ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានភាពទាក់ទាញ ហើយស្ថិតនៅក្នុងតម្រូវការខ្ពស់ដដែល ដោយគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែមមាញឹកទាំងនៅរាជធានីភ្នំពេញ និងទាំងនៅបណ្តាខេត្តមួយចំនួនដែលកំពុងធ្វើការអភិវឌ្ឍលើវិស័យអចលនទ្រព្យជាច្រើនប្រភេទ រួមមានៈ ការអភិវឌ្ឍចម្រុះ បុរីលំនៅឋាន អាផាតមិន សេវាកម្មខុនដូ ការិយាល័យ សណ្ឋាគារ និងនៅរមណីយដ្ឋានដែលមាននៅកម្ពុជា។ នេះបើតាមការដឹងពីអ្នកវិនិយោគលើវិស័យអចលនទ្រព្យ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា រាជធានីភ្នំពេញនៅតែជាតំបន់អភិវឌ្ឍន៍ដ៏ធំបំផុត។ គ្រប់ខណ្ឌភាគកណ្តាលនៃរដ្ឋធានីបច្ចុប្បន្នមានការអភិវឌ្ឍដែលយ៉ាងហោចណាស់ក៏កំពុងត្រូវបានសាងសង់ខុនដូ អាផាតមិន(Apartment) និងអគារខ្ពស់ធំៗពិសេសតំបន់ក្រវាត់ក្រុង ដែលមានគម្រោងជាច្រើនកំពុងប្រជែងគ្នា ខណៈតំបន់ខាងក្រៅក្រុងត្រូវបានគ្របដណ្តប់ដោយសហគមន៍ដែលមានជាបុរីផ្ទះល្វែង និងគម្រោងសាងសង់លំនៅឋានសមរម្យជាដើម។
លោកឧកញ៉ាបានបង្ហើបឱ្យដឹងពីសម្ទុះក្នុងវិស័យនេះថា គម្រោងអចលនទ្រព្យនៅតាមតំបន់ក្រវាត់ក្រុងដែលបានសម្ពោធដោយរដ្ឋាភិបាលថ្មីៗនេះ មិនបង្ហាញនូវការកើនឡើងនៃវិស័យអចលនទ្រព្យបែបពុះកញ្ជ្រោលខ្លាំងនោះទេ តែវានៅតែអភិវឌ្ឍទៅមុខជាធម្មតាក្នុងអំឡុង 2ខែកន្លងមកនេះ។ តែការជួលខុនដូ អាផាតមិនដោយជនបរទេសនៅស្ទើរគ្រប់ប៉ូលសេដ្ឋកិច្ចនៅតែមានកំណើនគួរឱ្យកត់សម្គាល់ ដោយមើលទៅលើចំនួនប្រជាជនចំនួនជនបរទេស និន្នាការរស់នៅ ចំនួនអ្នកទិញផ្គត់ផ្គង់ និងតម្រូវការទិញ-ជួលពីមុន និងបច្ចុប្បន្ន។
លោកឧកញ៉ាបានបន្តថា ពាក់ព័ន្ធនឹងតំបន់ក្រវាត់ក្រុង គេឃើញមានសកម្មភាពផុលផុសចាប់ពីរង្វង់មូលកួរស្រូវ និងតំបន់កំពង់កន្ទួត និងមានការ-ផ្គត់ផ្គង់ថ្មីៗនៅតំបន់ស្រុកមុខកំពូលក្នុងគម្រោងលំនៅឋានសមរម្យ ដែលនៅកម្ពុជាគម្រោងបែបនេះកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ហេតុដូច្នេះហើយទើបអ្នកវិនិយោគក្នុងស្រុកបានសម្លឹងឃើញថា ទីផ្សារលំនៅឋានសមរម្យ គឺជាគោលដៅទាក់ទាញបំផុត និងងាយស្រួលលក់ ទើបអ្នកវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសអ្នកអភិវឌ្ឍន៍តែម្ដង បានបោះទុនវិនិយោគទៅលើវិស័យមួយនេះច្រើនដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់មានប្រសាសន៍ឱ្យដឹងនាពេលកន្លងមកថា