កម្ពុជាត្រូវការរយៈពេលប្រមាណជា 10ឆ្នាំទៀត ឬអាចច្រើនជាងនេះ ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញមួយ និងប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យទៅជាសេដ្ឋកិច្ចដែលមានកំណើនដឹកមុខដោយបច្ចេកវិទ្យា។ នេះបើយោងតាមរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសិក្ខាសាលាថា្នក់ជាតិ ស្តីពីគោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជាកាលពីថ្ងៃពុធថា កម្ពុជាកំពុងចាប់ផ្តើមការរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយបរិយាប័ន្ន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ2030 និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050។
ឯកឧត្ដមបានថ្លែងបន្តថា រាជរដ្ឋាភិបាលចាំបាច់ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លាថែមទៀតក្នុងការជំរុញធ្វើពិពិធកម្ម និងលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ក្នុងនោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល គឺជាមុខសញ្ញាដ៏សំខាន់មួយ។
ឯកឧត្ដមបានឱ្យដឹងថា ជាក់ស្តែងនៅកម្ពុជា សេដ្ឋកិច្ចឌីជីថលកំពុងលេចរូបរាងជាបណ្តើរៗ ស្របពេលដែលមានការបង្កើតសកម្មភាពអាជីវកម្មកម្សាន្តអនឡាញ សកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក ហើយជាមួយគ្នានេះផងដែរចំនួនអ្នកប្រើប្រាស់ក៏កំពុងកើនឡើង និងកំពុងតែសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។
ផ្នែកលើបទពិសោធអន្តរជាតិ ប្រទេសដែលអាចក្តាប់យកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលបានគឺជាប្រទេសដែលមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះ ហើយចេះសម្របខ្លួនទៅតាមការផ្លាស់ប្តូរទាំងនេះ បានទាន់ពេលវេលា។
ឯកឧត្តមបន្តឱ្យដឹងថា បច្ចេកវិទ្យាថ្មីៗដើរតួជាគំនាស់ថ្មីមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការជំរុញភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច និងដើម្បីចាប់យកសក្តានុពលនេះសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍជារួម។ កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ប្រកបដោយជវភាពក្នុងការក្តាប់យកកាលានុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្មទី4។ ឯកឧត្ដមបានបន្តទៀតថា សេដ្ឋកិច្ចឌីជីថលឈរលើកត្តាចំនួន4 ៖
ទី1 ភាពអំណោយផលផ្នែកប្រជាសាស្ត្រ ដោយសារចំនួននៃវត្តមានយុវជនច្រើន ហើយមានការអប់រំខ្ពស់ ងាយទទួលយកនូវបច្ចេកវិទ្យាឆាប់រហ័ស។ ទី2 ការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ទូរស័ព្ទដៃ ឧបករណ៍វៃឆ្លាត។ ទី3 ការរីកចម្រើនយ៉ាងឆាប់រហ័សនៃផ្នែកបច្ចេកវិទ្យា តាមរយៈលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស និងទី4 ឥទ្ធិពលដ៏លឿននៃឌីជីថលភាវូនីយកម្មដែលកំពុងកើតមានក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ។
