ក្រុមហ៊ុន Samsung បានបន្តចេញផ្សាយនូវត្រកូល A មួយម៉ូឌែលទៀត គឺ Galaxy A70 ដែលមានការវិវដ្ដអេក្រង់កាន់តែធំរហូតដល់ 6.7អ៊ីញ ប្រភេទ Super AMOLED ជារចនាប័ទ្មអេក្រង់ Infinity-U បង្កប់កាមេរ៉ាមុខទំហំ 32MP។
កាមេរ៉ា 3 គ្រាប់ខាងក្រោយដោយមួយទំហំ 32MP មាន Aperture f/1.7 ខណៈគ្រាប់ទីពីរមានទំហំ 8MP ប្រភេទ Ultra-Wide Angle (123 ដឺក្រេ) និងគ្រាប់ទីបីប្រភេទ Depth Sensor ទំហំ 5MP។ ទូរស័ព្ទដៃប្រភេទនេះមានមុខងារប្រព័ន្ធសុវត្ថិភាពពីរ រួមមានជម្រើសស្កេនខ្ចៅដៃលើអេក្រង់ ឬស្កេនមុខដោះសោ។
A70 មានថាមពលថ្មធំដល់ 4,500mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង 25 វ៉ាត់ ដែលធំជាងត្រកូល Galaxy ដទៃៗទៀត ពោលដូចជា Galaxy S10 5G ត្រឹម 18វ៉ាត់តែប៉ុណ្ណោះ។ ប៉ុន្តែទូរស័ព្ទកម្រិតមធ្យម អត់មានគាំទ្រប្រព័ន្ធសាកថ្មឥតខ្សែ Wireless Charging ឡើយ។
ស្ថិតក្នុងជម្រើស RAM 6GB ឬ 8GB អមដោយអង្គផ្ទុក (memory) ក្នុងម៉ាស៊ីនទំហំ 12GB អាចបន្ថែម microSD Card ដល់ទំហំ 512GB នៅអមនឹងប្រអប់ស៊ីមកាតចំនួនពីរ។
អេក្រង់ 6.7 អ៊ីញអាចមើលទៅធំពេក ប៉ុន្តែក្រុមហ៊ុន Samsung បានរចនាតួខ្លួនជារាងទ្រវែងដែលមានបណ្តោយ 76.7 មីលីម៉ែត្រ ពោលគឺកាន់ពេញដៃសមល្មម ឬអាចប្រើប្រាស់មុខងារដៃម្ខាង One Handed Navigation ក៏បាន។
ទូរស័ព្ទដៃ Samsung A70 មាន 4 ពណ៌គឺ Coral, Blue, Black និង White ប៉ុន្តែចំពោះតម្លៃ និងការចេញលក់លម្អិត ខាងក្រុមហ៊ុនសុំលាក់សិន ដោយអាចនឹងបញ្ជាក់បន្ថែមនាថ្ងៃទី10 មេសាខាងមុខ៕