លោក Ole Gunnar Solskjaer បានសន្យាថា នឹងជួយឱ្យក្រុម Manchester United ឱ្យក្លាយជាម្ចាស់ជើងឯកម្តងទៀត ក្រោយពីបានផ្តល់ការជឿជាក់ដល់ម្ចាស់ក្លិបថា រូបលោកគឺជាអ្នកដែលអាចនាំថ្ងៃនៃភាពជ័យទៅឱ្យក្លិបនេះវិញ។
ក្រោយពីត្រូវបានប្រកាសតែងតាំងថា ជាអ្នកចាត់ការទូទៅអចិន្ត្រៃយ៍ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ ដែលនឹងផ្តល់ចំណូលប្រចាំឆ្នាំចំនួន7លានផោន (ស្មើនឹង9.14លានដុល្លារអាមេរិក) កាលពីថ្ងៃព្រហស្បតិ៍ លោក Solskjaer មិនបានព្យាយាមលាក់បាំងពីបញ្ហាប្រឈមនៅចំពោះមុខរបស់លោកឡើយ ខណៈដែលលោកបានរំឭកឱ្យកីឡាករចាប់ផ្តើមខិតខំព្យាយាមបន្ថែមទៀតចាប់ពីពេលនេះទៅ។
លោក Solskjaer បានឱ្យដឹងថា៖ «យើងកំពុងតែសម្លឹងឆ្ពោះទៅមុខ យើងត្រូវតែធ្វើការងារឱ្យកាន់តែខ្លាំង។ ខ្ញុំចង់ឱ្យ Man United ក្លាយជាក្រុមមួយក្នុងចំណោមក្រុមដែលខិតខំធ្វើការងារបំផុត និងក្លាយជាក្រុមខ្លាំងបំផុត ដែលអាចដណ្តើមយកលទ្ធផលផ្សេងៗ។ ពេលនេះកីឡាករដឹងថា ខ្ញុំស្ថិតនៅទីនេះជាងការរំពឹងទុក។ កីឡាករដែលមានមោទនភាពលើខ្លួនឯងពេក នឹងមិនរក្សាកៅអីក្នុងក្លិបនេះបានឡើយ»។
គ្រូបង្វឹករូបនេះបានប្រាប់អ្នកយកព័ត៌មាននៅ Old Trafford ថា៖ «ការឈ្នះពាន Premier League ម្តងទៀតគឺជាគោលដៅដែលយើងរំពឹងទុក ព្រោះវាជាគោលដៅដែលយើងស៊ាំ និងជាគោលដៅដែលយើងធ្វើបានសម្រេចជាច្រើនលើក»។
ក្នុងការដឹកនាំក្នុងរយៈពេលដ៏ខ្លីរបស់លោក លោក Solskjaer បានជួយឱ្យក្រុមបិសាចក្រហម វិលទៅកាន់ការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង4របស់ក្របខ័ណ្ឌ Premier League និងកំពុងត្រៀមលក្ខខណៈសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយ ជាមួយនឹងក្រុម Barcelona នៅខែក្រោយ។ បើទោះបីវិលទៅរកទម្រង់លេងយ៉ាងល្អក៏ដោយ ប៉ុន្តែ Man Utd បានរក្សាការដេញតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool ចំនួន18ពិន្ទុ និងតាមពីក្រោយក្រុមស្ថិតក្នុងទីក្រុងតែមួយ Manchester City ចំនួន16ពិន្ទុ៕