ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សក្នុងពិភពលោកកំពុងមានការប្រកួតប្រជែងគ្នាខ្លាំងទាំងរឿងអវិជ្ជមាន និងវិជ្ជមាន។ ការប្រកួតប្រជែងអវិជ្ជមាន គឺការប្រកួតប្រជែងខាងឥទ្ធិពល និងសព្វាវុធជាដើម តែការប្រកួតប្រជែងបែបវិជ្ជមាន ភាគច្រើនជាការប្រកួតប្រជែងខាងស្នាដៃដែលកើតចេញពីភាពច្នៃប្រឌិត របស់ធនធានមនុស្សនៅក្នុងប្រទេសនោះ ដើម្បីបង្កើតជាផលិតផលបច្ចេកវិទ្យា និងផលិតផលថ្មី ឬនវានុវត្តន៍ជាច្រើនផ្សេងៗទៀតដើម្បីដោះស្រាយបញ្ហារបស់មនុស្ស។
លោក ហាវ គង់ងី សហស្ថាបនិកសហគ្រាសសង្គមផ្ទះតាមក្តីប្រាថ្នា បានលើកឡើងថា បញ្ហាគឺជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានភាពច្នៃប្រឌិត ហេតុនេះមិនគួរមើលរំលង ឬគេចចេញពីបញ្ហានោះទេ តែគួរយកចិត្តទុកដាក់ដោយប្រើប្រាស់បញ្ហាជាចំណុចគោលក្នុងការដោះស្រាយដោយសមត្ថភាពដើម្បីការច្នៃប្រឌិតរបស់យើងផ្ទាល់។ លោកបានលើកឡើងផងដែរថា អ្នកដែលមើលឃើញពីបញ្ហាច្រើន នោះនឹងមានឱកាសច្រើនក្នុងការព្យាយាមស្វែងរកសមិទ្ធផលថ្មីៗដែលមានតម្លៃសម្រាប់មនុស្សបានច្រើនដែរ ព្រោះរបស់សំខាន់ គឺជារបស់ដែលគេត្រូវការហេតុនេះស្របពេលដែលមនុស្សត្រូវការដំណោះស្រាយ ហើយយើងអាចប្រើប្រាស់ចំណេះដឹងរបស់យើងទៅដោះស្រាយបាន នោះមានន័យថា យើងអាចបង្កើតស្នាដៃដែលមានតម្លៃបានហើយ។
លោក ហាវ គង់ងី បាននិយាយថា៖ “គ្មានអ្វីដែលថា មនុស្សធ្វើមិនបាននោះទេ ហេតុនេះយើងគួរតែសាកល្បងស្វែងរកបញ្ហានានាដែលកើតឡើងក្នុងសង្គម ហើយដែលមិនទាន់ត្រូវបានគេដោះស្រាយ ដើម្បីយកមកធ្វើការស្រាវជ្រាវបន្ថែម និងបង្កើតសមិទ្ធផលដើម្បីដោះស្រាយវា”។
លោក គង់ងី បានលើកឡើងផងដែរថា កុំបារម្ភពេកថា យើងមើលឃើញបញ្ហាហើយមិនមានសមត្ថភាពក្នុងការដោះស្រាយវានោះ ឱ្យតែយើងមានឆន្ទៈក្នុងការដោះស្រាយ ហើយបន្តស្រាវជ្រាវឱ្យកាន់តែលម្អិត នោះយើងនឹងរកឃើញផ្លូវជាច្រើនដើម្បីធ្វើវាហើយវិធីសាស្ត្រដោះស្រាយដើម្បីសម្រេចការងារនោះនឹងលេចចេញមកតាមក្រោយមិនខាន។ កាលណាយើងចង់សម្រេចគោលដៅបង្កើតរបស់ថ្មីមួយ ច្បាស់ណាស់ វាតែងតែមានបញ្ហាតូចៗជាច្រើនដែលទាមទារឱ្យយើងដោះស្រាយ តែប្រសិនបើយើងប្រឹងប្រែងស្វែងរកដំណោះស្រាយ នោះវានឹងធ្វើឱ្យយើងឈានជើងបន្តិចម្តងៗដើម្បីសម្រេចបានស្នាដៃថ្មីជាមិនខាន។
លោក ជិម មិនា សហស្ថាបនិក SmartBin Cambodia បានលើកឡើងថា អ្នកដែលរកឃើញបញ្ហាល្អជាងគេ អាចជាអ្នកដែលមានឱកាសល្អក្នុងការបង្កើតស្នាដៃល្អដូចគ្នា។ ពេលខ្លះបញ្ហាមិនចាំបាច់ធំពេកនោះទេ តែវាជាបញ្ហាដែលមនុស្សជាច្រើនមិនសូវចាប់អារម្មណ៍ ឬដោះស្រាយមិនបានក្នុងរយៈពេលយូរមកហើយជាដើម។ មានបញ្ហាខ្លះជារឿងកំប៉ិកកំប៉ុក តែវាអាចផ្តល់ផលអវិជ្ជមានខ្លាំងដល់សង្គម ប្រសិនបើមិនបានដោះស្រាយ ហេតុនេះប្រសិនបើយើងអាចចាប់ឱកាសក្នុងការដោះស្រាយវាបាន នោះយើងនឹងអាចធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ហើយថែមទាំងអាចជួយសង្គមបានទៀតផង។
លោក ជិម មិនា បាននិយាយថា៖ “សម្រាប់ក្រុមយើងខ្ញុំ គឺបង្កើតបច្ចេកវិទ្យាគ្រប់គ្រងសំរាម។ តាមពិតរឿងសំរាមមិនមែនជារឿងថ្មី ឬរឿងដែលមនុស្សមិនសូវជួបនោះទេ តែវាជាបញ្ហាមួយដែលទាមទារឱ្យមានដំណោះស្រាយ ព្រោះបើមិនអាចដោះស្រាយបានទេវានឹងបង្កជាឧបសគ្គជាច្រើនដល់ការអភិវឌ្ឍសង្គម”។
អ្នកជំនាញខាងលើបានលើកឡើងផងដែរថា ដោយសារតែមើលឃើញពីបញ្ហាក្នុងការគ្រប់គ្រងសំរាមនេះហើយ ទើបធ្វើឱ្យពួកលោកមានមូលដ្ឋាន និងគោលដៅមួយច្បាស់លាស់ ដើម្បីប្រមូលផ្តុំគ្នាដោះស្រាយទៅតាមជំនាញ។ សម្រាប់អ្នកបច្ចេកវិទ្យាគាត់គិតបែបបច្ចេកវិទ្យា ហើយអ្នកស្រាវជ្រាវ គាត់គិតតាមបែបស្រាវជ្រាវ ហើយអ្នកទីផ្សារគាត់រៀបចំការបង្ហាញតាមវិធីរបស់គាត់ រហូតដល់លទ្ធផលចុងក្រោយ យើងអាចរួមគ្នាបង្កើតធុងសំរាមឆ្លាតវៃមួយ។ ហេតុនេះប្រសិនបើគ្មានបញ្ហា នោះពួកយើងក៏មិនអាចបង្កើតបានជាផលិតផលថ្មីនេះឡើងដែរ។ នៅពេលដែលយើងតាំងចិត្តថា ចង់បង្កើតអ្វីមួយដើម្បីជួយដល់មនុស្សហើយនោះ យើងនឹងក្លាយជាមនុស្សស្រឡាញ់បញ្ហា ហើយចង់ដោះស្រាយវា ដោយមិនខ្លាចបញ្ហានោះឡើយ៕