អ្នកវិនិយោគតែងតែសម្លឹងមើលពីឱកាសដែលទទួលបានប្រាក់ចំណេញ ដូច្នេះនៅពេលតម្រូវការមានការកើនឡើងខ្លាំងនូវប្រភេទសំណង់ណាមួយ គេត្រូវតែពង្រីកការផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ជាក់ស្តែងកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាភាគច្រើន មិនទាន់មានលទ្ធភាពអាចទិញលំនៅឋានប្រណីតដែលមានតម្លៃខ្ពស់នៅឡើយទេ ដូច្នេះតម្រូវការទីផ្សារសំណង់ប្រភេទខ្លះ ឬលំនៅឋានសមរម្យ គឺនៅតែមាន ហើយនឹងយូរអង្វែងទៅមុខទៀត ព្រោះវាមិនបង្កហានិភ័យដល់អ្នកវិនិយោគវិស័យសំណង់បែបនោះទេ។
ប៉ុន្តែលោកឧកញ៉ា នួន រិទ្ធី ក៏បានប្រាប់ឱ្យដឹងបន្ថែមដែរថា ពាក់ព័ន្ធនឹងបញ្ហាជួញដូរវិស័យអចលនទ្រព្យនេះ យើងឃើញថា ហាក់ដូចជានៅទ្រឹងបន្តិចដោយសារតែមានការរឹតបន្តឹងប្រព័ន្ធច្បាប់ក្នុងវិស័យអចលនទ្រព្យ។ លោកឧកញ៉ាបានបញ្ជាក់ថា៖ “ពោលគឺមានឧបសគ្គអ្វីខ្លះក្នុងទីផ្សារ? បច្ចុប្បន្នអចលនទ្រព្យកម្ពុជាកំពុងប្រឈមនឹងការលំបាកខ្លះៗក្នុងគោលនយោបាយគ្រប់គ្រងដីធ្លី និងច្បាប់សំណង់។ បញ្ហាប្រឈមធំៗនៅទូទាំងក្រុមប្រឹក្សាភិបាល គឺហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ស្ពានអគ្គិសនី ការគ្រប់គ្រងកាកសំណល់ និងទឹក។ ទោះជាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលមានការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ និងលើកកម្ពស់បរិយាកាសវិនិយោគ”។
លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជានាយិកាក្រុមហ៊ុន Amatak Prorperty service បានមានប្រសាសន៍ប្រាប់ឡារ៉ែនពាណិជ្ជថា ក្នុងរយៈពេល 2ខែកន្លងមកនេះ វិស័យអចលនទ្រព្យ ថ្វីដ្បិតតែពុំមានការកើនឡើងគួរឱ្យកត់សម្គាល់ក្ដី តែវិស័យនេះក៏នៅតែមានសកម្មភាពផុលផុសដដែល ឯដីធ្លី និងដីឡូត៍ក៏នៅមានសម្ទុះល្អ នៅតែបន្តសកម្មភាពទៅមុខជាធម្មតា មានសមត្ថភាព និងជំនាញគ្រប់គ្រាន់ដើម្បីកសាងទំនុកចិត្តជាមួយអ្នកទិញ-អ្នកលក់ និងក្នុងទីផ្សារអចលនទ្រព្យទាំងមូល។លោកស្រីអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានប្រសាសន៍បញ្ជាក់ទៀតថា៖ “អ្នកវិនិយោគ គេធ្វើឡើងតម្រូវទៅតាមទីផ្សារ និងអតិថិជនគោលដៅ។ ចំពោះទីផ្សារសំណង់ ពិសេសការពុះឡូត៍លក់ គឺនៅមានភាពទូលាយនៅឡើយ ដោយសារតែពាក់ព័ន្ធទៅនឹងកម្រិតជីវភាពរបស់អតិថិជន”។
