ជីវិតត្រូវការការកម្សាន្ត ហើយភាពរីករាយជាមួយនឹងបទចម្រៀងអាចធ្វើឱ្យមនុស្សទទួលបានទាំងការកម្សាន្ត និងទទួលបានទាំងបទពិសោធជីវិត រួមទាំងចំណេះដឹងប្រកបដោយភាពរស់រវើក។ រាល់ពេលស្ងប់ស្ងាត់មនុស្សស្ទើរគ្រប់គ្នាតែងតែស្តាប់ចម្រៀង ពេលសប្បាយក៏មានចម្រៀង ហើយពេលមានទុក្ខក៏មនុស្សបាននៅជាមួយចម្រៀងដែលលួងលោមពួកគេឱ្យរំសាយអារម្មណ៍ដែរ។
នៅសប្តាហ៍នេះ ឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសជាមួយលោក សុខ ចាន់ផល អ្នកនិពន្ធយ៉ាងល្បីនៃផលិតកម្ម ហង្ស មាស និងជាអ្នកនិពន្ធប្រលោមលោកជាច្រើនដែលមានរឿងមួយចំនួនជាប់ពានរង្វាន់អន្តរជាតិទៀតផង។ ប្រជាជនខ្មែរជាច្រើនសុទ្ធតែបានស្គាល់ស្នាដៃរបស់លោក តាមរយៈបទចម្រៀងប្រមាណជាង 400បទ ដែលលោកបានសរសេររហូតមកដល់បច្ចុប្បន្ន រួមទាំងសៀវភៅប្រលោមលោកប្រកបដោយគុណតម្លៃមួយចំនួនទៀត។
ទឹកដៃប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាស៊ីជម្រៅទាំងអស់នេះទាមទារឱ្យមានគុណសម្បត្តិមួយចំនួនដែលលោកនឹងធ្វើការបង្ហាញដូចខាងក្រោម។
1. ចម្រៀងរបស់លោកសុទ្ធសឹងតែជាចម្រៀងមនោសញ្ចេតនាដែលទទួលបានការគាំទ្រយ៉ាងច្រើនពីយុវវ័យ តើធ្វើយ៉ាងណាទើបដាក់មនោសញ្ចេតនាទៅក្នុងបទចម្រៀងបានល្អបែបនេះ?
តាមពិត អ្នកនិពន្ធត្រូវការធាតុសំខាន់ៗពីរគឺ ទុនជីវិត បូករួមជាមួយនឹងទេពកោសល្យ។ មនុស្សម្នាក់ៗមានបទពិសោធជីវិត និងការរស់នៅខុសៗគ្នា ដែលធ្វើឱ្យមានការគិតផ្សេងៗគ្នា តែពេលខ្លះមនុស្សដែលធ្លាប់ជួបបញ្ហាច្រើនមិនមែនសុទ្ធតែមិនល្អនោះទេ។ តាមពិតទៅបញ្ហាក្នុងជីវិតនេះ អាចមានផលល្អទៅវិញ ប្រសិនបើអ្នកនិពន្ធណាម្នាក់ចេះប្រើប្រាស់វាដើម្បីធ្វើជាទម្រង់នៃអារម្មណ៍ក្នុងអត្ថបទនិពន្ធ ឬបទចម្រៀងដែលបានសរសេរឡើង។ ពេលខ្លះយើងធ្លាប់ឈឺចាប់ ធ្លាប់មានបញ្ហាគ្រួសារ ហើយនិងការខកចិត្តជាច្រើនទៀត តែយើងអាចប្រើប្រាស់អារម្មណ៍ឈឺចាប់ទាំងអស់នោះ មកធ្វើជាដើមទុនដើម្បីសរសេរពីរឿងស្នេហារបស់នរណាម្នាក់បាន។ ការស្រមៃ រួមជាមួយការប្រើអារម្មណ៍ដែលធ្លាប់ជួបក្នុងជីវិត អាចបង្កើតបានជាអារម្មណ៍មួយដែលពោរពេញទៅដោយមនោសញ្ចេតនារីករាយ ឬឈឺចាប់នៅក្នុងចម្រៀងបាន។
ក្រៅពីនេះ ការគ្រាន់តែមានអារម្មណ៍មិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់អ្នកនិពន្ធបទចម្រៀង យើងត្រូវការផងដែរនូវទេពកោសល្យ និងចំណេះដឹងដើម្បីធានាថាចម្រៀងមួយបទៗដែលសរសេរចេញមកប្រកបដោយមនោសញ្ចេតនា និងមានគុណតម្លៃសម្រាប់ជីវិត។
ការសរសេរបទចម្រៀងមិនមែនសុទ្ធតែត្រូវការរឿងពិតទាំងអស់នោះទេ តែអ្វីដែលសំខាន់គឺយើងចេះប្រើសាច់រឿងពិតរបស់អ្នកដទៃមកច្នៃឱ្យក្លាយជារឿងប្រឌិតមួយប្រកបដោយភាពជាក់លាក់ និងមនោសញ្ចេតនាពិតប្រាកដ។
2. នៅពេលដែលសរសេរបទឈឺចាប់មួយបទ តើវាអាចធ្វើឱ្យអ្នកនិពន្ធឈឺចាប់ ឬពិបាកដែរឬទេ?
