ខ្សែការពារ Trent Alexander-Arnold របស់ក្រុម Liverpool បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់យុទ្ធនាការប្រកួតជម្រុះ Euro ឆ្នាំ2020 ដោយសារតែរបួសខ្នង។
Alexander-Arnold បានជួបបញ្ហានេះ នៅមុនពេលប្រមូលផ្តុំជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ហើយកាលពីថ្ងៃពុធ ខ្សែការពារស្លាបស្តាំរូបនេះ ត្រូវបានប្រកាសថា មិនអាចជាសះស្បើយឱ្យទាន់ពេលដើម្បីចូលលេងនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិសាធារណរដ្ឋឆែក និងម៉ុងតេណេហ្គ្រោឡើយ។
ខ្សែការពារវ័យ 20ឆ្នាំរូបនេះ បានវិលទៅកាន់ក្លិប Liverpool ដើម្បីបន្តទទួលការព្យាបាលទៅលើរបួសរបស់គេ ដើម្បីផ្តោតលើការចូលលេងឱ្យក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League មួយនេះ បន្ទាប់ពីសម្រាកសម្រាប់ការប្រកួតអន្តរជាតិរួច។
សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « Trent Alexander-Arnold បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស និងបានវិលទៅកាន់ក្លិប Liverpool វិញ។
ខ្សែការពារស្លាបស្តាំរូបនេះបានមកដល់ដោយមានរបួសខ្នង ហើយបើទោះបីមានការវិវឌ្ឍល្អប្រសើរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះក៏ដោយ ក៏ប៉ុន្តែវាហាក់ដូចជាមិនអាចទៅរួចឡើយដែលរូបគេអាចនឹងចូលលេងក្នុងការប្រកួតជម្រុះ Euro ឆ្នាំ2020នាពេលខាងមុខនោះ»។
FA បានបន្ថែមទៀតថា៖ «កីឡាករវ័យ 20ឆ្នាំរូបនេះ បច្ចុប្បន្ននឹងបន្តការសម្រាកព្យាបាលនៅក្នុងក្លិបរបស់គេ ដោយបានចាកចេញពីក្រុមមានកីឡាករ 22នាក់របស់លោក Gareth Southgate ហើយ»។
ក្រុមជម្រើសជាតិអង់គ្លេសដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជម្រើសជាតិសាធារណរដ្ឋឆែកនៅថ្ងៃសុក្រ មុនពេលធ្វើដំណើរទៅកាន់ម៉ុងតេណេហ្រ្គោ សម្រាប់ការប្រកួតជុំទី2 នៃពូល A នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