ក្រុមហ៊ុន Hyundai Corporation Cambodia នឹងនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសកូរ៉េជាលើកដំបូងនៅចុងខែតុលា ឆ្នាំនេះ បន្ទាប់ពីរោងចក្រវេចខ្ចប់ និងកែច្នៃផលិតផលផ្លែឈើ ព្រមជាមួយនឹងឡចំហាយទឹកក្តៅ ;បានសាងសង់ និងបានដំឡើងរួចរាល់កាលពីខែមុននេះ។
លោក Lee Chang-Hoon អគ្គនាយកនៃក្រុមហ៊ុន Hyundai Corporation (Cambodia) បានឱ្យដឹងថា នាពេលនេះកម្ពុជាមានផ្លែស្វាយដែលមានសុវត្ថិភាពគ្មានសារធាតុពុល និងប្រកបដោយសុវត្ថិភាព ដែលអនុលោមតាមស្តង់ដារអន្តរជាតិ និងអាចនាំទៅកូរ៉េ និងបណ្តាប្រទេសផ្សេងៗបានហើយ។លោកប្រកាសថា នៅចុងខែតុលានេះ ក្រុមហ៊ុនលោកនឹងធ្វើការនាំចេញផ្លែស្វាយទៅកាន់ប្រទេសកូរ៉េជាលើកដំបូង ដោយលោករំពឹងថា ផ្លែស្វាយប្រមាណប្រមាណ 2 ទៅ 3ពាន់តោននឹងនាំចេញទៅប្រទេសកូរ៉េ។
លោក Lee បន្តថា ឆ្នាំមុន កូរ៉េនាំចូលផ្លែស្វាយស្រស់ប្រមាណ 14,000តោនពីបណ្តាប្រទេសផ្សេងៗក្នុងនោះ 50ភាគរយនាំចូលពីប្រទេសថៃ ជាង 30ភាគរយពីហ្វីលីពីន និងពីវៀតណាមជាង 10ភាគរយ។ ដូច្នេះ លោកនឹងទាញយកចំណែកទីផ្សារប្រមាណ 20ទៅ 30ភាគរយពីទីផ្សារទាំង3 នេះ ដើម្បីឱ្យផ្លែស្វាយកម្ពុជាអាចចូលទៅទីផ្សារកូរ៉េបាន ពីព្រោះស្វាយកម្ពុជា បច្ចុប្បន្នបានអនុលោមតាមនិតិវិធីបទប្បញ្ញត្តិច្បាប់ទាក់ទងនឹងភូតគាមអនាម័យ និងសុវត្ថិភាពចំណីអាហាររបស់កូរ៉េបានហើយ។លោកបន្តទៀតថា រសជាតិស្វាយរបស់កម្ពុជាឆ្ងាញ់ និងទំហំធំល្អ បើប្រៀបធៀបជាមួយផ្លែស្វាយរបស់ ប្រទេសថៃ និងវៀតណាម។
លោកបានបន្តទៀតថា ដោយមើលឃើញពីសក្តានុពលនេះហើយ ទើបHyundai Corporation (Cambodia) សម្រេចចិត្តវិនិយោគទឹកប្រាក់ប្រមាណ 10លានដុល្លាអាមេរិកក្នុងការសាងសង់រោងចក្រវេចខ្ចប់ កែច្នៃផលិតផលផ្លែឈើ និងឡចំហាយទឹកក្តៅដែលបានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ2018 នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក Lee បានឱ្យដឹងថា នៅពេលនេះ រោងចក្រទើបតែបញ្ចប់ការសាងសង់ទាំងស្រុង និងបានចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ ដោយចង្វាក់ផលិតកម្មរោងចក្ររបស់លោកអាចផលិត និងវេចខ្ចប់ផ្លែស្វាយបានចំនួន 15តោនក្នុង 1ថ្ងៃ ប៉ុន្តែតម្រូវការវិញ គឺមានច្រើនលើសលុប ដូច្នេះតម្រូវឱ្យមានការវិនិយោគបន្ថែមទៀតទៅលើរោងចក្រកែច្នៃ និងឡចំហាយទឹកក្តៅ។
លោក Lee បន្តថា៖“ឥឡូវយើងមានចម្ការស្វាយប្រមាណ 260ហិកតា ដែលមានដើមស្វាយប្រមាណជាង 4ពាន់ដើម ដោយឡែកក្នុងចំណោមដើមស្វាយទាំង 4ពាន់ដើមនេះ វាអាចផ្តល់ប្រភេទស្វាយល្អបំផុតដែលជាតម្រូវការរបស់ទីផ្សារអន្តរជាតិ ឬហៅថា កម្រិត A បានប្រមាណជា 800តោន ក្រៅពីនោះជាប្រភេទកម្រិត B និង C”។
លោក Lee បានបន្តទៀតថា លោកកំពុងតែសិក្សាលើការផលិតស្វាយកែវរមៀតឱ្យបានពេញ 1ឆ្នាំ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារកូរ៉េ និងទីផ្សារប្រទេសផ្សេងទៀត ដោយភាគច្រើនប្រភេទស្វាយកែវរមៀតនេះ យើងអាចប្រមូលផលបានចាប់ពីខែកញ្ញាដល់ខែមិថុនា ដូច្នេះវាមិនអាចផ្គត់ផ្គង់ចង្វាក់ផលិតកម្មបានគ្រប់ទេ។ លោកកំពុងតែសិក្សាស្វែងរកបច្ចេកទេសក្នុងការផលិតស្វាយកែវរមៀតបែបណាឱ្យបានពេញ 1ឆ្នាំ។
