ក្រោយពេលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យទីតាំងត្រៀមរៀបចំសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្រសួងបានប្រកាសថានឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី 22 ខែមីនា ឆ្នាំ 2019 ខាងមុខនេះ។
ទីតាំងនៃពិធីសម្ពោធដែលមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺស្ថិតនៅឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ 39 ផ្លូវជាតិលេខ4។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង 190.36គីឡូម៉ែត្រ ចំណាយថវិកាអស់ប្រមាណ 1900លានដុល្លារ ដែលសាងសង់ដោយក្រុមហ៊ុនចិន ក្រោមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោងផ្លូវល្បឿនលឿននេះនឹងត្រូវ ឆ្លងកាត់ រាជធានី ខេត្តចំនួន4 គឺមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ 6ស្រុក 1ខណ្ឌ 2ក្រុង 31ឃុំ/សង្កាត់ និង 110ភូមិ។ ផ្លូវល្បឿនលឿននេះ ក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុបជាង 190គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប 24.5 ក្នុងនោះមានគន្លងផ្លូវរថយន្ត (2×3.75ម៉ែត្រ) សងខាង ជាយផ្លូវកៅស៊ូ2 (2×2.5ម៉ែត្រ) សម្រាប់ម៉ូតូ ជាយផ្លូវដីក្រហម 2(2×0.75) សម្រាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ 3ម៉ែត្រ ព្រមទាំងមានស្ពាន 89កន្លែង។ នៅលើផ្លូវល្បឿនលឿននេះ មានកន្លែងឈប់សម្រាកចំនួន4កន្លែង និង ស្ថានីយប្រេងឥន្ធនៈ 3កន្លែង ហើយក៏មានរបងអមសងខាងផ្លូវនោះដើម្បីការពារសត្វពាហនៈឆ្លងកាត់ផងដែរ ៕