ខ្សែបម្រើ Nico Schulz បានរកឃើញគ្រាប់បាល់ឈ្នះនៅនាទីចុងក្រោយ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានបំពេញការសងសឹករបស់ពួកគេលើក្រុមជម្រើសជាតិហូឡង់ តាមរយៈការយកឈ្នះយ៉ាងរំភើបក្នុងលទ្ធផល 3-2 ក្នុងការប្រកួតជម្រុះសម្រាប់ Euro ឆ្នាំ2020 ក្នុងទីក្រុង Amsterdam កាលពីថ្ងៃអាទិត្យ។
ក្រុមជម្រើសជាតិហូឡង់ បានឈានទៅប្រកួតក្នុងយុទ្ធនាការ Nations League ក្នុងជុំផ្តាច់ព្រ័ត្រ តាមរយៈការស៊ុតបាល់បញ្ចូលទី 2គ្រាប់ក្នុងចន្លោះពេល 5នាទីកាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីទម្លាក់ក្រុមអាល្លឺម៉ង់ឱ្យទៅលេងក្នុងពូល B។
វាបានក្លាយជាការដណ្តើមបានជ័យជម្នះជាលើកទី1 របស់ក្រុមអាល្លឺម៉ង់ក្នុងការប្រកួតផ្លូវការមួយ បើគិតចាប់តាំងពីយុទ្ធនាការ World Cup កាលពីឆ្នាំមុន ហើយជ័យជម្នះនេះបានកើតឡើង ក្រោយពីការប្រកួតមួយដែលក្រុមរបស់លោក Loew បានបង្ហាញពីភាពរឹងមាំ និងភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធ។
អាល្លឺម៉ង់ លេងបានយ៉ាងល្អក្នុងការប្រកួតរយៈពេល 45នាទីដំបូង ក្នុងទីក្រុង Amsterdam ប៉ុន្តែបានធ្លាក់ចូលក្នុងសម្ពាធវិញក្នុងតង់ទី2 ខណៈដែលក្រុមជម្រើសជាតិហូឡង់ បានវាយបកពីការដេញតាមពីក្រោយ 2-០។
ក្រុមដែលប្រជុំដោយកីឡាករថ្មីៗ អាល្លឺម៉ង់បាននាំមុខយ៉ាងឆាប់រហ័សក្នុងលទ្ធផល 2-០ ក្នុងទីក្រុង Amsterdam តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីសំណាក់ Leroy Sane និង Serge Gnabry ប៉ុន្តែ ក្រុមម្ចាស់ផ្ទះបានវាយបកវិញនៅតង់ទី2 តាមរយៈគ្រាប់បាល់ពីសំណាក់កីឡាករ Matthijs De Ligt នៅមុនពេលខ្សែបម្រើស្លាប Memphis Depay រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី 63។
ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯករង World Cup ក្រូអាស៊ី បានរងបរាជ័យក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុមជម្រើសជាតិហុងគ្រី៕