ទម្រង់លេងដ៏ត្រដាបត្រដួសរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅតែបន្តឃើញមាន ក្រោយពីពួកគេបានរងបរាជ័យក្នុងលទ្ធផល 2-០ ក្រោមស្នាដៃក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយ នៅមុខអ្នកគាំទ្រដ៏ច្រើនកុះកររបស់ក្រុមម្ចាស់ផ្ទះ នាកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
ក្រុមម្ចាស់ផ្ទះកម្ពុជា បានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួន1គ្រាប់ក្នុងតង់នីមួយៗ ខណៈដែលកំណត់ត្រាមិនស្គាល់ឈ្នះរបស់ពួកគេបានបន្តរហូតដល់8ប្រកួត នៅមុនពេលការប្រកួតជម្រុះព្រឹត្តិការណ៍ AFC Asian Cup ជាមួយនឹងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី13 ខែមិថុនា ខាងមុខនេះ។ នេះគឺជាការរងបរាជ័យជាលើកទី4ជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Leonardo Vitorino ដែលត្រូវបានតែងតាំងកាលពីដើមឆ្នាំ2017នេះ ដើម្បីជំនួសកន្លែងរបស់លោក Lee Tae Hoon។ វាក៏ជាការរងបរាជ័យជាលើកទី14ផងដែរ ក្នុងចំណោមការជួបប្រកួតជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ចំនួន15លើក។ ក្រុមកម្ពុជារបស់លោក Vitorino សញ្ជាតិប្រេស៊ីល បានចាប់ផ្តើមយ៉ាងល្អក្រោមសំឡេងគាំទ្រពីទស្សនិកជនជិត5០,០០០នាក់ នៅរាជធានីភ្នំពេញ និងរកបានឱកាសជាលើកដំបូងនៅនាទីទី9 ប៉ុន្តែអ្នកចាំទី Marinus Wanewar នៃក្រុមភ្ញៀវបានសង្គ្រោះបាល់យ៉ាងល្អ។ ក្រុមដែលមានរហស្សនាមថា គោព្រៃមួយនេះ រកបានឱកាសម្តងទៀតក្នុងរយៈពេល5នាទីក្រោយមក តាមរយៈកីឡាករប្រាក់ មុន្នីឧត្តម ប៉ុន្តែការស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់គេត្រូវបានចាត់ទុកថា ជាបាល់ Offside។ ក្រុមភ្ញៀវឥណ្ឌូនេស៊ី បានរកគ្រាប់បាល់បើកឆាកនៅនាទីទី26 នៅពេលដែលកីឡាករ Irfan Bachdim បានអូសបាល់ផុតតំបន់ការពារ និងបានស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់អ្នកចាំទីស៊ូ អាទី យ៉ាងល្អតែម្តង។
កម្ពុជា បានខិតខំព្យាយាមវាយសម្រុកយ៉ាងខ្លាំង ខណៈដែលខ្សែប្រយុទ្ធឃួន ឡាបូរ៉ាវី ទទួលបានឱកាសល្អពីរលើកក្នុងចន្លោះពេលត្រឹមតែ2នាទី ប៉ុន្តែ នៅតែមិនអាចទម្លុះសំណាញ់ទីរបស់ Meiga បាន នៅមុនពេលកីឡាករ Gian Zola រកបាន1គ្រាប់ទៀតដើម្បីបំពេញជ័យជម្នះរបស់ក្រុមខ្លួនតែម្តង៕