ខ្សែប្រយុទ្ធ Fabio Quagliarella បានក្លាយជាកីឡាករវ័យចាស់ជាងគេបំផុតក្នុងការស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ខណៈដែលកីឡាករវ័យ36ឆ្នាំរូបនេះ បានស៊ុតបាល់ប៉េណាល់ទី2គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិលិចតិនស្តាញ ក្នុងលទ្ធផល 6-០ ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ2020។
ក្រុមជម្រើសជាតិអ៊ីតាលី កំពុងតែនាំមុខលើកំពូលតារាងនៃពូល J ដោយមាន6ពិន្ទុ ក្រោយពីបានផ្តួលក្រុមជម្រើសជាតិហ្វាំងឡង់ ក្នុងលទ្ធផល 2-០ ក្នុងទីក្រុង Udine កាលពីថ្ងៃសៅរ៍ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Nicolo Barella និង Moise Kean។ ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិបូស្ន៊ីបានរបូតគ្រាប់បាល់នាំមុខ២គ្រាប់ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើជាមួយនឹងក្រុមជម្រើសជាតិក្រិក ហើយក្រុមទាំងពីរកំពុងតែដេញតាមពីក្រោយក្រុមអ៊ីតាលី ដោយមាន4ពិន្ទុ ខណៈដែលក្រុមហ្វាំងឡង់ មាន3ពិន្ទុ។
លោក Roberto Mancini គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានឱ្យដឹងថា៖ «បេសកកម្មត្រូវបានបញ្ចប់ដោយជោគជ័យ។ លទ្ធផលនេះពិតជាល្អ ហើយវាពិតជាសំខាន់ណាស់ដែលយើងបានរកគ្រាប់បាល់ ច្រើន»។
ខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិប Atletico Madrid ដែលខ្ចីជើងពីក្លិប Chelsea បានស៊ុតបាល់បញ្ចូលទីទាំង2គ្រាប់ ខណៈក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានដណ្តើមជ័យជម្នះក្នុងការប្រកួតជម្រុះ Euro ឆ្នាំ2020 ទាំងលំបាកក្នុងលទ្ធផល 2-០ លើក្រុមជម្រើសជាតិម៉ាល់ត៍កាលពីថ្ងៃអង្គារ។ ស្របពេលដែលមានគម្លាតចំណាត់ថ្នាក់រហូតដល់ទៅ173លេខរវាងក្រុមទាំង2លើតារាងចំណាត់ថ្នាក់ពិភពលោក ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង ប៉ុន្តែបានជួបការលំបាកក្នុងការទម្លុះតំបន់ការពារនៃក្រុមម្ចាស់ផ្ទះ។ Morata បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អចេញពីជ្រុងម្ខាងនៃប្រអប់ទី1 ក្នុងតង់ទី1 នៅមុនពេលបន្ថែមគ្រាប់បាល់ទី2 របស់គេតាមរយៈការតែតបាល់ចូលទីយ៉ាងល្អ ក្រោយពីការបញ្ជូនបាល់ពីខ្សែបម្រើ Jesus Navas៕