ថ្មីៗនេះ ខេត្តចំនួន4 ទៀតទទួលបានការអនុញ្ញាតសិទ្ធិពីក្រសួងពាណិជ្ជកម្មដើម្បីចាប់ផ្តើមសេវាកម្មអនុវត្តប្រព័ន្ធវិញ្ញាបនបត្រប្រភពដើមទំនិញទម្រង់ D (CO Form D សម្រាប់តែកសិផល) ដែលជាទម្រង់បែបបទមួយ អនុវត្តដោយផ្ទាល់នៅតាមមន្ទីរពាណិជ្ជកម្មខេត្ត។ នៅថ្ងៃខាងមុខនឹងបន្តផ្តល់ការអនុវត្តប្រព័ន្ធទម្រង់D នេះដល់ខេត្តចំនួន2 បន្ថែមទៀត។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ D គឺប្រៀបដូចជា ការប្រគល់លិខិតឆ្លងដែន ដល់អាជ្ញាធរខេត្តដើម្បីសម្របសម្រួលពាណិជ្ជកម្មជាមួយប្រទេសជិតខាង(ខេត្តដែលនៅជាប់ព្រំដែន) និងដើរតួនាទីយ៉ាងសំខាន់ក្នុងផែនការបង្កើនការតភ្ជាប់សេដ្ឋកិច្ចនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម(CLV DTA)។ ជារួមខេត្តចំនួន4 ដែលទទួលបានការផ្តល់សេវាការអនុវត្តប្រព័ន្ធទម្រង់D នេះ មានខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា វិញ្ញាបនបត្រប្រភពដើមទម្រង់ D (CO Form D) នេះ គឺជាឯកសារផ្លូវការមួយ ដែលត្រូវបានគេប្រើដើម្បីបញ្ជាក់ថា ផលិតផលនោះត្រូវបានផលិតទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។ ជាទូទៅវាជាឯកសារសំខាន់ដែលអ្នកទិញត្រូវការ។
ឯកឧត្តម ប៉ាន សូរស័កិ្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា ការអនុញ្ញាតឱ្យអាជ្ញាធរខេត្ត ចេញទម្រង់បង្កើតកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្តដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា “យើងបានសម្រេចចិត្តបើកដំណើរការសេវាកម្មនេះនៅក្នុងខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី ព្រោះខេត្តទាំងនេះស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ព្រោះថា ការកាត់បន្ថយគម្លាតសេដ្ឋកិច្ច និងការអភិវឌ្ឍ និងអត្រាភាពក្រីក្រគឺជាចំណុចអាទិភាព”។
ឯកឧត្តម ប៉ាន សូរស័កិ្ត បានមានប្រសាសន៍ទៀតថា៖ “អាជ្ញាធរនៅតាមបណ្តាខេត្តទាំងនេះ នឹងមានការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការអនុវត្តប្រព័ន្ធទម្រង់D(D Form)នេះដើម្បីជួយសម្រួលដល់សកម្មភាពរបស់អ្នកនាំចេញផលិតផលកសិកម្ម និងចៀសវាងការពន្យារពេល និងការរាំងស្ទះ”។
ចាប់តាំងពីឆ្នាំ2017 មកក្រសួងពាណិជ្ជកម្មបានចេញលិខិតបញ្ជាក់ពីប្រភពដើមដល់មន្ទីរពាណិជ្ជកម្មខេត្តនៅទូទាំងប្រទេសដោយលើកហេតុផលថា វានឹងជួយសម្រួលដល់សកម្មភាពអាជីវកម្ម និងការនាំចេញ និងជួយសន្សំសំចៃប្រាក់ និងពេលវេលាដល់ក្រុមហ៊ុននាំចេញ។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ឡារ៉ែនពាណិជ្ជថា៖“វិញ្ញាបនបត្រប្រភពដើមទម្រង់D នេះ សម្រាប់ប្រើនៅក្នុងបណ្តាប្រទេសអាស៊ាននាំផលិតផលចេញ ឬនាំផលិតផលចូល។ កម្ពុជាយើងនាំចេញទៅប្រទេសអាស៊ាន ភាគច្រើនជាកសិផល រួមមានពោត សណ្តែក ដំឡូង ទៅកាន់វៀតណាម ថៃ ដែលជាប្រទេសអ្នកជិតខាងយើង និងមានទំនិញរួមផ្សំដទៃទៀតដែរ តែសំខាន់ឱ្យតែជាកសិផល”។
ឯកឧត្តមអ្នកនាំពាក្យបានឱ្យដឹងទៀតថា៖ “វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទម្រង់ D ធ្វើនៅ និងផ្តល់នៅក្រសួង ពេលធ្វើត្រូវដាក់ពាក្យសុំនៅក្រសួង តែប៉ុន្មានឆ្នាំកន្លងមកនេះ យើងគិតថាកុំឱ្យរំខានដល់អ្នករកស៊ី យើងក៏ឱ្យដាក់តាមអនឡាញ (Online) វាលឿនជាងមុន តែតាមអនឡាញក៏គាត់ត្រូវយក CO នៅភ្នំពេញដែរ ដូច្នេះលោករដ្ឋមន្ត្រី ក៏អនុញ្ញាតរុញកិច្ចការនេះឱ្យទៅខេត្ត កន្លែងអ្នកផលិតតែម្តង ដើម្បីសម្រួលដល់អ្នកនាំចេញ ហេតុនេះបានជាយើងដាក់នៅតាមខេត្ត ដូចដែលយើងបានឃើញពិធីប្រគល់នៅខេត្តក្រចេះនោះ”។
ឯកឧត្តមបានបញ្ជាក់ទៀតថា គម្រោងនេះក៏ធ្លាប់បានផ្តល់ឱ្យខេត្ត5 រួចមកហើយ គឺមានខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងរតនគិរី ព្រមទាំងខេត្តស្វាយរៀងនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន2 ហើយយើងក៏មានគម្រោងដាក់ប្រព័ន្ធទម្រង់ D នេះ នៅខេត្តមួយចំនួនទៀត មានខេត្តតាកែវ កំពត និងខេត្តជាប់ព្រំដែន មានខេត្តកោះកុងជាដើម។
ឯកឧត្តម ស៊ាង ថៃ បានបន្តថា ជារួមយើងបានដាក់តាមលទ្ធភាពដែលយើងអាចធ្វើទៅបានជាដំណាក់កាលៗ ព្រោះមុននឹងដាក់ប្រព័ន្ធនេះយើងត្រូវបណ្តុះបណ្តាលមន្ត្រីមន្ទីរពាណិជ្ជកម្មឱ្យគាត់ចេះប្រើប្រព័ន្ធទំនើបនេះ និងត្រូវការសម្ភារផង ត្រូវការធនធានមនុស្សផងដែរ។ ការដែលយើងធ្វើនៅតាមខេត្តមុនៗ ដូចជាប៉ៃលិន បាត់ដំបង -ល- ដោយសារខេត្តទាំងនោះសម្បូរកសិផល ដូច្នេះនឹងធ្វើជាបន្តបន្ទាប់ ដោយធ្វើជាជំហានៗសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់របស់យើង។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញផលិតផលកសិកម្មទៅតំបន់អាស៊ានតាមរយៈវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទម្រង់ D បានកើនឡើងពី 728លានដុល្លារក្នុងឆ្នាំ2016 ដល់ 1.4 ពាន់លានដុល្លារកាលពីឆ្នាំ2018៕