សភាវផ្លូវចិត្តឯកាត្រូវបានគេមើលឃើញថា កំពុងរាតត្បាតយ៉ាងខ្លាំងលើពិភពលោកដែលបានបង្កឱ្យកើតក្តីបារម្ភដល់ប្រទេសនានា ជាពិសេសប្រទេសអភិវឌ្ឍធំៗដែលមានការរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យា។ ទន្ទឹមនឹងមានបញ្ហាប្រឈមកើតឡើងខ្លាំងនេះ ដំណោះស្រាយក៏បានកើតឡើងដែរតាមរយៈការស្រាវជ្រាវ និងសេចក្តីសម្រេចរបស់អាជ្ញាធរនៃប្រទេសទាំងអស់នោះ។ នៅប្រទេសអុីតាលី ដោយសារតែមនុស្សវ័យចំណាស់ទទួលរងសភាវឯកាច្រើន និស្សិតជាច្រើនចាប់ផ្តើមចូលរួមចំណែកក្នុងការបង្កើតកម្មវិធីកំដរមនុស្សចាស់ដែលបានចូលនិវត្តន៍ ព្រោះវាអាចផ្តល់ផលវិជ្ជមានច្រើនដល់ពួកគេផងដែរ។ និស្សិតទាំងអស់នោះអាចធ្វើជាភ្នាក់ងារដ៏សំខាន់ក្នុងការជួយគាំពារមនុស្សចាស់ទន្ទឹមនឹងនោះពួកគេក៏អាចទទួលបានបទពិសោធជីវិតជាច្រើនពីមនុស្សចាស់ដែលធ្លាប់ជាកម្លាំងពលកម្មចម្បងកាលពីអតីតកាល។ ការងារដែលពួកគេអាចធ្វើបានគឺ ជួយមនុស្សចាស់ក្នុងការធ្វើការងារផ្ទះតិចតួច ឬធ្វើយ៉ាងណាដើម្បីឱ្យពួកគាត់មានអារម្មណ៍ថា ទទួលបានការយកចិត្តទុកដាក់។
នៅប្រទេសស្កុតលែន ការជួយមនុស្សចាស់ដើម្បីកាត់បន្ថយភាពឯកា ត្រូវបានគេធ្វើឡើងតាមរយៈការនាំពួកគាត់ជិះស៊ីក្លូដើរមើលទីក្រុង ឬចេញមកខាងក្រៅផ្ទះដើម្បីភ្ជាប់ទំនាក់ទំនងឱ្យសកម្មឡើងវិញជាមួយមនុស្សដទៃផ្សេងទៀត ឬមនុស្សចាស់ដូចគ្នា។ សកម្មភាពនេះធ្វើឡើងដោយអ្នកស្ម័គ្រចិត្តម្នាក់ត្រូវជូនមនុស្សចាស់ 2នាក់ដើម្បីជិះស៊ីក្លូទៅខាងក្រៅជាមួយក្រុមរបស់ពួកគេ ដើម្បីកម្សាន្តក្នុងតំបន់ដែលពួកគេរស់នៅ និងស្រូបយកខ្យល់អាកាស។
នៅកាលីហ្វ័រនៀ មនុស្សចាស់ដែលបានចូលនិវត្តន៍ និងកំពុងកើត ឬកំពុងប្រឈមនឹងសភាវឯកាត្រូវបានគេផ្តល់ការងារងាយៗឱ្យធ្វើ ដូចជាការងារជិះស្គីយកឥវ៉ាន់ទៅឱ្យភ្ញៀវដែលភ្លេចនៅផ្សារទំនើប ឬការងារផ្ទះងាយៗ ស្រួលៗនៅតាមអគាររបស់សហគមន៍ ឬផ្ទះរបស់ប្រជាជនណាដែលស្ម័គ្រចិត្តជួលពួកគាត់ ដើម្បីជាការចូលរួមចំណែកជួយមនុស្សចាស់ឱ្យជាសះស្បើយសភាវឯកា។ នៅអាមេរិក មានសហគមន៍ស្នាក់នៅរួមគ្នាក្នុងផ្ទះប្រមាណជា 165ខ្នង ហើយមាន 140ខ្នងផ្សេងទៀតកំពុងសាងសង់ ហើយផ្ទះខ្លះ គឺលាយបញ្ចូលគ្នារវាងមនុស្សគ្រប់វ័យ ដែលអនុញ្ញាតឱ្យមនុស្សដែលកំពុងប្រឈមនឹងសភាវផ្លូវចិត្តឯកា អាចរស់នៅក្នុងទំនាក់ទំនងល្អប្រសើរឡើងវិញ។
ចំណែកឯនៅចក្រភពអង់គ្លេសវិញ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យអ្នកប្រឈមសភាវឯកាទៅរាំរែក ធ្វើសកម្មភាពសិល្បៈ និងថែទាំសួនច្បារ និងសកម្មភាពមួយចំនួនផ្សេងទៀត ដូចជាការច្រៀង ការហាត់ប្រាណដោយការរាំ Aerobic Dance និងការជុំគ្នាញ៉ាំកាហ្វេពេលព្រឹកក៏ត្រូវបានណែនាំ និងរៀបចំឱ្យមានឡើងសម្រាប់សហគមន៍ដែលមានមនុស្សចាស់ផងដែរ។ សកម្មភាពទាំងអស់នេះត្រូវបានគេមើលឃើញថា អាចនឹងធ្វើឱ្យមនុស្សដែលកំពុងទទួលរងសភាវឯកាអាចទទួលបានការរាប់អានពីមនុស្សថ្មីៗ និងមានទម្លាប់ក្នុងការរស់នៅវិជ្ជមានឡើងវិញ។ តាមការបង្ហាញពីរដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា បន្ទាប់ពីរយៈពេល 4ខែកន្លងទៅ អ្នកជំងឺទាំងអស់នោះចាប់ផ្តើមនាំមិត្តភក្តិមួយចំនួនផ្សេងទៀតទៅជួបវេជ្ជបណ្ឌិត ហើយក្រោយមកទៀតបញ្ហាវិបត្តិផ្លូវចិត្តទាំងអស់នោះក៏មានភាពធូរស្រាលច្រើនឡើងវិញ៕