ដោយសារតែមើលឃើញថានៅកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនពេក ដែលធ្វើឱ្យក្លាយជាឧបសគ្គសម្រាប់អ្នកវិនិយោគ និងម្ចាស់អាជីវកម្មនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រកាសលុបចោលថ្ងសឈប់សម្រាកចំនួន 7ថ្ងៃក្នុងមួយឆ្នាំ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យ និងទិវាផ្សេងៗ ដោយសារយើងពិនិត្យឃើញថា ថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៅកម្ពុជា មានចំនួនច្រើនជាងប្រទេសជិតខាង។ សម្រាប់កម្ពុជា នាពេលកន្លងមក យើងមានថ្ងៃឈប់សម្រាក ពី28ថ្ងៃ ទៅ30ថ្ងៃ ក្នុងមួយឆ្នាំ ខណៈប្រទេសជិតខាង ដូចជាវៀតណាមមានតែ13ថ្ងៃ ប្រទេសឡាវមានតែ12ថ្ងៃ ប្រទេសថៃមាន16ថ្ងៃ និងប្រទេសសិង្ហបុរី មាន12ថ្ងៃប៉ុណ្ណោះ។ សម្តេចបានបញ្ជាក់ផងដែរថា សម្តេចបានណែនាំដល់ក្រុមអន្ដក្រសួងស្ថាប័នដែលនៅក្រោមការសម្របសម្រួលរបស់គណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យពិនិត្យ និងលើកសំណើកាត់បន្ថយចំនួនថ្ងៃឈប់សម្រាក ហើយបានសម្រេចលុបថ្ងៃឈប់សម្រាក សរុបចំនួន7ថ្ងៃ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្ដ ចាប់ពីឆ្នាំ2020ទៅ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសាន៍ថា៖ «ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកការងារនេះ គឺមិនមែនមានន័យថា ជាការលុបបំបាត់ចោល ពិធីបុណ្យ ព្រះរាជពិធី និងទិវាជាតិអន្ដរជាតិ ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើយ៉ាងខ្ជាប់ខ្ជួនកន្លងមកនោះទេ ក៏ប៉ុន្ដែចំថ្ងៃប្រារព្ធពិធីនោះ មន្ដ្រីរាជការ ក្នុងវិស័យសាធារណៈ និងនិយោជិក កម្មករក្នុងវិស័យឯកជនទាំងអស់ ត្រូវបំពេញការងារជាធម្មតា»។
ទោះជាយ៉ាងនេះក្តីប្រមុខរាជរដ្ឋាភិបាលក៏បានស្នើរឱ្យពិចារណាក្នុងការលើកថ្ងៃឈប់សម្រាកនានាទៅបូកជាមួយថ្ងៃបុណ្យចូលឆ្នាំ និងថ្ងៃបុណ្យភ្ជុំឱ្យមានរយៈពេលយូរ។ ចំណែកឯថ្ងៃមួយចំនួនដែលមិនសូវចាំបាច់អាចកាត់បន្ថយថ្ងៃដើម្បីធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលដល់ការធ្វើអាជីវកម្មរបស់អ្នកវិនិយោគ៕