លោក Gareth Southgate អ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកោតសរសើរទៅលើភាពចាស់ទុំរបស់ខ្សែប្រយុទ្ធ Raheem Sterling ក្នុងការប្រកួតអន្តរជាតិ ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទី 3គ្រាប់ឱ្យក្រុមដែលមានរហស្សនាមថា តោកំណាចទាំង3 មួយនេះ ក្នុងពេលពួកគេបានយកឈ្នះក្នុងលទ្ធផល 5-០ លើក្រុមជម្រើសជាតិសាធារណរដ្ឋឆែក កាលពីរាត្រីថ្ងៃសុក្រ។
ក្រុមប្រជុំដោយកីឡាករពោរពេញដោយទេពកោសល្យក្នុងក្រុមរបស់លោក Southgate បានបង្ហាញពីសមត្ថភាព ខណៈដែលកីឡាករ Jadon Sancho វ័យ 18ឆ្នាំ និង Callum Hudson-Odoi បានបំពេញតួនាទីយ៉ាងល្អ ក្នុងក្រុមជម្រើសជាតិអង់គ្លេស ដោយបានចាប់ផ្តើមយ៉ាងល្អក្នុងយុទ្ធនាការនៃការប្រកួតជម្រុះ Euro ឆ្នាំ2020។
Sterling វ័យ 24ឆ្នាំ បានរងនូវការរិះគន់ជារឿយៗ ខណៈដែលរូបគេបានស៊ុតបាល់បញ្ចូលទីបានត្រឹមតែ 2គ្រាប់គត់ក្នុងការបង្ហាញខ្លួនជាអន្តរជាតិចំនួន 45លើកដំបូងរបស់គេ។
ប៉ុន្តែ ខ្សែបម្រើស្លាបរបស់ក្លិប Manchester City រូបនេះ បច្ចុប្បន្នរកបាន 5គ្រាប់ក្នុងការប្រកួត 3លើកចុងក្រោយរបស់គេសម្រាប់ក្រុមអង់គ្លេស ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ក្នុងពេលអង់គ្លេសយកឈ្នះលើក្រុមអេស្ប៉ាញ 3-2 ក្នុងការប្រកួត Nations League កាលពីខែវិច្ឆិកា ឆ្នាំមុន។
លោក Southgate បានឱ្យដឹងថា៖ «ខ្ញុំបានគិតថា រូបគេពិតជាមានភាពមុតស្រួចមែននៅរាត្រីនោះ។ ខ្ញុំពិតជាពេញចិត្តរូបគេចំពោះការបង្ហាញពីទម្រង់លេងដ៏ល្អបែបនេះ។ យើងមិនអាចលាក់បាំងការពិតបានថា រូបគេបានជួបពេលវេលាដ៏លំបាកមួយជាមួយនឹងក្រុមអង់គ្លេសឡើយ ហើយរូបគេបានវិលទៅរកភាពខ្លាំងវិញទាំងស្រុងហើយ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំក៏គិតផងដែរថា គ្រាប់បាល់នៅលើទឹកដីក្រុមអេស្ប៉ាញ ពិតជាពេលវេលាដ៏សំខាន់ណាស់សម្រាប់រូបគេ»៕