ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Juventus ត្រូវបានពិន័យជាទឹកប្រាក់ចំនួន 2ម៉ឺនអឺរ៉ូ (ស្មើនឹង 22.7ម៉ឺនដុល្លារអាមេរិក) ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ថា UEFA សម្រាប់ការអបអរខុសទំនងនៅពេលរកបានគ្រាប់បាល់ 1គ្រាប់ ក្នុងពេលដែលក្រុមខ្លួនបានយកឈ្នះលើក្រុម Atletico Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ កាលពីសប្តាហ៍មុន។
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ វ័យ 34ឆ្នាំរូបនេះ ហាក់បានធ្វើត្រាប់តាមគ្រូបង្វឹករបស់ក្រុម Atletico លោក Diego Simeone ដែលបានបែរទៅកាន់អ្នកគាំទ្រ និងបានយកដៃក្តោបក្រលៀនរបស់លោក ក្នុងពេលក្រុមរបស់លោកដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-០ កាលពីក្រុមទាំង 2 ប្រកួតគ្នានៅជើងទី1។
Ronaldo បានធ្វើកាយវិការបែបនោះ នៅពេលដែលរូបគេបានបំពេញការរកបានគ្រាប់បាល់ 3គ្រាប់តែម្នាក់ឯង ក្នុងការប្រកួតជើងទី2 ដែលធ្វើឱ្យក្រុម Juventus បានយកឈ្នះក្នុងលទ្ធផល 3-០ ដើម្បីឈានទៅវគ្គ 8ក្រុមចុងក្រោយ តាមរយៈការដណ្តើមបានជ័យជម្នះទាំង 2ជើងក្នុងលទ្ធផល 3-2។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Simeone ក៏បានរងការពិន័យជាទឹកប្រាក់ 2ម៉ឺនអឺរ៉ូផងដែរពី UEFA សម្រាប់ការអបអររបស់លោកនៅពេលនោះ ខណៈដែលអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបមួយនេះ បានដាក់ពិន័យដូចគ្នាក្នុងករណីរបស់ Ronaldo ដែរ។
លោក Simeone បាននិយាយបន្ទាប់ពីការប្រកួតថា៖ «រូបគេប្រាកដជាបានឃើញពីរបៀបដែលខ្ញុំបានធ្វើនៅកីឡដ្ឋាន Wanda Metropolitano ហើយមិនខុសពីខ្ញុំឡើយ រូបគេបានព្យាយាមបង្ហាញពីឥរិយាបថរបស់គេ»។
Ronaldo ដែលបានវិលទៅចូលរួមក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់វិញ ក្រោយពីអវត្តមាន 9ខែ កាលពីរាត្រីថ្ងៃព្រហស្បតិ៍នោះ បានស៊ុតបាល់បញ្ចូលទី 24គ្រាប់ឱ្យក្រុម Juventus ចាប់តាំងពីផ្ទេរមកពីក្លិប Real Madrid សម្រាប់តម្លៃខ្លួន 100លានអឺរ៉ូ កាលពីឆ្នាំមុន៕