លួន។ មានមនុស្សខ្លះមកដល់ពេលនេះហើយនៅតែមិនទាន់ច្បាស់ចំពោះខ្លួនឯង ហើយពេលទៅធ្វើការងារក៏មិនដឹងថា ខ្លួនឯងត្រូវធ្វើអ្វីខ្លះ គ្មានការត្រៀមខ្លួនឱ្យបានល្អ ហើយបណ្តែតបណ្តោយឱ្យចប់តែមួយថ្ងៃៗតែប៉ុណ្ណោះ។ សម្រាប់ជីវិតមនុស្សគ្មានទេពាក្យថា ហួសពេល ហេតុនេះគួរចាប់ផ្តើមស្វែងរកពេលវេលាល្អណាមួយ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯង និងដើម្បីកំណត់ឱ្យដឹងថា យើងចង់បានអ្វីពិតប្រាកដ ហើយភាពរីកចម្រើនបែបណាដែលយើងចង់ឱ្យវាក្លាយជាការពិតសម្រាប់ជីវិត ហើយរៀបចំសកម្មភាពសម្រាប់ការខិតខំប្រឹងប្រែងសម្រេចឱ្យបាន។ ពេលវេលាចេះតែទៅមុខ ហេតុនេះមនុស្សចាំបាច់ត្រូវតែមានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយការអភិវឌ្ឍនោះទៀតសោត ត្រូវកើតចេញពីយើងខ្លួនឯងផ្ទាល់៕