ក្នុងរយៈពេល 5ខែ ដើមឆ្នាំ 2017 ចំណូលពន្ធ-អាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន 4.052ពាន់លានរៀលស្មើនឹង 1,020.50លានដុល្លារអាមេរិកស្មើនឹង 59.48% នៃផែនការច្បាប់។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំសរុបលទ្ធផលកាលពីថ្ងៃទី09 ខែមិថុនា ឆ្នាំ 2017 ម្សិលមិញនេះថា ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2016 ឃើញថាការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល 5ខែដើមឆ្នាំ 2017 នេះកើនឡើង 1.249ពាន់លានរៀល ឬប្រមាណជា 312.24លានដុល្លារ ស្មើនឹង 44.09%។
លោកបានមានប្រសាសន៍ថា ក្នុងរយៈពេល 5ខែ ដើមឆ្នាំ2017 នេះផងដែរការប្រមូលពន្ធកើនឡើងស្ទើរតែគ្រប់ប្រភេទពន្ធ ជាពិសេសប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូលកើនឡើង 35.2% ពន្ធលើប្រាក់បៀវត្សរ៍កើនឡើង 7.1% និងអាករលើតម្លៃបន្ថែមកើនឡើង 59.20% ខណៈដែលអាករពិសេសកើនឡើង 11.3%៕