ប្អូនថ្លៃរបស់អ្នកដឹកនាំសម្ដែងល្បីនៅផលិតកម្មថោន រិទ្ធ អូមេហ្កា ត្រូវគេបង្ហើបប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា បានទទួលតំណែងសម្ដែងជាតួឯកក្នុងបទ«ម៉ែជេរ» ដែលជាបទផ្ទុះរបស់តារាចម្រៀង រ៉ាប៊ី។ តារាឯកប្រុសរូបនេះ គឺជាតារាសម្ដែងវ័យក្មេងមានឈ្មោះ វណ្ណ វឌ្ឍនៈ ហៅ Ellex កំពុងទទួលបានការចាប់អារម្មណ៍មិនតិចនោះទេពីសំណាក់មហាជន ជាពិសេសលើរូបសម្បត្តិ មុខមាត់ និងសមត្ថភាពសម្ដែង។
ជុំវិញការបកស្រាយប្រាប់ពីអាថ៌កំបាំងប្អូនប្រុសថ្លៃ លោក រិទ្ធ អូមេហ្កា ប្រាប់ឡារ៉ែនថា លោក វណ្ណ វឌ្ឍនៈ (Ellex) ពិតជាប្អូនរបស់ភរិយាលោក ដែលលោកយកមកជំរុញ និងបណ្ដុះនៅក្នុងសិល្បៈសិល្បៈ។ យ៉ាងណាមិញលោកថា ប្អូនថ្លៃរបស់ខ្លួនមិនមែនលោកយកមកលើកដោយមិនមានសមត្ថភាពនោះទេ ដោយលោកថាប្អូនថ្លៃរបស់ខ្លួនមានទាំងរូបសម្បត្តិ សមត្ថភាព និងត្រេមុខត្រូវតាមការចង់បានក្នុងបទចម្រៀងដែលលោកផលិត។
លោកបន្ដថា មុននឹងជ្រើសយកតារាវ័យក្មេង វណ្ណ វឌ្ឍនៈ (Ellex) សុទ្ធតែមានឯកភាពពីសំណាក់ផលិតករ និងក្រុមការងាររបស់ថោន ហើយអ្វីដែលលោកកាន់តែមានកម្លាំងចិត្តគឺផលិតករផ្សេងទៀតសុទ្ធតែសរសើរនៅពេលយកប្អូនថ្លៃមកសម្ដែង។ លោកថាតារាមួយចំនួនមិនប្រាកដថាមានសមត្ថភាពសម្ដែងបានខ្លាំងជាងប្អូនថ្លៃរបស់លោកនោះទេ ទើបលោកសម្រេចជ្រើសយកប្អូនថ្លៃអោយសម្ដែងក្នុងបទ”ម៉ែជេរ” ដើម្បីផ្ដល់ឱកាសឱ្យកាន់តែមានកេរ្តិ៍បោះសំលេងតែម្ដង។ ស្របជាមួយគ្នានេះ លោកបន្ថែមទៀតថា ការលើកស្ទួយរបស់លោក មិនរំពឹងថាប្អូនថ្លៃនឹងក្លាយជាតារាល្បីនោះទេ ក្នុងពេលដែលគ្រួសារក៏គ្រាន់តែចង់ឱ្យគេប្រឡូកលេងៗមុនពេលរៀនចប់តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ប្អូនថ្លៃរបស់លោក រិទ្ធ អូមេហ្កា ត្រូវគេឃើញបង្ហាញមុខលើកដំបូងក្នុងផលិតកម្មថោន ក្នុងបទ«មនុស្សស្រីធម្មតាម្នាក់ មិនសមអោយបងខូចចិត្ត » របស់តារាចម្រៀង អេនី កាលពីកន្លងទៅផងដែរ តែមិនត្រូវបានទម្លាយពីអត្តសញ្ញាណជាប្អូនថ្លៃអ្នកដឹកនាំនោះឡើយ៕