ថ្មីៗនេះ ស៊ូ ស៊ីរីកា ទើបតែមានឱកាសសម្ដែងជាលើកដំបូងនៅលើទឹកដីអាមេរិកប៉ុណ្ណោះ ប៉ុន្តែតារាស្រីរូបនេះកញ្ឆក់យកបេះដូងអ្នកគាំទ្រគួរឱ្យសរសើរ បើទោះបីការសម្ដែងទើបតែបញ្ចប់។ ប្រភពពីអ្នកគ្រប់គ្រងកម្មវិធីនៅសហរដ្ឋអាមេរិកបានលើកឡើងថា តារាស្រីនៅផលិតកម្មថោនរូបនេះ មានសន្ទុះខ្លាំងមិនធម្មតាឡើយ ព្រោះថា ទាំងខ្មែរនៅទីនោះ ទាំងបរទេស ទាំងមន្ត្រីស្ថានទូតប្រចាំសហរដ្ឋអាមេរិក សម្រុកទិញសំបុត្រទស្សនាការសម្ដែងរបស់នាងយ៉ាងភ្លូកទឹកភ្លូកដី។ អ្វីដែលពិសេសជាងនេះទៀតគឺ ធ្លាយដំណឹងមកថា មានកន្លង់រូបសង្ហា កំពុងតែចែចង់រូបនាង ហើយនាងក៏កំពុងពិចារណាដែរ។
ប្រភពដដែលអះអាងថា ការបកស្រាយសម្ដែងរាំច្រៀងត្រឹមតែ 6 Shows តែហ្វេននៅលើទឹកដីអាមេរិក សុទ្ធតែលាន់មាត់សរសើរថា នាងជាតារាចម្រៀងខ្មែរ ដែលអាចបកស្រាយបានលន្លង់លន្លោចទាំងបទមនោសញ្ចេតនាជាភាសាខ្មែរ និងបរទេស ខណៈដែលបទចម្រៀងជាចង្វាក់រាំៗដែលនាងបកស្រាយក៏ពោរពេញដោយស្ទីលក្រម៉ិចក្រម៉ើម ធ្វើឱ្យអ្នកទស្សនាដោយផ្ទាល់ជាប់ចិត្ត។ អ្នកគ្រប់គ្នាថា ស៊ូ ស៊ីរីកា ពិតជាមានប្រជាប្រិយភាពនៅលើទឹកដីស៊ីវិល័យនោះមិនធម្មតាមែន ដោយអ្នកធានាយកនាងឱ្យទៅច្រៀងនៅទីនោះញញឹមបិទមាត់មិនជិត និងសរសើរថានាងគឺជាតារាល្បីមកពីកម្ពុជាតែម្នាក់គត់ ដែលចេះសម្របតាមបរិយាសដោយតស៊ូច្រៀងបំពេញតាមសំណូមពរអ្មកគាំទ្រ ដោយមិនកំណត់ចំនួនបទ និងម៉ោងពេល ធ្វើឱ្យកម្មវិធីទាំងមូលកាន់តែរស់រវើកនោះផង។
សូមជម្រាបដែរថា ស្របពេលដែលទទួលបានការជោគជ័យសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក ខណៈនេះ បទចម្រៀងថ្មីរបស់នាង “ម៉ាឌីហ្សុនឈូសស្បែកជើង” របស់នាងក៏ត្រូវគេចាក់បន្លឺយ៉ាងកងរំពងមិនអន់ដែរ គ្រប់ទិសទីកន្លែង តាមហាងទំនិញ ផ្សារទំនើប និងក្នុងវេទិការាំលេងក្នុងមង្គលការ ស្របគ្នាដែលបទចម្រៀងនេះ ក៏មានអ្នកចូលស្ដាប់ច្រើនមិនធម្មតានៅលើបណ្ដាញយូធូប។ មិនត្រឹមតែកន្ត្រាក់អ្នកនិយមទឹកដមសំឡេងរបស់នាងក្នុងបទ “ម៉ាឌីហ្សុនឈូសស្បែកជើង” នោះតែមួយបទទេ សូម្បីតែបទប្រភេទមរតកដើម ដូចជាបទ “ចាស់ហើយលោកប្ដី” ដែលនាងបកស្រាយរួមគ្នា ជាមួយលោក ម៉ៅ ហាជី ក៏ត្រូវគេបន្លឺតាមវិទ្យុ និងទីសាធារណៈ ដែលធ្វើឱ្យតារាស្រីរូបនេះ ត្រូវគេកត់សម្គាល់ថា ខ្លាំងក្នុងការក្រសោបការគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកក្នុងរយៈពេលនេះផងដែរ៕