Colton Herta បានក្លាយជាម្ចាស់ជើងឯកវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃកីឡាប្រណាំងរថយន្ត IndyCar កាលពីថ្ងៃអាទិត្យ ខណៈដែលកីឡាករសញ្ជាតិអាមេរិកវ័យ 18ឆ្នាំរូបនេះបានទទួលជ័យជម្នះក្នុងការប្រណាំងជាស៊េរី ជាលើកទី3 របស់គេក្នុងព្រឹត្តិការណ៍ IndyCar Classic។
កូនប្រុសរបស់អតីតកីឡាករ Brian Herta រូបនេះបានទទួលជ័យជម្នះក្នុងការប្រណាំងចំនួន 60ជុំ លើចម្ងាយផ្លូវ 3.41ម៉ាល (ស្មើនឹង 5.48គីឡូម៉ែត្រ) នៅលើទីលានដែលមានផ្លូវបត់ចំនួន 20កន្លែងក្នុងការប្រណាំងជាស៊េរីនៅលើទីលាន Circuit of the Americas ក្នុងទីក្រុង Austin រដ្ឋ Texas។
Herta បាននិយាយថា៖ «វាពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំធ្វើបានយ៉ាងល្អ។ ខ្ញុំត្រូវការការសម្រាកបន្តិចនៅពេលនេះ» ។Herta ដែលជាសហម្ចាស់ជើងឯកក្នុងការប្រកួតមួយនាព្រឹត្តិការណ៍ 24 Hours of Daytona កាលពីខែមករានោះ បានបំបែកកំណត់ត្រាអាយុដែលត្រូវបានបង្កើតឡើងដោយកីឡាករអាមេរិកដូចគ្នាគឺ Graham Rahal។
Rahal ដែលជាអ្នកប្រណាំងរថយន្ត IndyCar ស្នងពីឪពុករបស់ខ្លួនម្នាក់ទៀតមានវ័យ19ឆ្នាំ និង 3ខែ ក្នុងពេលរូបគេបានទទួលជ័យជម្នះកាលពីឆ្នាំ2008 នៅទីក្រុង St. Petersburg រដ្ឋ Florida។
Herta ដែលនឹងឈានចូលវ័យ 19ឆ្នាំនៅថ្ងៃសៅរ៍នេះ បានឈប់ប្តូរកង់លើកចុងក្រោយរបស់គេនៅក្បែរបង្អួចកន្លែងចាក់សាំងចុងក្រោយ និងបានដណ្តើមយកការនាំមុខ នៅពេលដែលការប៉ះទង្គិចគ្នាមួយបានបង្ខំឱ្យកីឡាករ Will Power និង Alexander Rossi ពន្យារពេលការឈប់ប្តូរកង់ជាលើកចុងក្រោយរបស់ពួកគេដែរ។
Rahal បានឱ្យដឹងថា៖ «វាពិតជាយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះមែន យើងមិនបានរំពឹងទុកបែបនោះឡើយ។ យើងពិតជាមានល្បឿនដ៏ល្អខ្លាំងណាស់ ហើយយើងក៏មានល្បឿនលឿនក្នុងពេលចាប់ផ្តើមដែរ»៕