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានស្វាគមន៍ទៅនឹងគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដោយលោកស្រីបានលើកឡើងថា ធនាគារអេស៊ីលីដាបានរៀបចំនូវយុទ្ធសាស្រ្តខ្លី មធ្យម និងវែងសម្រាប់ការគាំទ្រដល់ការវិវឌ្ឍនៃវិស័យសេដ្ឋកិច្ចឌីជីថល។ ធនាគារអេស៊ីលីដាបានបង្កើតប្រព័ន្ធឌីជីថលដែលផ្តល់នូវភាពងាយស្រួលលឿនរហ័សសម្រាប់អតិថិជន និងអ្នកប្រើប្រាស់ ហើយធនាគារអេស៊ីលីដាគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការកែប្រែសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។
លោកស្រី ផនណារី មានប្រសាសន៍ថា៖“ដោយសារតែធនាគារដើរតួនាទីក្នុងការទូទាត់ អ៊ីចឹងសេដ្ឋកិច្ចឌីជីថលសំខាន់ណាស់ ហើយចំពោះខ្ញុំ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងចំពោះរដ្ឋាភិបាលដែលមានគោលនយោបាយនេះ និងមានការប្តេជ្ញាខ្ពស់ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា ឈានពីសេដ្ឋកិច្ចធម្មតាទៅជាសេដ្ឋកិច្ចឌីជីថល ពីព្រោះវាលឿន រហ័ស សុវត្ថិភាព អ៊ីចឹងរដ្ឋាភិបាលនឹងគាំទ្រផ្នែកច្បាប់ ហើយយើងជាវិស័យឯកជនជាអ្នកធ្វើ និងអនុវត្ត”។
សេដ្ឋកិច្ចកម្ពុជាមានភាពជោគជ័យ និងរីកចម្រើនដោយសារពឹងផ្អែកលើការបើកចំហនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ការទទួលបានការអនុគ្រោះពន្ធ និងកម្លាំងពលកម្មដែលមានប្រាក់ឈ្នួលទាប។ នេះបើតាមលោកស្រី ELLEN GOLDSTEIN នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា។ លោកស្រីថ្លែងថា ទាំងអស់នេះបានធ្វើឱ្យកម្ពុជាមានការរីកចម្រើនលឿន ប៉ុន្តែការកើនឡើងនូវប្រាក់ឈ្នួលនឹងធ្វើឱ្យកម្ពុជាមានភាពពិបាកប្រកួតប្រជែងដោយសារកម្ពុជាផលិតសម្ភារ ឬផលិតផលដែលមានតម្លៃទាប ដូចជាស្រូវ និងសម្លៀកបំពាក់ ផលិតផលមិនទាន់កែច្នៃ មិនតែប៉ុណ្ណោះកម្ពុជាចាប់ផ្តើមទទួលបានកាន់តែតិចទៅៗនូវហិរញ្ញប្បទាន និងជំនួយសប្បុរសធម៌ និងការអនុគ្រោះពន្ធពាណិជ្ជកម្មដែលត្រូវបានរំពឹងថា នឹងបាត់បង់ជាយថាហេតុ ដូច្នេះកម្ពុជាត្រូវស្វែងរកមធ្យោបាយថ្មី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយសារតែកម្ពុជានឹងមិនអាចពឹងពាក់ទាំងស្រុងលើមធ្យោបាយដែលធ្លាប់ជោគជ័យកាលពីអតីតកាលបានទេ។
លោកស្រីបន្តថា បច្ចេកវិទ្យាឌីជីថលនឹងក្លាយជាគ្រឹះដើម្បីធ្វើពិពិធកម្មនូវមធ្យោបាយថ្មីដើម្បីការរីកលូតលាស់នៃសេដ្ឋកិច្ច ហើយនៅពេលអនាគត កម្ពុជាត្រូវតែបង្កើន និងលើកកម្ពស់សហគ្រិនក្នុងស្រុក និងប្រជាជនជាមួយនឹងសមត្ថភាព និងមានជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល។
លោកស្រី ELLEN GOLDSTEIN បញ្ជាក់ថា៖“ដើម្បីឈានទៅរកសេដ្ឋកិច្ចឌីជីថលកម្ពុជាត្រូវតែដាក់គោលដៅ និងគោលនយោបាយដើម្បីពង្រឹងឡើងវិញនូវមូលដ្ឋានគ្រឹះដែលអាចសម្រេចបានសេដ្ឋកិច្ចឌីជីថល”។
លោកស្រីបានលើកបង្ហាញនូវអាទិភាពធំៗចំនួន2 ដែលអាចឱ្យកម្ពុជាសម្រេចបាននូវសេដ្ឋកិច្ចឌីជីថលពេញលេញ។ ទី1 គឺបំពេញគម្លាតឌីជីថលដែលតម្រូវឱ្យអនុវត្ត និងធ្វើកំណែទម្រង់នៃការគ្រប់គ្រង ការចែករំលែកនូវហេដ្ឋារចនាសម្ព័ន្ធ និងការបើកចំហ។ ទាំងអស់នេះតម្រូវឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់មានជំនាញឌីជីថល។
