ទោះបីជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា មិនទាន់រកឃើញមានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Feverឬ AFS) នៅកម្ពុជានៅឡើយក៏ដោយ និងស្របពេលដែលមានការរាតត្បាតរបស់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសចិន និងវៀតណាមខាងជើងនោះ ក្រសួងបានពង្រឹងការត្រួតពិនិត្យលើសត្វជ្រូកនៅតាមព្រំដែន និងបានធ្វើលិខិតទៅក្រសួងពាក់ព័ន្ធដូចជាក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជួយទប់ស្កាត់ការនាំ-ចូលសត្វជ្រូកខុសច្បាប់។
ក្រសួងកសិកម្ម បានចេញសេចក្តីជូនដំណឹងមួយដោយលើកឡើងថា ក្នុងគោលដៅដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺសត្វ លើកកម្ពស់គុណភាពសាច់សត្វ និងការពារសុខុមាលភាពសាធារណៈប្រកបដោយសុវត្ថិភាពនោះ ក្រសួងនឹងតម្រូវឱ្យក្រុមហ៊ុន និងអាជីវករដែលទទួលបានការអនុញ្ញាតឱ្យធ្វើអាជីវកម្មសត្វជ្រូក និងសត្វគោ-ក្របីត្រូវអនុវត្តពេលនាំចូល និងឆ្លងកាត់ប្រទេសកម្ពុជា ត្រូវគោរពគោលការណ៍ស្តង់ដារអនាម័យដើម្បីឱ្យអាជីវកម្មនោះគ្មានហានិភ័យនៃការឆ្លងរាលដាលនៃជំងឺសត្វ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់លើករណីនេះថា៖“សម្រាប់ក្រុមហ៊ុន ឬអាជីវកម្មដែលនាំសត្វឆ្លងកាត់ប្រទេសកម្ពុជាត្រូវមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់សុខភាពសត្វនៃប្រទេសនាំចេញជាភាសាអង់គ្លេសក្នុងពេលដឹកជញ្ជូន”។
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ការជូនដំណឹងរបស់ក្រសួង គឺសំដៅលើការនាំចូល ឬការដឹកជញ្ជូនសត្វជ្រូក និងសត្វគោ-ក្របីពីប្រទេសថៃទៅដល់ប្រទេសវៀតណាមដោយឆ្លងកាត់ប្រទេសកម្ពុជា ក្រសួងទាមទារឱ្យក្រុមហ៊ុន ឬអាជីវករដែលដឹកជញ្ជូនសត្វ ត្រូវមានការបញ្ជាក់វិញ្ញាបនបត្រសុខភាពសត្វពីប្រទេសដើមដែលនាំចេញ ការពារហានិភ័យនៃការឆ្លងរាលដាលនៃជំងឺសត្វ។
ឯកឧត្តមបានប្រាប់ឡារ៉ែនពាណិជ្ជថា៖ “មន្ត្រីរបស់យើងបានតាមដានការងារជាប់ជាប្រចាំចំពោះក្រុមហ៊ុន ឬអាជីវករដែលដឹកសត្វជ្រូក និងសត្វគោក្របីពីប្រទេសថៃទៅប្រទេសវៀតណាមហើយឆ្លងកាត់ប្រទេសកម្ពុជា យើងបានតាមដាននៅតាមច្រករបៀងនានាដើម្បីកុំឱ្យមានការនាំចូល ឬឆ្លងកាត់ប្រទេសដោយខុសច្បាប់”។
ឯកឧត្តមបន្តថា៖ “យើងមើលពីស្ថានភាពសុខភាពសត្វជាក់ស្ដែងដែរ មុននឹងដឹកតាមឡានមកកម្ពុជា ថាតើសត្វហ្នឹងដង្ហក់ ឬអត់?(ធម្មតាជំងឺហ្នឹងវាក្ដៅ ធ្វើឱ្យសត្វក្ដៅដង្ហក់) និងមានរោគសញ្ញាពណ៌ស្វាយនៅលើពោះឬទេ? បើមាន គឺត្រូវធ្វើតេស្ដឈាមលើសត្វដែលត្រូវនាំចូល ដោយយកមកពិសោធនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន”។
ឯកឧត្តមបន្ថែមថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ជាជំងឺថ្មីដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ ហើយវាចម្លងតាមរយៈការហើរមកទំលើសម្លៀកបំពាក់របស់មនុស្ស និងសាច់សត្វជ្រូក ហើយប្រសិនបើវាឆ្លងដល់កសិដ្ឋានណាមួយហើយ ជ្រូកក្នុងកសិដ្ឋាននោះនឹងឆ្លងជំងឺនោះ និងងាប់ស្ទើរតែទាំងអស់ ដែលធ្វើឱ្យអ្នកចិញ្ចឹមខាតបង់អស់ជាច្រើន។
សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ2018 កន្លងទៅជំងឺប៉េស្តជ្រូកអាហ្វ្រិកបានរីករាលដាលក្នុងខេត្ត និងតំបន់ចំនួន25 នៅប្រទេសចិន ដែលពេលនោះអាជ្ញាធរចិនបានសម្លាប់ជ្រូកចោលអស់រាប់ម៉ឺនក្បាល។
ក្រោយផ្ទុះជំងឺនេះ អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា FAO បានព្រមានថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលកើតឡើងនៅចិននោះ អាចរីករាលដាលមកដល់ប្រទេសផ្សេងទៀតនៅតំបន់អាស៊ី។ អង្គការនេះក៏បានឱ្យដឹងដែរថា មេរោគនេះធន់ខ្លាំងណាស់ និងអាចរស់នៅបានយូរទៀតផង ពោលគឺវាអាចស៊ាំនឹងអាកាសធាតុក្តៅខ្លាំង ត្រជាក់ខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចរស់នៅបានយូរក្នុងផលិតផលសាច់ជ្រូកក្រៀមទៀតផង។
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានផ្ទុះខ្លាំងកាលពីទសវត្សរ៍ឆ្នាំ1960 នៅអឺរ៉ុប និងអាមេរិក។ ដោយសារតែមានប្រវត្តិនៃការផ្ទុះ និងការសាយភាយនៅតំបន់ផ្សេងៗគ្នាបែបនេះ ទើបអង្គការស្បៀងអាហារ និងកសិកម្មយល់ថា ជំងឺនេះអាចរីករាលដាលដល់ប្រទេសជិតខាង ជាពិសេសប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងឧបទ្វីបកូរ៉េ ព្រោះប្រទេសក្នុងតំបន់ទាំងនេះមានតម្រូវការសាច់ជ្រូកខ្ពស់។
កាលពីចុងខែកុម្ភៈ លោកឧកញ៉ា ម៉ុង ឬទ្ធី ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយនៅកម្ពុជា ធ្លាប់បានលើកឡើងពីក្តីបារម្ភអំពីការរីករាលដាលនៃជំងឺនេះ ហើយក៏បានជំរុញដល់អ្នកចិញ្ចឹមជ្រូកផ្សេងទៀតឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមរាយការណ៍ពីករណីនេះផងដែរ ប្រសិនជាសង្ស័យ ឬឃើញមានការចរាចរជ្រូកមានជំងឺ។
ទីប្រឹក្សាអ្នកបច្ចេកទេសសមាគមអ្នកចិញ្ចឹមសត្វបានប្រាប់ឡារ៉ែនពាណិជ្ជថា៖ “គ្មានអ្នកណាម្នាក់អាចធ្វើរឿងហ្នឹងម្នាក់ឯងបានទេ ហើយកុំចាំតែរដ្ឋាភិបាល ព្រោះសមត្ថកិច្ចរបស់រដ្ឋតិចជាងអ្នកដែលរត់ពន្ធហើយច្រករបៀងច្រើនណាស់។ ទាល់តែទាំងអស់គ្នារួមគ្នាការពារ ទើបអាចទប់ស្កាត់បាន កុំចាំតែបន្ទោស សូមជួយទាំងអស់គ្នា ទើបបានទៅរួច”។
លោក ជេត ភិរម្យ ទីប្រឹក្សាអ្នកបច្ចេកទេសចិញ្ចឹមសត្វបានបញ្ជាក់ថា យើងឃើញមានការបិទចរាចរណ៍នាំចូលសត្វជ្រូកពីវៀតណាម ជាវិធានការរបស់ក្រសួង ហើយក៏មានសិក្ខាសាលាណែនាំដល់កសិដ្ឋាន និងអាជីវកម្មចិញ្ចឹមជ្រូក ដោយក្រសួងបានធ្វើជាមួយឯកជនជាច្រើនលើបញ្ហានេះ តែក៏នៅមានច្រករបៀងនាំចូលជាច្រើនទៀតដែលគួរឱ្យមានការបារម្ភដែរ។ ដូច្នេះយើងគួរតែផ្សព្វផ្សាយឱ្យបានច្រើនថែមទៀតចំពោះការនាំចូលទ្រង់ទ្រាយតូចៗ ហើយអ្នកចិញ្ចឹមក្នុងស្រុកក៏ត្រូវតែប្រយ័ត្នពីការនាំជំងឺ និងមេរោគចូលកសិដ្ឋានរបស់ខ្លួនដែរ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងពីក្តីបារម្ភពីការលួចនាំចូលសត្វជ្រូកនៅតាមច្រករបៀង ដែលពុំមានសមត្ថកិច្ចយាមកាមតឹងរ៉ឹងនោះ ដោយលោកមានប្រសាសន៍ប្រាប់ឡារ៉ែនពាណិជ្ជថា៖“សមាគមបានផ្សព្វផ្សាយពីបញ្ហានេះដល់អ្នកចិញ្ចឹមសត្វក្នុងស្រុករាប់ខែមកហើយ មិនមែនទើបតែឥឡូវទេ តែដោយសារតែឥឡូវមានការផ្ទុះនៅវៀតណាម ដែលធ្វើឱ្យពួកយើងកាន់តែមានការបារម្ភបន្ថែមទៀត”។ លោកបានស្នើដល់អាជ្ញាធរ ជាពិសេសពេទ្យសត្វត្រូវចុះធ្វើសកម្មភាពឱ្យបានខ្លាំងក្លា ដើម្បីធានាថា គ្មានជ្រូកមានជំងឺនេះឆ្លងចូលមកក្នុងកម្ពុជា។
លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា៖“យើងគិតមើលថា ជំងឺប៉េស្តជ្រូកនេះបានកើតឡើងនៅប្រទេសចិន តែវាអាចឆ្លងដល់ប្រទេសវៀតណាមបាន ចុះបើឥឡូវវាកើតនៅប្រទេសវៀតណាម វាអាចឆ្លងដល់ប្រទេសយើងដែរទេ? ខ្ញុំមិនអាចឆ្លើយបានទេ”។ លោកបន្តថា “តែជំងឺនេះមិនជាសាហាវពេកទេ វាឆ្លងតាមការប៉ះពាល់ សូម្បីតែនៅប្រទេសថៃដែលមិនមានផ្ទុះនូវជំងឺនេះមែន តែ ប្រទេសជប៉ុនបានរកឃើញមេរោគជំងឺប៉េស្តជ្រូកនៅលើសាច់ក្រកដែលនាំចូលពីប្រទេសថៃទៅ”។
ទោះជាយ៉ាងណា បើទោះជាជំងឺប៉េស្តជ្រូកមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្សក៏ដោយក៏អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវបរិភោគសាច់ជ្រូក ឬសាច់សត្វដែលឈឺ ឬងាប់ដោយពុំដឹងមូលហេតុឡើយ ព្រោះអាចនាំឱ្យឆ្លងជំងឺផ្សេងៗដូចជាជំងឺផ្តាសាយជ្រូកអាហ្វ្រិកនេះជាដើម។
លោក ពៅ បានបញ្ជាក់ទៀតថា សម្រាប់យើងបានបិទការនាំចូលសត្វជ្រូកពីប្រទេសវៀតណាមហើយ បើមានការនាំចូល គឺត្រូវកម្ទេចចោលតែម្តង ក៏ប៉ុន្តែយើងនៅបារម្ភពីច្រករបៀងដែលមានការដឹកជញ្ជូនតាមម៉ូតូ ម្ដង2-3ក្បាល ដែលជាការលួចនាំចូល។ ដូច្នេះ នរណាទៅការពារបាន? ហើយនៅមានផលិតផលសម្រេច ដូចជាសាច់ក្រក ហត់ដក និងប្រហិត ទៀតជាដើម។ល។
លោកបានបន្ថែមថា ចំពោះសមាគម គឺបានធ្វើនៅតាមកសិដ្ឋាន មានការចាក់ថ្នាំអនាម័យសម្លាប់មេរោគ និងការពារមិនឱ្យយកកាកសំណល់ឆ្លងពីកសិដ្ឋានមួយទៅកសិដ្ឋានមួយ។ សមាគមក៏បានចូលរួមធ្វើសិក្ខាសាលាណែនាំដល់អាជីវករអ្នកលក់ និងកសិដ្ឋានចិញ្ចឹម ឯក្រសួងជាអ្នកការពារតាមព្រំដែន ទើបយើងអាចទប់ស្កាត់ និងការពារបញ្ហានេះបាន។របាយការណ៍ក្រសួងកសិកម្មបានឱ្យដឹងថា ប្រជាជនកម្ពុជាម្នាក់ៗបានបរិភោគសាច់សត្វប្រមាណជាជាង 17គីឡូក្រាមជាមធ្យមនៅក្នុង1ឆ្នាំ ដោយក្នុងនោះបរិភោគសាច់ជ្រូកច្រើនជាងគេបំផុត។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមនោះមនុស្សម្នាក់ៗបានបរិភោគសាច់ជ្រូកប្រមាណ 9.29គីឡូក្រាម សាច់គោ ឬក្របីប្រមាណ 5គីឡូក្រាម សាច់បក្សីប្រហែល 3.3គីឡួក្រាម និងសាច់សត្វផ្សេងៗទៀតប្រមាណ 0.01គីឡួក្រាម។
នៅឆ្នាំ2018 ប្រជាជនកម្ពុជាបរិភោគសាច់សត្វចំនួនប្រមាណ 285,000តោន។ ចំណែកផលិតកម្មក្នុងស្រុកមានលទ្ធភាពអាចផ្គត់ផ្គង់បានត្រឹមតែ 231,000តោន ឬស្មើនឹង 81%ប៉ុណ្ណោះ។ ដូច្នេះដើម្បីបំពេញឱ្យគ្រប់តម្រូវការ កាលពីឆ្នាំ2018 កម្ពុជាបាននាំចូលជ្រូកចំនួន 630,770ក្បាល មាន់រស់ចំនួន 981,300ក្បាល និងសាច់ចម្រុះចំនួន 2,440តោន៕