ក្នុងពេលដែលភ្លើងអគ្គិសនីនារដូវក្តៅមានការដាច់ជាញឹកញាប់ ខណៈដែលតម្រូវការមានរហូតដល់ 400មេហ្គាវ៉ាត់ រាជរដ្ឋាភិបាលកម្ពុជាកំពុងរង់ចាំការឆ្លើយតបពីសាធារណរដ្ឋតួកគី ដើម្បីបញ្ជូននាវាដែលផ្ទុកម៉ាស៊ីនភ្លើងដ៏ធំ សម្រាប់ផ្តល់ចរន្តអគ្គិសនីប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែនេះ។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង កាលពីរាត្រីថ្ងៃទី16 ខែមីនា ឆ្នាំ2019។
សម្តេចបានលើកឡើងថា កត្តាប្រែប្រួលអាកាសធាតុ បានធ្វើឱ្យកម្ពុជាជួបប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត ដែលមានរយៈពេលវែងរហូតដល់ខែមិថុនា ឆ្នាំ2019។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏កំពុងជួបបញ្ហាខ្វះខាតភ្លើងអគ្គិសនីប្រើប្រាស់រហូតដល់ 400មេហ្គាវ៉ាត់ ដែលទំហំនេះអាចនឹងកើនឡើងថែមទៀតផង។
សម្តេចនាយករដ្ឋមន្រ្តីបានបន្តថា នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយបន្ថែមម៉ាស៊ីនភ្លើងជាច្រើនគ្រឿងទៀតដើម្បីផលិត និងចែកចាយភ្លើងអគ្គិសនី។ វិធានការជាបន្ទាន់នៅពេលនេះ គឺដើម្បីជំរុញឱ្យចង្វាក់ផលិតកម្មទាំងអស់ ពិសេសផលិតកម្មម៉ាស៊ីនកិនស្រូវឱ្យអាចបន្តដំណើរការកែច្នៃផលិតផលស្រូវអង្ករទៅបាន ចៀសវាងទទួលរងនូវផលប៉ះពាល់នានា។
សូមបញ្ជាក់ថា វារីអគ្គិសនីដែលកម្ពុជាមានសព្វថ្ងៃនេះ គឺដំណើរការបានដោយមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដូច្នេះប្រសិនបើមិនមានទឹកគ្រប់គ្រាន់ទេ គឺវារីអគ្គិសនីទាំងនោះនឹងប្រឈមបញ្ហាផលិតថាមពលអគ្គិសនីជាមិនខាន។ យើងបានដឹងហើយថា ក្នុងពេលនេះ គឺជាការចាប់ផ្តើមរដូវក្តៅហើយ បើតាមការប្រកាសរបស់ក្រសួងឧតុនិយម ដូច្នេះទឹកបឹង ស្ទឹង ព្រែក ទន្លេនឹងរីងស្ងួត ចរន្តទឹកទាបមិនមានល្បឿនសម្រាប់ផ្តល់ការដល់ផលិតចរន្តអគ្គិសនីបានខ្លាំងទេ នេះជាហេតុផល។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានអំពាវនាវផងដែរថា៖ «សូមបងប្អូនជួយបញ្ចេញម៉ាស៊ីនភ្លើង និងទិញម៉ាស៊ីនភ្លើងដាក់ប្រើប្រាស់បន្តសិន ដើម្បីឱ្យការងារដំណើរការទៅមុខទាន់ពេលវេលា»។ សូមឱ្យប្រជាពលរដ្ឋទូទាំងប្រទេស និងអាជីវករទាំងអស់យោគយល់ អធ្យាស្រ័យក្នុងករណីដែលនៅទីកន្លែងខ្លះមានដាច់ភ្លើង និងការខ្វះភ្លើងអគ្គិសនីប្រើ ព្រមទាំងស្នើឱ្យពលរដ្ឋប្រើប្រាស់ភ្លើងដោយលក្ខណៈសន្សំសំចៃ៕