ជាមោទនភាពមួយដែលយើងបានរស់នៅក្នុងប្រទេសដែលមានប្រាសាទអង្គរវត្ត ជាសំណង់ស្ថាបត្យកម្មបុរាណល្អបំផុតលើពិភពលោកចេញដោយ Trip Advisor កាលពីឆ្នាំ 2018 ហើយសំណង់ដ៏អស្ចារ្យនេះក៏ជាសំណង់ប្រកបដោយភាពអាថ៌កំបាំង និងចំណុចពិសេសជាច្រើន។
ជារៀងរាល់ឆ្នាំ នៅ ខែមីនា និងខែកញ្ញា ប្រជាជននៅលើពិភពលោកតែងតែសម្រុកមកប្រទេសកម្ពុជាដើម្បីបានឃើញនូវទស្សនីយភាពអស្ចារ្យដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលបានកសាងតាំងពីរាប់ពាន់ឆ្នាំមុន។ ក្នុងនោះប្រជាជនខ្មែរមិនតិចទេ ដែលបានចូលរួមឃើញទស្សនីយភាពដ៏អស្ចារ្យនេះ ខណៈពេលដែលប្រជាជនខ្មែរកូនចៅអ្នកកសាងអង្គរវត្តជាច្រើនទៀតមិនទាន់បានឃើញផ្ទាល់ផ្នែកម្តងនៅឡើយ។
នៅពេលថ្មីៗនេះអ្នកនាំពាក្យអាជ្ញាធរអប្សរាលោក ឡុង កុសល បានបញ្ជាក់ថា ចាប់ពីម៉ោង 5:50នាទីព្រឹកដល់ម៉ោង 7ព្រឹក នៅថ្ងៃទី 21 ខែមីនា ឆ្នាំ2019 នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរអប្សរាបានឱ្យដឹងថា ព្រះអាទិត្យនឹងរះចំកណ្តាលប្រាសាទអង្គរវត្ត។ បាតុភូតនេះគេហៅថា សមរាត្រី (equinox) គឺជាពេលវេលាដែលថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីខែនេះខែខ្លះមានរយៈពេលថ្ងៃវែងជាងយប់ ហើយខ្លះទៀតមានរយៈពេលយប់វែងជាថ្ងៃ។ ចំពោះប្រាសាទអង្គរវត្តវិញ នៅពេលដែលពេលថ្ងៃ និងយប់មានរយៈពេលស្មើគ្នាព្រះអាទិត្យនឹងរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តតែម្តង។
លោក កុសល បានបន្ថែមទៀតថា ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍សមរាត្រីនេះ តែងតែកើតមាន2ដងក្នុងមួយឆ្នាំគឺនៅរដូវប្រាំង(Vernal Equinox) កើតឡើងនៅខែមីនា និងរដូវវស្សា (Autumnal Equinox) កើតឡើងនៅខែកញ្ញា។ លោកបានបញ្ជាក់ថាផងដែរថា ប្រាសាទអង្គរវត្តគឺជាស្ថាបត្យកម្មដែលបានសាងសង់ឡើងដោយបានសិក្សាគន់គូរយ៉ាងល្អិតល្អន់ របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គររួមផ្សំគ្នារវាងទ្រឹះស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត៕