កសិករដាំសណ្តែកកួរ នៅតាមជាយក្រុងនិយាយថា បន្លែសណ្តែកកួរងាយស្រួលថែទាំជាងបន្លែផ្សេងទៀតណាស់ ហើយឆាប់ឱ្យផលទៀត ដោយចំណាយពេលដាំដុះត្រឹមតែកន្លះខែក៏អាចបេះផ្លែលក់បានហើយ និងបេះបានរាល់ថ្ងៃរហូតដល់ទៅ 2ខែឯណោះទើបដើមងាប់ទៅវិញ។
លោក ស៊ុំ សម្ផស្ស កសិកររស់នៅភូមិព្រែកអុងប៉ាង ឃុំព្រែកថ្មី ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា លោកបានងាកមកដាំសណ្តែកកួរ 3-4ឆ្នាំមកហើយ ក្រោយពីសង្កេតឃើញថា ដំណាំនេះងាយស្រួលដាំជាងដំណាំបន្លែផ្សេងទៀត និងមានរយៈពេលដាំត្រឹមតែកន្លះខែ ហើយអាចបេះបានដល់ទៅជាង 2ខែ និងមានម៉ូយមកប្រមូលទិញដល់ចម្ការ ពុំចាំបាច់ដឹកយកទៅលក់នៅឯផ្សារដោយខ្លួនឯងទៀតផង។
កសិករខាងលើបន្តថា ដំបូងឡើយលោកដាំបន្លែផ្សេងៗច្រើនមុខដែរ ប៉ុន្តែដោយសារបានតម្លៃថោក និងពិបាកលក់នោះ ទើបលោកងាកមកដាំសណ្តែកកួរនេះវិញ ព្រោះងាយស្រួលដាំដុះ និងលក់បានថ្លៃគ្រាន់បើ ក៏សម្រេចចិត្តប្រែក្លាយផ្ទៃដីចំនួន 15អា ពីការដាំបន្លែចម្រុះមកដាំសណ្តែកកួរវិញម្តង។ លោកបញ្ជាក់បន្ថែមថា «ឆ្នាំនេះសណ្តែកកួរគឺនៅនឹងថ្លៃគ្រាន់បើ ក្នុង 1គីឡូក្រាមតម្លៃ 1500រៀលតាំងពីដើមដៃមកម្ល៉េះ ខុសពីឆ្នាំមុនតម្លៃត្រឹមតែ 800ទៅ 1000រៀលតែប៉ុណ្ណោះ ហើយក្នុង 1ថ្ងៃលោកអាចបេះបានជាមធ្យមបានពី 30ទៅ 40គីឡូក្រាមក្នុងមួយថ្ងៃ»។
ចំពោះការរៀបចំដាំដុះវិញគឺ មុនពេលដាំកសិករត្រូវតែភ្ជួរដីហាលចោលកន្លះខែឱ្យឆ្អិនដីល្អសិន ទើបឆូតជារងទំហំទទឹងប្រហែល 1ម៉ែត្រ ហើយយកកូនដើមសណ្តែកកួរមកដាក់ដាំ រួចយកមែកឬស្សីមកដោតធ្វើជាទ្រើង ចន្លោះពីគ្នា1ម៉ែត្រ និងយកមងចាស់ៗមកចងពីលើដើម្បីកុំឱ្យអស់មែកឬស្សីច្រើន និងឱ្យសណ្តែកវាងាយស្រួលតោងឡើងផង។ ក្រោយដាំរួចយើងត្រូវស្រោចទឹក 1ថ្ងៃ 2ដង គឺព្រឺក និងល្ងាច និងមើលថែទាំកុំឱ្យសត្វល្អិតចង្រៃ ឬដង្កូវមកស៊ីត្រួយរបស់វា ហើយនៅពេលដែលសណ្តែកកួរជិតបោះដៃឡើងទ្រើង យើងត្រូវស្រោចជីតាមគល់របស់វា ដើម្បីឱ្យវាលូតលាស់បានល្អ និងធន់នឹងជំងឺ។
បន្ទាប់ពីសណ្តែកកួរអាយុបាន 15ថ្ងៃ គឺយើងអាចបេះវាបានហើយ និងបេះបានរាល់ថ្ងៃ និងថែមទាំងអាចបេះបានដល់ទៅ 2ខែឯណោះ ទើបសណ្តែកចាស់ដើម យើងបោចដើមចេញ ហើយបាញ់ថ្នាំសម្លាប់ស្មៅ និងដាក់ដាំសាជាថ្មី។ លោកក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីប្តូរមកដាំសណ្តែកកួរនេះមក ជីវភាពគ្រួសាររបស់លោកគឺមានភាពល្អប្រសើរឡើងជាងមុនច្រើន ហើយដំណាំសណ្តែកកួរនេះពិតជាស្រួលដាំមែន ប៉ុន្តែក៏ត្រូវមើលថែទាំវាក្នុងរយៈពេល 15ថ្ងៃទៅ 20ថ្ងៃដែរ ទើបសណ្តែកចេញផ្កាផ្លែអាចប្រមូលផលបាន។
ចំណែកឯឈ្មួញកណ្តាលម្នាក់ ក្នុងចំណោមឈ្មួញជាច្រើនទៀត គឺអ្នកស្រី ឃុន មួយ ឆេង មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាលបានឱ្យដឹងដែរថា មិនថាតែសណ្តែកកួរនោះទេគឺអ្នកស្រីទិញបន្លែគ្រប់ប្រភេទ និងចុះទិញដល់ចម្ការតែម្តង គឺប្រមូលទិញយកទៅលក់បោះដុំឱ្យម៉ូយនៅឯផ្សារនាគមាសភ្នំពេញ។ ឈ្មួញរូបនេះបានប្រាប់ដែរថា ឆ្នាំនេះតម្លៃសណ្តែកកួរគឺតម្លៃនៅនឹងគ្រាន់បើតាំងពីដើមដៃមក ដោយ 1គីឡូក្រាមអ្នកស្រីប្រមូលទិញក្នុងតម្លៃ 1500រៀល និងដឹកយកទៅលក់ក្នុងតម្លៃពី 1800ទៅ 2000រៀល ហើយជាមធ្យមក្នុង 1ថ្ងៃគឺទិញបានចន្លោះពី 1តោនទៅ 1តោនកន្លះដែរ ខុសពីឆ្នាំមុនដែលមានតម្លៃក្នុង 1គីឡូក្រាមត្រឹមតែ 800ទៅ 1000រៀលតែប៉ុណ្ណោះ៕