ទី2 ដាក់ចេញនូវបរិយាកាសអំណោយផលផ្នែកច្បាប់ ដែលរួមមានបទប្បញ្ញត្តិការពារទិន្នន័យ ឯកជនភាពទិន្នន័យ សន្តិសុខផ្នែកបច្ចេកវិទ្យា និងអុីនធើណិតដើម្បីបង្កើនភាពជឿទុកចិត្តពីសំណាក់ប្រជាជន និងវិស័យឯកជន ដើម្បីមានចរន្តនៃការទូទាត់តាមប្រព័ន្ធឌីជីថល និងទី3 គឺអភិវឌ្ឍ និងអនុវត្តនូវយុទ្ធសាស្ត្ររដ្ឋាភិបាលឌីជីថលឱ្យមានប្រសិទ្ធភាព ដែលតម្រូវឱ្យមានការពង្រឹងនូវការសម្របសម្រួលពីក្រសួងមួយទៅក្រសួងមួយ និងពីស្ថាប័នមួយទៅស្ថាប័នមួយព្រមជាមួយនឹងការសម្របខ្លួន និងប្រើប្រាស់ផ្លេតហ្វមផ្តល់សេវាតែមួយ និងរួមគ្នា។
លោកស្រីបន្តថា ធនាគារពិភពលោកនៅតែតាំងចិត្តខ្ពស់ក្នុងការគាំទ្រ រៀបចំ និងអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់សេដ្ឋកិច្ចឌីជីថល តាមរយៈការវិភាគ ផ្តល់ប្រឹក្សាយោបល់ ព្រមទាំងលើកឡើងពីហិរញ្ញប្បទានសម្រាប់ការវិនិយោគជាអាទិភាព។
ដោយឡែក ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក៏បានគូសបញ្ជាក់ដែរថា បច្ចេកវិទ្យាឌីជីថល ដែលជាផ្នែកមួយនៃបដិវត្តន៍ឧស្សាហកម្មទី4 កំពុងតែក្លាយជាកាតាលីករថ្មីមួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការចូលរួមបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកអាចភ្ចាប់ខ្លួនទៅនឹងខ្សែចង្វាក់ផលិតកម្មតំបន់ និងសកល ក៏ដូចជាស្វែងរកភាពច្នៃប្រឌិតក្នុងផលិតកម្មទំនិញ និងសេវាកម្មផងដែរ។
ឯកឧត្ដមបានមានប្រសាសន៍បន្តថា៖“សេដ្ឋកិច្ចឌីជីថលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្តើមលូតលាស់។ កម្ពុជាអាចនឹងត្រូវការរយៈពេល 5ឆ្នាំទៀត ដើម្បីបង្កើតនូវមូលដ្ឋានត្រឹមត្រូវគ្រប់ជ្រុងជ្រោយមួយ ឬ ដើម្បីត្រៀមខ្លួនរួចរាល់នូវផ្នែកឌីជីថល”។
ឯកឧត្ដមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងរឹង គឺជាបុរេលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិនានា ចាំបាច់ត្រូវបានរៀបចំដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលមួយដែលមានលក្ខណៈរឹងមាំ និងភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាព និងអក្ខរកម្មឌីជីថល ដើម្បីទាញប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល។ឯកឧត្តមរដ្ឋមន្ត្រីមានសុទិដ្ឋិនិយមថា៖“កម្ពុជាប្រាកដជាអាចសម្របខ្លួននឹងយុគសម័យឌីជីថលបាន ហើយថែមទាំងអាចសម្រេចបានយ៉ាងល្អទៀតផង”។
ឯកឧត្ដមបន្តថា កម្ពុជាមិនមានគោលដៅប្រែក្លាយខ្លួនទៅជា ស៊ីលីខុន វ៉ាលឡេយ៍ (Silicon Valley) ឬបង្កើតក្រុមហ៊ុន យូនីខន សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញ ទិសដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា គឺបង្កើតនូវបរិយាកាសឌីជីថលមួយប្រកបជវភាព និងមានមូលដ្ឋានគ្រឹះរឹងមាំ ដែលផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនទាំងតូចទាំងធំនៅក្នុងស្រុកអាចភ្ចាប់ខ្លួនទៅនឹងខ្សែចង្វាក់តម្លៃសកលនៃសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ និងក្នុងពិភពលោក និងអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងហានិភ័យផ្សេងៗបាន៕