ខាងគណៈកម្មការរៀបចំព្រឹត្តិការណ៍ AEG Presents និង BEC-Tero Entertainmentបាន ប្រកាសតារាង World Tour Concert របស់តារាចម្រៀង និងជាអ្នកនិពន្ធទំនុកច្រៀងល្បីល្បាញទូទាំងពិភពលោកតាមរយៈបទ «Shape of You» គឺកំពូលតារាចម្រៀង Ed Sheeran ដែលនឹងធ្វើដំណើរមកកាន់ប្រទេសថៃ ដើម្បីរៀបចំការប្រគំតន្ត្រីខ្នាតធំ ដែលនេះជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសថៃ។ នៅក្នុងនោះ មានទីក្រុងមួយចំនួននៅតំបន់អាស៊ី ដែលកំពូលតារាចម្រៀងរូបនេះបានបញ្ជប់បេសកកម្មប្រគំតន្រ្តីទេសចរណ៍រួចហើយ ដូចជា តៃប៉ិ អូសាកា សេអ៊ូល តូក្យូ ហុងកុង ម៉ានីល ហ្សាការតា សិង្ហបុរី កួឡាឡាំពួ ប៊ុមបៃ និង ឌុយបៃ។
មហាព្រិត្តិការណ៍លំដាប់អន្តរជាតិប្រចាំឆ្នាំបែបនេះ និងប្រព្រឹត្តទៅនៅថ្ងៃទី16 ខែវិច្ឆកា ឆ្នាំ2017 នៅក្នុងតំបន់មឿងថងថានី ប្រទេសថៃ លោក Ed Sheeran គឺជាសិល្បករដែលមកពីទីក្រុង Suffolk ហើយជាសិល្បករដែលបានបំបែកស្ថិតិការប្រគំតន្រ្តីកាលពីឆ្នាំ 2015 ក្នុងការសម្ដែងនៅ Wembley Stadium ដែលមានអ្នកចូលរួមទស្សនាច្រើនបំផុតរហូតដល់ 240,000នាក់ ក្នុងរយៈពេល 3យប់ជាប់ៗគ្នា និងកាន់តែអស្ចារ្យទៅទៀតនោះ លក្ខណៈការសម្ដែងរបស់លោក គឺមានការប្រើប្រាស់ឧបករណ៍តន្ត្រីតែ Loop Pedal និងហ្គីតារ មួយដើមប៉ុណ្ណោះ ដែលវាជាឯកលក្ខណៈពិសេសមួយជំរុញឱ្យការលក់សំបុត្រចូលទស្សនាទាំង 3 រាត្រីគ្មានសល់មួយកន្លែងណាឡើយ។
ការសម្ដែងផ្ទាល់ដែលមានអ្នកគាំទ្រពាសពេញពិភពលោករង់ចាំទស្សនាព្រឹត្តិការណ៍ប្រគំតន្រ្តី Ed Sheeran Tour 2017 នេះ កំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះនេះគឺជាការបង្ហាញខ្លួនយ៉ាងពិសេសក្នុងការលេងឧបករណ៍តន្រ្តីដោយផ្ទាល់ជាពិសេសចំពោះបទ ” Shape of You ” តែម្ដង។ សម្រាប់តម្លៃសំបុត្រដែលលក់នៅក្នុងប្រទេសថៃ មានចាប់ពីតម្លៃ 1,800 បាត ដែលចាប់ផ្ដើមលក់នៅថ្ងៃទី1 ខែកក្កដា ឆ្នាំ2017 តទៅនៅគ្រប់សាខាលក់សំបុត្ររបស់ thaiticketmajorឬចូលទៅទិញនៅក្នុងគេហទំព័រផ្ទាល់តាមរយៈ www.thaiticketmajor.co ក៏បាន ។
គួរបញ្ជាក់បន្ថែមថា បទចម្រៀង ” Shape of You ” គឺជាបទចម្រៀងដំបូងបង្អស់ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ហើយអាចឡើងទៅឈរលើលេខរៀងទី 1 ក្នុងតារាង BillBoard Hot 100 និងនៅលើការផ្សាយរបស់ Spotifyក្នុងរយៈពេលមួយថ្ងៃ និងក្នុងមួយសប្ដាហ៍ ។ គួររំឭកបន្ដិចដែរថា កាលពីថ្ងៃទី6 ខែមិថុនា ឆ្នាំ2017 បទសម្ភាសរបស់ Ed Sheeranជាមួយសារព័ត៌មាន BBC អំពីការតាក់តែងនិពន្ធបទនេះ គឺ «ជាការពិតណាស់ខ្ញុំចង់សរសេរបទនេះឡើង សម្រាប់បុរសពីរនាក់ផ្សេងគ្នា ដែលមានឈ្មោះថា Steve Mac និង Johnny McDaid ហើយពួកយើងសរសេរបទនេះឡើង គឺសំដៅលើនារីម្នាក់ដែលមានរាងសិចស៊ី គឺ Rihanna»៕