បាទ នៅពេលដែលសរសេរបទឈឺចាប់វាពិតជាមានអារម្មណ៍ពិបាក ហើយឈឺចាប់ទៅតាមចម្រៀង តែជាអ្នកនិពន្ធត្រូវរក្សាអារម្មណ៍បែបនេះដើម្បីបង្កើតជាស្នាដៃល្អមួយ។ អត្ថបទ ឬចម្រៀងមួយបទ មិនត្រូវការសម្បកនៃមនោសញ្ចេតនានោះទេ ព្រោះនៅពេលដែលមិនដាក់អារម្មណ៍ឱ្យដល់ ឬបញ្ចូលអារម្មណ៍ទៅក្នុងស្ថានភាពពិតទេនោះ ចម្រៀងដែលចេញមកគឺគ្រាន់តែជាសម្បកដែលមិនមានគុណភាពឡើយ។
ការសរសេរដែលប្រើអារម្មណ៍ពិត អាចធ្វើឱ្យអ្នកនិពន្ធឈឺចាប់តែការឈឺចាប់នេះកើតមានតែមួយរយៈពេលនៃការសរសេរតែប៉ុណ្ណោះ បន្ទាប់មកវានឹងប្តូរទៅជាភាពរីករាយទៅវិញនៅពេលដែលយើងបានឃើញស្នាដៃមួយត្រូវបានបង្កើតឡើងប្រកបដោយមនោសញ្ចេតនា និងភាពរស់រវើក។ ម្យ៉ាងទៀត អ្នកសរសេរក៏មិនប្រាកដថាត្រូវសរសេរតែពីបទកម្សត់ឈឺចាប់ទាំងអស់ដែរ អ្នកនិពន្ធពេលខ្លះក៏សរសេរបទរីករាយ និងសប្បាយផងដែរ ដែលវាត្រូវការប្រើប្រាស់អារម្មណ៍រីករាយវិញម្តង។
3. តើរឿងដែលលោកប្រឌិតឡើងទាំងនោះធ្លាប់ក្លាយជាការពិតដែរឬទេ នៅក្នុងជីវិតរបស់លោក?
និយាយពីបញ្ហានេះ ពេលខ្លះបទចម្រៀង ឬរឿងណាមួយ អាចធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើល ព្រោះវាធ្លាប់ក្លាយជាការពិត។ មានរឿងខ្លះខ្ញុំសរសេរវាចេញផុតទៅហើយ តែក្រោយពេលដែលខ្ញុំសរសេរហើយមួយរយៈក្រោយមក វាក៏បានធ្វើឱ្យខ្ញុំជួបរឿងឈឺចាប់ពិតប្រាកដមែន ហើយខ្ញុំធ្លាប់ជួបរឿងបែបនេះជាបន្តបន្ទាប់។ វាហាក់បីដូចជាមានឥទ្ធិពលមួយដែលធ្វើឱ្យរឿងដែលប្រឌិតឡើងអាចក្លាយជាការពិត។ ហេតុនេះនៅពេលខ្ញុំសរសេរគឺត្រូវប្រយ័ត្នបន្តិច ឬព្យាយាមប្រើប្រាស់ពាក្យមួយចំនួនដែលល្អ។
4. ក្រៅពីការដាក់អារម្មណ៍ តើអ្នកនិពន្ធនៅត្រូវការចំណុចសំខាន់អ្វីផ្សេងទៀតដើម្បីផលិតបានស្នាដៃល្អ?
ដូចអ្វីដែលខ្ញុំបានលើកឡើងហើយ គឺក្រៅពីអារម្មណ៍ ចំណេះដឹងជាផ្នែកមួយយ៉ាងសំខាន់។ ការប្រើប្រាស់ពាក្យឱ្យបានត្រឹមត្រូវ ចំណេះដឹងពីសង្គម និងការស្គាល់ពីជីវិត ជាធាតុផ្សំសំខាន់បំផុតដែលមិនអាចខ្វះបានសម្រាប់ការរស់នៅ។ ពេលខ្លះមនុស្សម្នាក់មានទេពកោសល្យចេះដាក់អារម្មណ៍បានល្អ តែអត្ថន័យរបស់គាត់នៅចង្អៀត។
ចម្រៀងត្រូវការទេពកោសល្យមួយដែលប្រកបដោយគំនិតច្នៃប្រឌិត ដូចជាការចេះដាក់ចំណងជើងឱ្យពីរោះ មានការបង្កប់អត្ថន័យយ៉ាងណាឱ្យមានគុណតម្លៃ ឬមានរចនាបទក្នុងការសរសេរបានល្អជាដើម។ ដើម្បីសរសេរបទចម្រៀងមួយឱ្យល្អយើងត្រូវការបញ្ចូលរូបភាពនៃក្តីស្រមៃឱ្យបានល្អ រួមជាមួយនឹងអារម្មណ៍ទៅក្នុងពាក្យពេចន៍ឱ្យមើលទៅរស់រវើកទៀតផង៕