ពិតជាមិនធ្លាប់បានដឹងទាល់តែសោះថា តារាចម្រៀងនិងច្រៀង ឆ័យ លីដាឡែន ពូកែវោហាស័ព្ទនិយាយកំប្លែងផ្ទុះសំណើតនៅក្នុងរោងការទាល់តែសោះ ស្រាប់តែពេលថ្មីៗនេះ អ្នកនាងបានបង្ហោះសារនិងរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុកថា នេះជារោងការទី 2 ហើយដែលអ្នកច្រៀងកាត់សក់ការ។
គេមើលឃើញថា អ្នកនាង ឆ័យ លីដាឡែន ស្រាប់តែបង្កើតអាជីពបន្ថែមទៀត ច្រៀងកាត់សក់ការ ដោយចាប់ដៃគូជាមួយនាយគ្រឿន ហើយភាពកំប្លែងកាត់សក់កូនប្រុសកូនស្រីនេះ ធ្វើឱ្យ ដាឡែន បុកពោះមិនស្ទើរនោះទេ ខ្លាចសម្តែងខុសទម្រង់បែបការ។
នេះជាតារាទី2ហើយ ដែលងាកមកចាប់អាជីពច្រៀងកាត់សក់ការ ដោយមុននេះឃើញតារាសម្តែង ប៉ែន ចំរ៉ុង ប្តូរមកច្រៀងកាត់សក់ការដៃគូជាមួយ ខាត់ សុឃីម។ ចំណែក ឆ័យ លីដាឡែន ដែលនិយមលេងសើច ឬនៅខាងក្រៅចូលចិត្តកំប្លែងឲ្យគេសើចសប្បាយនោះ ស្រាប់តែងាកមកចាប់អាជីពថ្មីសឹងថា មិនគួរឲ្យជឿ ស្របពេលដែលនាងជាតារាចម្រៀងយេយេរាំញាក់រង្គើរឆាកសម្តែងឡើងរាំឆ្នាំទៅហើយនោះ។
នៅលើបណ្តាញសង្គមរបស់ ដាឡែន បានសរសេររៀបរាប់ថា លើកទីដំបូងហើយសម្រាប់ខ្ញុំក្នុងអាជីពមួយនេះ រោងទី1ដែលច្រៀងកាត់សក់ជាមួយដៃគូនាយគ្រឿន អរគុណដល់បងម្ចាស់ការ ដែលស្រលាញ់គាំទ្រ ខ្ញុំជ្រើសយកខ្ញុំច្រៀងកាត់សក់សេរីមង្គលកូនប្រុសកូនស្រីជាមួយនឹងនាយគ្រឿន។
តាមរយៈរបរថ្មីនេះ គេកាន់តែរំពឹងថា ម្ចាស់ដើមការនានាអាចនឹងទាក់ទង ដាឡែន យកទៅច្រៀងមង្គលការវគ្គកាត់សក់ ព្រោះតារារូបនេះ ក៏មានជំនាញបែបកំប្លែងៗធ្វើឲ្យសើចចុកពោះមិនអន់ឡើយ។ បែបនេះហើយទើបត្រូវបាននាយគ្រឿងឆក់យកធ្វើដៃគូមុនគេ ដើម្បីឲ្យមានការទាក់ទាញ ពេលសម្តែងជូនកូនលោកមេបាប្រុសស្រីហើយប្លែកម្យ៉ាងដែរ៕