រយៈពេលកន្លងមក នៅលើទីផ្សារគេឃើញមានលក់បន្លែ និងផ្លែឈើនាំចូលពីប្រទេសជិតខាងដែលមិនច្បាស់ថាមានប្រើសារធាតុគី ឬអត់នោះទេ តែនាពេលបច្ចុប្បន្ននេះគេឃើញមានលក់កសិផលក្នុងស្រុកដែលប្រជាកសិករយើងមានការយល់ដឹងច្រើនជាងមុន និងមិនប្រើជាតិគីមីច្រើនដូចមុនទៀតឡើយ ដែលរួមមានបន្លែប្រភេទហូបស្លឹកដូចជា ស្ពៃ សាលាដ ខាត់ណា ស្ពៃក្តោប ស្ពៃចង្កឹះ-ល- បន្លែប្រភេទឡើងទ្រើង ដូចជា ត្រឡាច ននោង ត្រសក់ ម្រះ និងបន្លែប្រភេទផ្លែ មាន ប៉េងប៉ោះ ត្រប់ ម្ទេស ជាដើម ពិសេសដំណាំត្រប់ស្រួយដែលកំពុងមានតម្រូវការទីផ្សារគួរឱ្យកត់សម្គាល់។
លោក ស៊ុន សុខខេង ជាប្រធានសហគមន៍ដាំបន្លែចម្រុះដ៏ធំមួយនៅក្នុងស្រុកចំការលើបានប្រាប់កាសែតឡារ៉ែនពាណិជ្ជឱ្យដឹងថា សហគមន៍លោកមានការដាំបន្លែគ្រប់ប្រភេទ មានដូចជា ស្ពៃ ត្រសក់ ឆៃថាវ ម្ទេសគ្រប់ប្រភេទ និងជាពិសេសគឺ ដំណាំត្រប់ស្រួយនេះតែម្តង ព្រោះវាមានតម្រូវការច្រើននៅលើទីផ្សារ និងការដាំមានរយៈពេលខ្លី ឆាប់បានទទួលផលច្រើន និងចំណេញពេលវេលាទៀតផង។
លោកបានបន្តថា ការដាំត្រប់ស្រួយនេះ គឺប្រើរយៈពេលត្រឹមតែ 2ខែកន្លះប៉ុណ្ណោះ ទាំងសាបព្រោះយកកូន និងដាក់ដាំ។ ការព្រោះគ្រាប់ពូជត្រប់ស្រួយ ត្រូវបានប្រជាកសិករយើងជ្រើសរើសយកគ្រាប់ពូជណាដែលសុទ្ធល្អ ដើម្បីកុំឱ្យមានការក្លាយខូចរូបរាងដើមរបស់វា ដោយយកគ្រាប់ដែលជ្រើសរើសរួចមកដាក់ត្រាំទឹករយៈពេល 2ម៉ោង ហើយចងវេចខ្ចប់យកមកត្រាំផ្អាប់ក្នុងទឹកត្រជាក់ ឬទឹកកករយៈពេល3 ទៅ 4ថ្ងៃបន្តទៀតដែលជាការសាកល្បងដើម្បីការពារខ្លាចក្រែងវាពុំដុះ និងត្រូវរង់ចាំរហូតដល់គ្រាប់វាដុះពន្លកឡើងខ្លះៗជាមុនសិន ទើបអាចយកទៅដាក់ដាំបាន។
វិធីដាំដុះតាមបច្ចេកទេស គឺត្រូវធ្វើដីឱ្យល្អ រួចឆូតជារងទាបៗមានទទឹងជាងកន្លះម៉ែត្រ គ្របសំពត់កៅស៊ូដែលចោះប្រហោង រួចយកកូនត្រប់ស្រួយមកដាក់ដាំឃ្លាតពីគ្នាប្រវែង 1ម៉ែត្រ ហើយត្រូវស្រោចទឹក និងដាក់ជីអាចម៍គោតិចៗពីលើ។
រដូវដាំត្រប់ស្រួយ គឺគេច្រើនដាំចាប់ពីខែឧសភា ដល់ខែធ្នូ ដោយពេញ1រដូវដែលជាអាយុកាលរបស់វា នៅក្នុងផ្ទៃដីទំហំ 20×50ម៉ែត្រ គេអាចប្រមូលផលផ្លែត្រប់ស្រួយបានប្រមាណពី 20គីឡូឡើងទៅដល់ 90គីឡូរៀងរាល់ 2ថ្ងៃម្ដង ឬ1អាទិត្យ 3ដង ហើយបរិមាណនេះអាចនឹងថយចុះមកវិញ នៅពេលដែលដើមវាចាស់។
ចំណែកកសិករដែលដាំត្រប់ស្រួយនៅក្នុងសហគមន៍បានឱ្យដឹងថា មន្ត្រីកសិកម្មបានជួយណែនាំពីបច្ចេកទេសក្នុងការដាំឱ្យទទួលបានផលល្អ និងមិនសូវនឿយហត់ ហើយដំណាំត្រប់ស្រួយនេះបានជួយធ្វើឱ្យជីវភាពរបស់ពួកគាត់បានធូរធារឡើងគួរសម។
លោក សុខខេង ប្រធានសហគមន៍ខាងលើបានឱ្យដឹងថា៖ “សហគមន៍កសិករក្នុងស្រុកចំការលើរបស់លោក ភាគច្រើនដែលមានដីចម្ការទំហំតូចៗត្រឹមតែ10-20អា បានរួមគ្នាដាំត្រប់ស្រួយ ដែលសរុបទៅបានប្រហែល 2ហិកតាដែរនៅក្នុងមូលដ្ឋានរបស់លោក”។
