Skip to content

ឯក សុវណ្ណរ័ត្ន មិនខ្វល់គេថា គោចាស់ចង់ស៊ីស្មៅខ្ចី

តារាសម្ដែងស្រី ឯក សុវណ្ណរ័ត្នដែលគេស្គាល់ថា ត្រូវជាប្អូនជីដូនមួយរបស់តារាចម្រៀងលោក ឯក ស៊ីដេ ត្រូវបានប្រភពមួយប្រាប់មកថា បច្ចុប្បន្ននេះនាងកំពុងតែមានទំនាក់ទំនងស្នេហាផ្អែមល្ហែមជាមួយតារាវ័យក្មេងម្នាក់។

កាលពីប៉ុន្មានខែមុនគេនៅចាំបានថា តារាសម្ដែងស្រីម្នាក់នេះបានទម្លាយអាថ៌កំបាំងក្នុងបេះដូងរបស់នាងថា ដោយសារតែនាងជួបស្នេហាមិនសមប្រកបតាមបំណង ធ្វើឱ្យនាងលែងចង់ពាក់ព័ន្ធនឹងរឿងស្នេហាទៀតហើយ។ តែថ្មីៗនេះស្រាប់តែបែរជាលេចឮថា នាងកំពុងតែសាងស្នេហាយ៉ាងល្អូកល្អិនជាមួយកំលោះ សឿន នរៈពិសិដ្ឋ ជាតារាសិល្បៈទើបនឹងរះទៅវិញ។

បើទោះជាមានការលើកឡើងបែបនេះក្ដី ក៏តារាសម្ដែងស្រី ឯក សុវណ្ណរ័ត្ន បានបញ្ជាក់ហាក់ដូចជាមានចេតនាការពារខ្លួនថា នាងចាត់ទុកតារាវ័យក្មេងម្នាក់នោះជាដៃគូ និងជាប្អូនប្រុសក្នុងសិល្បៈតែប៉ុណ្ណោះ ព្រោះនាងមិនដែលនឹកដល់រឿងស្នេហាឡើយទោះជាមានគេនិយាយថា នាងជាគោចាស់ចង់ស៊ីស្មៅខ្ចីក៏ដោយ ក៏នាងពុំដែលគិតដែរ។ នាងបន្ដថា ចំពោះរូបគេ (សឿន នរៈពិសិដ្ឋ) ក៏ចាត់ទុកនាង មិនខុសពីបងស្រីម្នាក់ដែរទើបនាងព្យាយាមខ្វល់ខ្វាយ និងខ្នះខ្នែងជួយឲ្យគេបានចូលសិល្បៈ សម្ដែងយ៉ាងពេញទំហឹង បន្ទាប់ពីគេបានចូលប្រឡូកក្នុងការងារសិល្បៈប្រមាណជា 2ឆ្នាំទៅហើយ តែទទួលបានផ្លែផ្កាត្រឹមបន្តិចបន្ដូច។

គួរបញ្ជាក់ថា នៅលើបណ្ដាញសង្គមតារាសម្ដែងទាំងពីរបានថតរូបកៀកកើយគ្នាបែបសង្សារ ដោយភ្ជាប់ជាមួយការសរសេរសារយ៉ាងផ្អែមល្ហែម។ អ្នកខ្លះទៀតបានលើកឡើងថា សូម្បីតែនៅកន្លែងថតរឿង ក៏គេឃើញតារាចម្រៀងវ័យក្មេង ទៅតាមកំដរអ្នកនាង ឯក សុវណ្ណរ័ត្នដែរ ដែលសកម្មភាពនេះនាងហាក់មានចេតនាបង្ហាញឱ្យមិត្ដភ័ក្ដិក្នុងសិល្បៈបានដឹងថា ពួកគេស្រឡាញ់គ្នា។ ចំណែកតារាវ័យក្មេង សឿន នរៈពិសិដ្ឋ បានច្រាលចោលដំណឹងស្នេហាបែបនេះ និងបានចាត់ទុក ឯក សុវណ្ណរ័ត្នថាជាបងស្រី ដោយលោកមិនខ្វល់រឿងអ្នកណាចោទប្រកាន់ថា តោងកាលីប ឬក៏ជំពាក់ស្នេហ៍តារាសម្ដែងស្រីម្នាក់នេះទេ ទោះគេថា គោចាស់ចង់ស៊ីស្មៅខ្ចីអីក៏ដោយ ក៏លោកមិនឈឺក្បាលដែរ។

មួយរយៈចុងក្រោយនេះកញ្ញាឯក សុវណ្ណរ័ត្នទើបតែបញ្ចប់ការថត រឿង «កំលោះយំក្រមុំសើច» របស់ My TV និងរឿង «ទូកបាត់ច្រវា» របស់ទូរទស្សន៍ PNN៕

Leave a Reply

Your email address will not be published. Required fields are marked *