លោកបានឱ្យដឹងថា អ្នកបញ្ជាទិញត្រូវការផលិតផលរៀងរាល់ថ្ងៃ និងរៀងរាល់សប្តាហ៍ ដូច្នេះយើងត្រូវតែផ្គត់ផ្គង់ផ្លែស្វាយឱ្យបានពេញមួយឆ្នាំ មិនមែនតែក្នុងមួយរដូវប្រមូលផលនោះទេ។ មួយទៀតយើងមានបច្ចេកទេសក្នុងការស្តុកទុកផ្លែស្វាយរបស់យើងរហូតដល់ទៅ 1ខែឯណោះ។
លោក Lee បន្តឱ្យដឹងទៀតថា ទិសដៅរបស់ក្រុមហ៊ុន គឺចង់ឱ្យផ្លែស្វាយកម្ពុជានាំទៅកូរ៉េជំនួសឱ្យទីផ្សារផ្លែស្វាយរបស់ថៃ ហ្វីលីពីន និងវៀតណាម ប៉ុន្តែក្នុងជំហានដំបូងនេះ គឺលោកធ្វើការនាំចេញតែប្រមាណ 2ពាន់តោន ទៅ 3ពាន់តោនសិនក៏បាន។
លោក Lee បញ្ជាក់ថា បន្ទាប់ពីចាប់ផ្តើមនាំចេញទៅកូរ៉េហើយ លោកនឹងសម្លឹងមើលទីផ្សារជប៉ុន ចិន ហុងកុង និងសិង្ហបុរី ហើយនៅឆ្នាំ2020-2021 ខាងមុខ លោកនឹងបោះទុនវិនិយោគប្រមាណ 6លានដុល្លារដើម្បីសាងសង់រោងចក្រកែច្នៃផលិតផលចេញពីផ្លែស្វាយនៅខេត្តកំពង់ស្ពឺថែមទៀត។
លោក Lee បន្តថា ក្នុងរយៈពេលជាង 4ឆ្នាំកន្លងមកនេះ លោកបានដកបទពិសោធជាច្រើនពីបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសថៃ វៀតណាម និងកូរ៉េដែលប្រទេសទាំងអស់នេះមានបទពិសោធច្រើនក្នុងការនាំចេញផលិតផលកសិកម្មសម្រាប់ទីផ្សារក្រៅប្រទេស តែឥឡូវកម្ពុជាមានផ្លែស្វាយដែលអនុលោមតាមស្តង់ដារអន្តរជាតិស្អាត និងគ្មានសារធាតុគីមីហើយ។
លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្មបានឱ្យដឹងថា ផលិតផលកសិកម្មដែលកម្ពុជានាំចេញសព្វថ្ងៃមាន អង្ករ ផ្លែស្វាយ ចេក ម្រេច ស្វាយចន្ទី និងកៅស៊ូ ។ល។
លោកបានឱ្យដឹងថា ផលិតផលកសិផលរបស់កម្ពុជាត្រូវបាននាំចេញទៅប្រទេសជិតខាង និងប្រទេសទី3ហើយភាគច្រើននាំចេញជាវត្ថុធាតុដើម ដោយមិនទាន់កែច្នៃ ដែលធ្វើឱ្យកម្ពុជាបាត់បង់នូវតម្លៃបន្ថែមដែលទាមទារឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មពង្រឹងការកែច្នៃដើម្បីទាញយកតម្លៃបន្ថែមឱ្យបានច្រើន និងបង្កើតការងារដល់ប្រជាជនកម្ពុជាផងដែរ។
លោក ភាជ មានប្រសាសន៍ថា៖“ការវិនិយោគបាននាំយកមកទាំងបច្ចេកទេស បច្ចេកវិទ្យា និងទីផ្សារដូច្នេះទាមទារឱ្យមានការវិនិយោគ និងមានការចូលរួមទាំងអស់គ្នា ដើម្បីទាក់ទាញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម”៕
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Hyundai Corporation Group បានសាងសង់មជ្ឈមណ្ឌលចែកចាយផលិតផលកសិកម្ម រោងចក្រវេចខ្ចប់ និងកែច្នៃផលិតផលផ្លែឈើ ព្រមជាមួយនឹងឡចំហាយទឹកក្តៅដោយមានទុនវិនិយោគសរុបចំនួន 10លានដុល្លារអាមេរិកដែលសហការជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក Mao Legacy និង Seowon Distribution នៅប្រទេសកូរ៉េ។
បើតាមក្រុមហ៊ុន Hyundai Corporation Groupមជ្ឈមណ្ឌលចែកចាយកសិកម្ម និងរោងចក្រវេច-ខ្ចប់និងកែច្នៃផលិតផលផ្លែឈើ ព្រមជាមួយគ្នានេះ ឡចំហាយទឹកក្តៅនេះនឹងក្លាយជាមជ្ឈមណ្ឌលចែកចាយផលិតផលកសិកម្មទំនើបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាដែលអាចបានបំពេញតាមស្តង់ដារអន្តរជាតិ៕