លោកបញ្ជាក់ថា៖“បើដាំដុះ និងថែទាំបានល្អក្នុងទំហំដី 2ហិកតានេះ គឺក្នុង1ថ្ងៃយើងអាចទទួលផលបានពី 300-400គីឡូក្រាមដែរ ពោលគឺក្នុង1ខែយើងមានចំណូលពីការលក់បន្លែត្រប់ស្រួយនេះក្នុងទឹកប្រាក់ប្រមាណ 7 ទៅ 8លានរៀលដែរ ដោយលក់បានក្នុង1គីឡូក្រាមតម្លៃពី1000ទៅ1,200រៀល ហើយមានឈ្មួញមកម៉ៅទិញដល់ទីតាំងតែម្តង ហើយដំណាំត្រប់ស្រួយនេះ យើងអាចប្រមូលផលបានជាប់រហូតដល់ 3ខែ”។
លោក សុខខេង បានអំពាវនាវឱ្យប្រជាកសិករខ្មែរយើងងាកមកដាំបន្លែត្រប់ស្រួយនេះវិញ ព្រោះវាទទួលបានផលល្អប្រសើរ និងជាប្រភេទបន្លែសម្រាប់ធ្វើជាម្ហូបអាហារបានច្រើនយ៉ាង និងធ្វើជាអន្លក់ក៏បានដែរ ហើយជាប្រភេទបន្លែដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារ។
ម្យ៉ាងទៀតដើម្បីរក្សាស្ថិរភាពតម្លៃ និងបរិមាណផ្គត់ផ្គង់ សហគមន៍លោកត្រូវបានអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះមកជួយរៀបចំជាសហគមន៍ផលិតបន្លែ និងបានចុះកិច្ចសន្យាជាមួយដៃគូវិស័យឯកជនប្រមូលទិញកសិផលក្នុងតម្លៃសមរម្យ និងខាងក្រសួងបានចុះមកវាយតម្លៃលើស្តង់ដាផលិតផលដើម្បីផ្តល់វិញ្ញាបនបត្រ GAP ដល់សហគមន៍របស់លោកដើម្បីធានាពីភាពត្រឹមត្រូវខាងគុណភាព និងសុវត្ថិភាព ដើម្បីបង្កើនការជឿទុកចិត្តដល់អ្នកបរិភោគ។
ចំពោះមហិច្ឆតាក្នុងការធ្វើចម្ការដំណាំបន្លែធម្មជាតិនេះ លោក សុខខេង បានបញ្ជាក់ឱ្យដឹងដែរថា៖“សហគមន៍របស់លោកនឹងធ្វើពង្រីកការដាំដុះបន្លែត្រប់ស្រួយបន្ថែមទៀត ដោយនឹងពង្រីកផ្ទៃដីប្រមាណជា 2ហិកតាថែមទៀតក្នុងរយៈពេលដ៏ខ្លីខាងមុខ ព្រោះដំណាំនេះផ្តល់ផលលឿន និងបានកម្រៃអាចទទួលយកបាន”។
យោងតាមឯកសារកសិកម្មត្រប់ស្រួយជាដំណាំបន្លែមួយប្រភេទដែលប្រជាជនខ្មែរភាគច្រើន ស្គាល់ និងចូលចិត្តបរិភោគ តែមានមនុស្សតិចណាស់ដែលស្គាល់ពីគុណប្រយោជន៍របស់វា។ ត្រប់ស្រួយមានគុណប្រយោជន៍ អាចជួយកាត់បន្ថយជាតិស្ករក្នុងសរសៃឈាម ព្រោះត្រប់ប្រភេទនេះ បញ្ចេញប្រសិទ្ធភាពស្រដៀងៗ និង Insulin ដែលធ្វើឱ្យលំពែង អាចគ្រប់គ្រងជាតិស្ករ ក្នុងរាងកាយ ឱ្យស្ថិតក្នុងកម្រិតសមល្មមបាន ហើយថែមទាំងជួយកាត់បន្ថយជំងឺខាងប្រព័ន្ធរំលាយអាហារ និងការបន្ទោបង់ផងដែរ ជាងនេះទៅទៀតត្រប់ស្រួយអាចជួយកាត់បន្ថយការច្របាច់សាច់ដុំ ទប់ស្កាត់មហារីក ថែបំប៉នបេះដូង និងជួយដល់ការធ្វើការងាររបស់សរសៃឈាមទៀតផង។ នៅក្នុងត្រប់ស្រួយទម្ងន់100ក្រាម មានថាមពល 39កាឡូរី ប្រូតេអុីន 1.6ក្រាម ខ្លាញ់ 0.5ក្រាម កាបូន-អុីដ្រាត 7.1ក្រាម កាល់ស្យូម 7មិល្លីក្រាម ផូស្វ័រ 10មិល្លីក្រាម ជាតិដែក 0.8មិល្លីក្រាម ទឹក 90.0ក្រាម និងវីតាមីនC 24ក្រាម៕