ក្លិប Bayern Munich បានចុះហត្ថលេខាជាមួយនឹងខ្សែការពារ Lucas Hernandez ពីក្លិប Atletico Madrid ក្នុងតម្លៃខ្លួនមួយដែលត្រូវបានគេយល់ឃើញថា មានចំនួនរហូតដល់ទៅ 80លានអឺរ៉ូ (ស្មើនឹង68លានដុល្លារអាមេរិក)។
ខ្សែការពារវ័យ23ឆ្នាំដែលធ្លាប់បានឈ្នះពាន World Cup ឆ្នាំ2018 ជាមួយនឹងក្រុមជម្រើសជាតិបារាំង នៅរុស្ស៊ីរូបនេះ បានចុះហត្ថលេខារយៈពេល5ឆ្នាំ ជាមួយនឹងក្រុមម្ចាស់ជើងឯករបស់អាល្លឺម៉ង់ Bayern និងក្លាយជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Bundesliga។ ទោះបីជាយ៉ាងនេះក្តី រូបគេបានទទួលការវះកាត់កាលពីយប់ថ្ងៃពុធ ក្រោយពីការត្រួតពិនិត្យសុខភាពបានបង្ហាញថា រូបគេបានរងរបួសត្រង់ជង្គង់ឆ្វេងរបស់គេ ហើយរូបគេត្រូវបានរំពឹងទុកថា នឹងជាសះស្បើយសម្រាប់រដូវកាលក្រោយ។
លោក Hans-Wilhelm Mueller-Wohlfahrt ដែលជាប្រធានក្លិប បានបញ្ជាក់ថា Hernandez នឹងត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមនៅរដូវកាលក្រោយ។ កីឡាកររូបនេះ នឹងជួយពង្រឹងតំបន់ការពាររបស់ក្រុម Bayern ដែលបានរងនូវការរិះគន់ជាច្រើននៅរដូវកាលនេះ។
លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លិប Bayern បានឱ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ដែលយើងបាននាំយកខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារដ៏ឆ្នើមបំផុតក្នុងពិភពលោក និងជាម្ចាស់ជើងឯកពិភពលោកម្នាក់ចូលមកក្នុងក្រុម»៕