បច្ចុប្បន្នសម្ទុះនៃការវិនិយោគលើការពុះឡូត៍លក់ ភាគច្រើនតាមតំបន់ជាយក្រុងនៅតែមាននៅឡើយ ព្រោះតំបន់ទាំងនោះទើបតែចាប់ផ្តើមរីកចម្រើន និងចាប់ផ្ដើមអភិវឌ្ឍបន្តចេញពីទីក្រុង ដូច្នេះតម្លៃដីនៅមានកម្រិត ដែលអាចផ្តល់ឱកាសចំណេញដល់អ្នកវិនិយោគក្នុងពេលដ៏ខ្លីខាងមុខ។ អ្នកវិនិយោគមានឱកាសច្រើនក្នុងការទទួលបានប្រាក់ចំណេញ ហើយអ្នកទិញអាចមានលទ្ធភាពទទួលបានដីដែលមានសុវត្ថិភាពពុំមានបញ្ហា។
លោកស្រី តាំង ហួរ បានមានមតិក្នុងបញ្ហានេះថា៖“ដូចនេះ អ្នករកស៊ីពុះដីឡូត៍លក់ត្រូវតែសិក្សាគម្រោងមេ ក្នុងតំបន់ដែលយើងធ្វើការជួញដូរ ព្រោះនិន្នាការនៃការជួញដូរអចលនទ្រព្យនេះ បើយើងសិក្សាទិដ្ឋភាពផ្នែកច្បាប់មិនដល់ វានឹងនាំឱ្យមានបញ្ហាដល់អ្នកទិញ ដែលជាធម្មតានៅពេលទិញ-លក់តែងមានប្លង់រឹង ឬមានលិខិតបទដ្ឋានសម្រាប់ជាសំអាងក្នុងការជួញដូរ ដើម្បីជាភាពស្របច្បាប់”។
លោកស្រីបានសង្កត់ធ្ងន់ថា៖“យើងចង់មិនឱ្យមានបញ្ហាជាមួយនឹងព័ត៌មានដែលថា ការពុះឡូត៍លក់មិនមានភាពស្របច្បាប់ អនាធិបតេយ្យនោះទេ ព្រោះអ្នកទិញភាគច្រើនជាអ្នកក្រ អ្នកមធ្យម មិនជាមានប្រាក់ប៉ុន្មានទេ ប្រសិនបើគាត់ទិញទៅកាត់ប្លង់រឹងជូនគាត់មិនបាន នាំឱ្យមានបញ្ហាប៉ះពាល់ដល់គម្រោងទាំងមូល”។
លោកស្រីបានបន្ថែមទៀតថា៖“អ្វីដែលយើងចង់បាននោះ គឺទី1- កុំឱ្យប៉ះពាល់ដល់គម្រោងដី។ ទី2-ពេលលក់ដីជូនអតិថិជន យើងមាន ឬអាចកាត់ប្លង់រឹងបានស្របច្បាប់ ទី3-បើកាត់ប្លង់រឹងជូនអតិថិជនបាន នោះជាការអនុវត្តទៅតាមច្បាប់ដីធ្លី។ ទាំងនេះគឺដើម្បីសុវត្តិភាពនៃការជួញដូរដីធ្លី ឬការពុះឡូត៍លក់ ពោលការអនុវត្តស្របទៅតាមច្បាប់ដីធ្លីដែលក្រសួងបានដាក់ឱ្យអនុវត្ត និងមិនមានហានិភ័យ”។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់បន្ថែមថា ដូច្នេះហើយទើបយើងឃើញថា វិស័យអចលនទ្រព្យសព្វថ្ងៃកំពុងតែពង្រឹងខ្លួន ដោយផ្តោតទៅលើការអនុវត្តប្រព័ន្ធច្បាប់ក្នុងវិស័យអចលនទ្រព្យ ដើម្បីឱ្យវិស័យនេះអាចរីកចម្រើនក្នុងការជំរុញដល់វិស័យសេដ្ឋកិច្ចរបស់ជាតិមានលក្ខណៈស្របគ្នា។ ពោលគឺ សេដ្ឋកិច្ចមានកំណើនដោយការទទួលបានពីកំណើននៃវិស័យអចលនទ្រព្យដោយស្របទៅនឹងប្រព័ន្ធច្បាប់វិនិយោគ ដែលចំណុចនេះហើយទើបវិនិយោគិនបរទេសមានជំនឿលើវិស័យអចលនទ្រព្យនៅកម្ពុជា និងចូលរួមអភិវឌ្ឍកាន់តែច្រើនឡើង៕