ស៊ុយអែត​ផ្តល់ជំនួយ​ជិត $27ម៉ឺន​ដើម្បី​បន្តការងារ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា

រដ្ឋាភិបាល​ស៊ុយអែត តាមរយៈ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការផ្តល់​ជំនួយឥតសំណង​ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ប្រមាណ 2.5លាន​ក្រូ​អាត ឬ268,000ដុល្លារ​អាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លក្ខខណ្ឌ​ទីផ្សារការងារ​នៅ​កម្ពុជា។

លោក Samuel Hurtig ប្រធាន​ផ្នែក​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​នៃ​ស្ថានទូត​ស៊ុយអែត​នៅ​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា ការអប់រំ និង​ទីផ្សារការងារ​គឺជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ដទៃទៀត​របស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការអភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត​នៅ​កម្ពុជា។ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​កន្លងមក​ប្រកបដោយ​យុត្តិធម៌ និង​សមធម៌។ ចាប់តាំងពី​ឆ្នាំ 2014 មក​រដ្ឋាភិបាល​ស៊ុយអែត​បានផ្តល់​ថវិកា​គាំទ្រ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដើម្បី​បន្ត​ដោះស្រាយ​វិវាទ​ការងារ និង​លើកកម្ពស់​កិច្ចសន្ទនា​ក្នុង​គោលដៅ​រួមចំណែក​បង្កើត​បរិយាកាស​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​កម្ពុជា។

លោក Samuel Hurtig បាន​និយាយថា៖ “ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល គឺជា​តួអង្គ​យ៉ាង​មាន​សារៈសំខាន់​ក្នុងការ​រៀបចំ និង​ដោះស្រាយ​ទំនាស់​វិវាទ​ការងារ​នៅ​កម្ពុជា”។

បើតាម​លោក Samuel Hurtig ការដោះស្រាយ​វិវាទ​ការងារ​ក្នុងសង្គម​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​គ្រប់​ប្រទេស​ទាំងអស់​មិន​ត្រឹមតែ​កម្ពុជា​នោះទេ ព្រោះ​ប្រទេស​ស៊ុយអែត​ក៏បាន​ចំណាយ​ពេលវេលា និង​ថវិកា​ជាច្រើន​ដើម្បី​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​ដំណើរការ​នៃ​ការដោះស្រាយ​បញ្ហា​រវាង​និយោជក និង​និយោជិត​មាន​ភាពរលូន សំដៅ​រួមគ្នា​ជំរុញឱ្យមាន​ភាពសុខដុមរមនា និង​សន្តិភាព​ក្នុង​ការធ្វើការងារ។ ប្រសិនបើភាគី​ទាំងអស់​ក្នុង​ទីផ្សារការងារ​មាន​ភាព​ស្រុះស្រួល​គ្នា​ទាំង​និយោជក និយោជិត សហជីព រួមទាំង​ដៃគូ​ពាក់ព័ន្ធ​នានា​ផ្សេងទៀត សេដ្ឋកិច្ច​នឹង​អាច​រីកលូតលាស់​បានល្អ​ប្រសើរ ហេតុនេះ​រដ្ឋាភិបាល​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រៀបចំ​គោលនយោបាយ​សំដៅ​បង្កើន​ការយកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ឱ្យមាន​យន្ត​ការល្អ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ។

មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ជា​ស្ថាប័ន​ដែល​លើកកម្ពស់​ឱ្យមាន​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​ការផ្តល់​ជា​វេទិកា​សម្រាប់​កម្មករនិយោជិត និង​និយោជក​នៅ​កម្ពុជា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​សមធម៌​ចំពោះ​វិវាទ​ការងារ​ដែល​កើតមាន។ វិវាទ​ការងារ ត្រូវបាន​ដោះស្រាយ​ដោយផ្ទាល់ និង​ទាន់ពេលវេលា​ប្រកបដោយ​តម្លាភាព តាមរយៈ​ការធ្វើ​សវនាការ និង​ការចេញ​សេចក្តី​បង្គាប់​ដែលមាន​យុត្តិធម៌ តុល្យ​ភាព និងមាន​ហេតុផល យោងតាម​ច្បាប់។

