កីឡាករប្រដាល់ Deontay Wilder នឹងត្រូវការពារខ្សែក្រវាត់ WBC របស់គេ ក្នុងពេលប្រកួតជាមួយនឹងកីឡាករ Dominic Breazeale នៅខែឧសភា ក្រោយពីមិនអាចឡើងប្រកួតសងសឹកជាមួយនឹងកីឡាករ Tyson Fury បាន ។ នេះបើយោងតាមការប្រកាសកាលពីថ្ងៃអង្គារ។
ម្ចាស់ខ្សែក្រវាត់មិនស្គាល់ចាញ់ Wilder នឹងត្រូវជួបជាមួយនឹង Breazeale នៅថ្ងៃទី18 ខែឧសភា នៅលើសង្វៀន Barclays Centre ក្នុងទីក្រុង នីវយ៉ក ក្រោយពីត្រូវបានបញ្ជាឱ្យការពារខ្សែក្រវាត់របស់ខ្លួនដោយ WBC កាលពីដើមខែនេះ។
Wilder បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុង នីវយ៉ក កាលពីថ្ងៃអង្គារថា៖ «ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំទទួលបានឱកាសក្នុងការឡើងប្រកួតស្របទៅតាមការស្នើសុំ ពីព្រោះខ្ញុំគិតអំពីការឡើងប្រកួត ដូចជារុយកំពុងតែហើរជុំវិញក្បាលរបស់ខ្ញុំអ៊ីចឹង»។
កីឡាកររូបនេះបានប្រាប់បន្តថា៖ «បញ្ហានោះរំខានដល់ខ្ញុំខ្លាំងណាស់ ខ្ញុំពិតជារវល់មែនទែន ខ្ញុំមានរឿងជាច្រើនដែលខ្ញុំចង់ធ្វើ ខ្ញុំចង់ឡើងប្រកួតជាមួយនឹងគេ ខ្ញុំនឹងវាយសម្លាប់សត្វរុយមួយក្បាលនេះ នេះគឺជាការប្រជែងផ្ទាល់ខ្លួនសម្រាប់ខ្ញុំ។ នេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះរបស់ខ្ញុំ»។
Wilder ដែលមានកំណត់ត្រាឈ្នះ 40លើក មិនដែលចាញ់ និងស្មើ 1លើក ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ 39លើកនោះ នឹងត្រូវឡើងការពារខ្សែក្រវាត់ជាលើកទី9 របស់គេ ដោយត្រូវជួបជាមួយកីឡាករ Breazeale ដែលមានកំណត់ត្រាឈ្នះ 20លើក និងចាញ់ 1លើក ក្នុងនោះរាប់បញ្ចូលទាំងការផ្តួលឱ្យដៃគូសន្លប់ 18លើកផងដែរ។
Wilder វ័យ 33ឆ្នាំ នឹងស្ថិតជាកីឡាករដែលមានប្រៀបខ្ពស់ជាងក្នុងពេលឡើងប្រកួតការពារខ្សែក្រវាត់របស់គេជាមួយនឹងកីឡាករ Breazeale ដោយ Breazeale បានសន្យាថា នឹងផ្តល់ការប្រជែងដ៏ខ្លាំងមួយលើម្ចាស់ការពារខ្សែក្រវាត់រូបនោះ៕