ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា រយៈពេល 5ខែដើមឆ្នាំ 2017 នេះ អគ្គនាយកដ្ឋានពន្ធដារសម្រេចប្រមូលពន្ធគ្រប់ប្រភេទបានជាង 1000លានដុល្លារអាមេរិក ស្មើនឹង 59.59ភាគរយនៃផែនការប្រចាំឆ្នាំ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារពន្ធប្រចាំខែឧសភា នាព្រឹកថ្ងៃទី9 មិថុនានេះថា ទឹកប្រាក់ពន្ធដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាននៅក្នុងរយៈពេល 5ខែ ដើមឆ្នាំកន្លងមកនេះ គិតជាប្រាក់រៀលមានចំនួន 4,082.93ពាន់លានរៀល ប្រហាក់ប្រហែលនឹងប្រាក់ដុល្លារចំនួន 1,020លានដុល្លារ។ ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ2017 កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារសម្រេចប្រមូលបានទឹកប្រាក់ប្រហែល 212.41លានដុល្លា។
តាមផែនការគ្រោងទុកនៅឆ្នាំ2017នេះ អគ្គនាយកដ្ឋានពន្ធដារមានផែនការប្រមូលពន្ធគ្រប់ប្រភេទឲ្យបានប្រមាណជាង 1,700លានដុល្លារអាមេរិក ដែលកាលពីឆ្នាំ2016 អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានប្រមាណ 1,500លានដុល្លារអាមេរិក។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារបានធ្វើការងារនេះយ៉ាងល្អក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្នុងអាណត្តិដឹកនាំដោយលោក គង់ វិបុល ប៉ុន្តែយ៉ាងណាក៏ដោយការប្រមូលពន្ធនៅកម្ពុជាមិនទាន់អស់លទ្ធភាពនោះទេ វាត្រូវការពេលវេលា និងឆន្ទៈច្រើនថែមទៀត ដើម្បីសម្រេចការប្រមូលពន្ធបានកាន់តែច្រើនជាងមុន៕