វិស្វកម្ម ជាជំនាញដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម ក្នុងខណៈពេលដែលពិភពលោកកំពុងត្រូវការធនធានជំនាញដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗសម្ភារបរិក្ខារទំនើបៗ និងគ្រប់គ្រងចង្វាក់ផលិតកម្មបម្រើឱ្យវិស័យពាណិជ្ជកម្មជាដើម។
នៅកម្ពុជាបច្ចុប្បន្ន ដើម្បីគាំពារអាជីពដ៏មានសារៈសំខាន់នេះ រដ្ឋាភិបាលបានបង្កើតឱ្យមានគណៈវិស្វករកម្ពុជា ដែលមានតួនាទីប្រមូលផ្តុំធនធានបញ្ញវន្តវិស្វករជាតិ និងចូលរួមបណ្តុះបណ្តាលបន្តតាមកម្មវិធីគោលនយោបាយជាតិ។ ក្នុងនោះវិស្វករជាតិទាំងអស់មានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំដើម្បីបំពេញតាមលក្ខខណ្ឌច្បាស់លាស់ដើម្បីក្លាយជាសមាជិក ពេញសិទ្ធិនៃគណៈវិស្វករ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនាមជាវិស្វករនៅកម្ពុជា។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិស្វករដែលកំពុងបម្រើការងារនៅតាមស្ថាប័នរបស់រដ្ឋ និងឯកជន គួរមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលបានសិទ្ធិជាវិស្វករដែលទទួលស្គាល់ដោយស្ថាប័នរបស់រដ្ឋ និងមានតម្លៃគ្រប់គ្រាន់សម្រាប់ការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាក្នុងតំបន់។ ក្រោយពេលចុះបញ្ជីរួច គណៈវិស្វករកម្ពុជា នឹងចុះទៅវាយតម្លៃវិស័យឯកជន ដែលជាវិស្វករដែលកំពុងប្រកបវិជ្ជាជីវៈ ដែលអាចឈានទៅដល់ការផ្តល់គោរមងារជាវិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ជាដើម។ ហេតុនេះប្រសិនបើវិស្វករជាតិ មិនបានមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជាទេនោះ វិស្វករនឹងបាត់បង់ឱកាសល្អៗជាច្រើន ជាពិសេសមិនមានឱកាសបំផ្លាស់ទីការងារដើម្បីប្រកួតប្រជែងស្នាដៃនៅក្នុងបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកបានឡើយ។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ “គណៈវិស្វករកម្ពុជាមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ដែលយើងតែងតែបញ្ជូនបេក្ខភាពវិស្វករជាតិ ក្រោយពីគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ពិនិត្យ និងសម្រេចរួចដើម្បីសុំឱ្យគេធ្វើការវាយតម្លៃទទួលស្គាល់ជាវិស្វករអាស៊ាន និងវិស្វករឆ្នើមអាស៊ាន ដើម្បីប្រកួតប្រជែងការងារវិស្វកម្មជាមួយបណ្តាប្រទេសនៅក្នុងអាស៊ាន ដែលកំពុងបើកចំហឱ្យមានលំហូរការងារជំនាញទៅវិញទៅមក”។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ភារកិច្ចចម្បងរបស់គណៈវិស្វករកម្ពុជា គឺប្រមូលផ្តុំវិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ដែលបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាលបន្ថែម ដើម្បីឱ្យមានសមត្ថភាពជំនាញវិជ្ជាជីវៈពិតប្រាកដប្រកបដោយបទពិសោធខ្ពស់ រក្សាបាននូវភាពថ្លៃថ្នូររួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិចូលរួម និងអភិវឌ្ឍសង្គម និងចូលរួមប្រកួតប្រជែងទីផ្សារការងារពលកម្មវិស្វកម្មក្នុងពេលបច្ចុប្បន្ន និងទៅអនាគតទាំងក្នុងប្រទេស ក្នុងតំបន់ និងលើសកលលោក។
លោកសាស្ត្រាចារ្យ សុខ ខុម ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា ថ្វីដ្បិតតែធនធានមនុស្សរបស់យើងនៅមានកម្រិត និងមានកត្តាប្រឈមមួយចំនួនលើការបណ្តុះបណ្តាលផ្នែកវិស្វ-កម្មក៏ដោយសារតែវិស្វករយើងមិនតិចទេដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារនៅតំបន់អាស៊ាន ព្រោះបច្ចុប្បន្ននេះ មានអ្នកជំនាញវិស្វករ ក៏ដូចជាស្ថាបត្យករខ្មែរមិនតិចទេដែលទទួលបានការងារធ្វើនៅក្នុងក្រុមហ៊ុនធំៗនៅក្នុងប្រទេសអភិវឌ្ឍន៍នានា ទាំងនៅក្នុងអាស៊ី និងនៅអឺរ៉ុបថែមទៀតផង។
លោកសាស្ត្រាចារ្យ សុខ ខុម បាននិយាយថា៖“បើគិតពីសមត្ថភាព ឥឡូវនេះអគារធំខ្ពស់ៗកម្រិតណា ក៏វិស្វករខ្មែរយើងអាចធ្វើបានដែរ ហើយនៅកម្ពុជាយើងក៏មានអគារធំៗមួយចំនួនសាងសង់ឡើងដោយអ្នកជំនាញរបស់ខ្មែរយើងដែរ”។
អ្នកជំនាញផ្នែកវិស្វកម្មខាងលើបានលើកឡើងផងដែរថា ហេតុនេះយុវជនជំនាន់ថ្មីរបស់កម្ពុជា គួរចេះចាប់យកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ហើយហ៊ានបង្ហាញស្នាដៃ និងធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានា ព្រោះថា បច្ចុប្បន្ននេះក៏ធ្លាប់មានគេសរសើរស្នាដៃរបស់អ្នកជំនាញខ្មែរយើង ដែលអាចធ្វើបានល្អ មានភាពច្នៃប្រឌិតខ្ពស់ និងមានគុណភាពល្អផងដែរ៕