លោក ម៉ែន និម្មិត នាយក​ប្រតិបត្តិ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានលើកឡើង​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើរតួនាទី​យ៉ាងសំខាន់ និង​បំពេញ​កិច្ចការ​បានល្អ​ដោយ​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​កន្លងមក។ មកដល់​ឆ្នាំ2018 ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បានទទួល​សំណុំរឿង​ចុះបញ្ជី​ចំនួន 2,765ករណី ដែលមាន​កម្មករនិយោជិត​ពាក់ព័ន្ធ​ជាង 1លាន​នាក់។ ក្នុងចំណោម​សំណុំរឿង​ទាំងអស់នោះ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​ប្រមាណ 73.20%។ ហេតុនេះ​ការផ្តល់​ជំនួយ​របស់​ប្រទេស​ស៊ុយអែត និង​ដៃគូ​ពាក់ព័ន្ធ​នានា​នៅពេលនេះ គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បន្ត​ដោះស្រាយ​វិវាទ​ការងារ​នៅកម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

លោក ម៉ែន និម្មិត បាន​និយាយថា៖ “ចាប់តាំងពី​ឆ្នាំ 2014 មកដល់​បច្ចុប្បន្ននេះ ប្រទេស​ស៊ុយអែត​បាន​ផ្តល់ជំនួយ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ប្រមាណ​ជាង 1.2លាន​ដុល្លារ​អាមេរិក ដើម្បី​លើកកម្ពស់​អភិបាលកិច្ច ទីផ្សារការងារ ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​វិស័យ​ឯកជន និង​ការអភិវឌ្ឍ​សង្គម​តាមរយៈ​ប្រព័ន្ធ​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​អាជ្ញាកណ្តាល​ដែល​អាច​ជឿជាក់​បាន”។

លោកជំទាវ សុវណ្ណ វណ្ណា​រ័តន៍ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ការបន្ត​រក្សា​ឱ្យបាន​នូវ​យន្តការ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ប្រកបដោយ​ភាព​សុខដុម គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញការ​អភិវឌ្ឍ ក៏ដូចជា​ការបង្កើន​ផលិតភាព​ក្នុង​សហគ្រាស និង​គ្រឹះស្ថាន​នានា​ឱ្យ​កាន់​តែមាន​ភាពរលូន​ទៅមុខ។ ដូចដែល​បានបញ្ជាក់​ហើយ​ថា​ការបង្កើត​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បើទោះបីជា​បង្កើត​តាមច្បាប់​ការងារ និង​ជា​ផ្នែក​មួយ​នៃ​រាជរដ្ឋាភិបាល តែ​ស្ថាប័ន​នេះ​នៅតែ​រក្សាបាន​នូវ​ឯករាជភាព​របស់​ខ្លួន ដោយ​ក្នុងនោះ​យើង​បាន​បង្កើតជា​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដែលជា​ស្ថាប័ន​ធានា​និរន្តរភាព​នៃ​ស្ថាប័ន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល។

លោកជំទាវ សុវណ្ណ វណ្ណា​រ័តន៍៖ “បើទោះបីជា​​យើង​ឃើញថា ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ជា​ស្ថាប័ន​សំខាន់​ដែល​សម្រេចបាន​នូវ​ភាព​អព្យាក្រឹត តម្លាភាព និង​ប្រសិទ្ធភាព តែ​យើង​ក៏មាន​បញ្ហា​ប្រឈម​ក្នុង​ការបន្ត​និរន្តរភាព​លើ​ការប្រើប្រាស់​មូលនិធិ​ដើម្បី​បន្ត​ដំណើរការ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល”។

លោកជំទាវ បាន​បន្ថែម​ផងដែរ​ថា យើង​បាន​ជជែក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ចូលរួមចំណែក​ជា​ហិរញ្ញវត្ថុ​ដល់​ស្ថាប័ន​យ៉ាងសំខាន់​នេះ​ដើម្បី​ធានា​ឯករាជភាព និង​ប្រសិទ្ធភាព។ យើង​ក៏​ធ្លាប់​ទទួល​មតិ​ផងដែរ​ថា រាជរដ្ឋាភិបាល​មិនសូវ​យកចិត្តទុកដាក់​លើ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បន្តការងារ​រប​ស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល តែ​ជាក់ស្តែង​យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ផ្តល់​ថវិកា​ដល់​ក្រុមប្រឹក្សា​អា​ជ្ញ​កណ្តាល​ដោយមាន​ការឯកភាព​ពី​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​នានា​ក្នុងការ​ទទួលផល​ប្រយោជន៍​ពី​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ។ យើង​បើកចំហ​សម្រាប់​ការពិភាក្សា ដើម្បី​រក​វិធី​យ៉ាងណា​ដើម្បី​បន្ត​និរន្តរភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ ដើម្បី​ធានា​ឱ្យបាន​នូវ​ចំណុច​សំខាន់​គឺ ឯករាជភាព​ក្នុងការ​ដោះស្រាយ​វិវាទ៕

Advertisement