កីឡាករប្រណាំងកង់ Julian Alaphilippe របស់បារាំង បានឈ្នះការប្រណាំងកង់ល្បឿនលឿនដំណាក់កាលទី6 ក្នុងព្រឹត្តិការណ៍ Tirreno-Adriatico លើផ្លូវចម្ងាយ 195គីឡូម៉ែត្រ ពីតំបន់ Matelica ទៅកាន់ Jesi។
កីឡាករវ័យ 26ឆ្នាំរូបនេះ បានទៅដល់ទីមុនគេតាមរយៈការនាំមុខលើកីឡាករអ៊ីតាលី Davide Cimolai របស់ក្រុម Israel Cycling Academy និងកីឡាករ Elia Viviani ដែលជាមិត្តរួមក្រុម Deceuninck-QuickStep របស់គេ ខណៈដែលកីឡាករទាំង2នេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3 និងលេខ4 តាមលំដាប់។
ក្រោយពីដណ្តើមបានជ័យជម្នះជាលើកទី2 របស់គេ និងបន្ទាប់ពីឈ្នះក្នុងដំណាក់កាលទី2 កីឡាករ Alaphilippe បានឱ្យដឹងថា៖ «ខ្ញុំមិនមែនជាអ្នកប្រណាំងកង់ល្បឿនលឿនឡើយ ប៉ុន្តែ ខ្ញុំដឹងថា ខ្ញុំអាចប្រើប្រាស់ល្បឿនបានយ៉ាងល្អនៅថ្ងៃដ៏លំបាកបែបនេះ។ ខណៈដែលនៅសល់ការប្រកួត 1ជុំទៀត Elia Viviani បានសួរខ្ញុំថា ខ្ញុំចង់បន្តប្រកួតក្នុងល្បឿនលឿន ឬអត់»។
កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំចង់និយាយថា ខ្ញុំនឹងក្លាយជាមនុស្សចុងក្រោយគេក្នុងការនាំមុខ។ Max Richeze បានខិតខំព្យាយាមយ៉ាងខ្លាំង ហើយខ្ញុំបានរក្សាការនាំមុខលើរូបគេរហូតដល់ខ្សែបន្ទាត់ទីចុងក្រោយ។ ខ្ញុំពិតជារីករាយណាស់ជាមួយនឹងការដណ្តើមបានជ័យជម្នះដ៏មិនគួរឱ្យជឿនេះ»។
កីឡាករចក្រភពអង់គ្លេស Adam Yates របស់ក្រុម Mitchelton-Scott កំពុងតែមានពិន្ទុនាំមុខគេនៅលើតារាងពិន្ទុរួម មុននឹងឈានទៅកាន់ការប្រកួតលើដំណាក់កាលចុងក្រោយនៅថ្ងៃអង្គារនេះ។ Yates វ័យ 26ឆ្នាំ បានឱ្យដឹងថា៖ «1គីឡូម៉ែត្រចុងក្រោយ ពិតជាមានការលំបាកណាស់។ យើងដឹងថា Alaphilippe អាចប្រើប្រាស់ល្បឿនយ៉ាងលឿនលើផ្លូវបែបនេះ។ កាលពីរយៈពេល 2ឆ្នាំមុន ខ្ញុំក៏អាចធ្វើបានបែបនេះផងដែរ»៕