រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយស្តីពីកម្រៃសេវាថ្មីនៃការគ្រប់គ្រងសំរាម និងកាកសំណល់រឹងក្នុងទីប្រជុំជននៅរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយឯកឧត្តមអភិបាលរាជធានីកាលពីថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2019។
នៅក្នុងសេចក្តីប្រកាសនេះបានបញ្ចាក់ថា ចាប់ពីថ្ងៃទី1 ខែមេសា ឆ្នាំ2019 ខាងមុខនេះតទៅ មានការកំណត់តម្លៃសេវាគ្រប់គ្រងសំរាម និងកាកសំណល់រឹងនៅក្នុងទីក្រុងភ្នំពេញតាមតារាងថ្មី ដែលក្នុងនោះសម្រាប់លំនៅឋានធម្មតា ផ្ទះល្វែងជាន់ផ្ទាល់ដី ក្នុង1ខែត្រូវបង់ប្រាក់ចំនួន 9,000រៀល ហើយចំពោះលំនៅឋានក្នុងបុរី ឬទីក្រុងរណបជាប្រភេទផ្ទះល្វែងត្រូវបង់ 10,900រៀល ចំណែកឯផ្ទះវីឡាភ្លោះត្រូវបង់ 25,000រៀលក្នុង 1ខែ។ ក្រៅពីនេះសាលារាជធានីក៏បានបង្ហាញតម្លៃសម្រាប់ម្ចាស់ទីតាំងផ្សេងទៀត ដូចជាប្រភេទផ្ទះជួលឱ្យកម្មករ ផ្ទះអាជីវកម្ម អាហារដ្ឋាន និងសណ្ឋាគារ ជាដើមដែលសុទ្ធតែមានការដំឡើងថ្លៃខ្ពស់ជាងតម្លៃចាស់ទាំងអស់។
បើតាមការប្រកាសរបស់សាលារាជធានីភ្នំពេញបានបញ្ជាក់ថា ការកំណត់តម្លៃថ្មីនេះ គឺព្រោះតែកំណើនផ្ទៃដី កំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យបរិមាណសំរាមក៏មានការកើនឡើងយ៉ាងខ្លាំង ដែលជាបញ្ហាប្រឈមចំពោះមុខមួយសម្រាប់រដ្ឋបាលរាជធានីភ្នំពេញដែលត្រូវធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដោយក្នុងនោះតម្រូវឱ្យមានការពង្រីកបន្ថែមទៀតនូវការផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់ឱ្យបានល្អ។
ការប្រកាសពីការកំណត់តារាងថ្មីនេះគឺផ្អែកតាមប្រកាសអន្តរក្រសួង ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ លេខ195 ប្រកប.ស្ថ ចុះថ្ងៃទី6 ខែមិថុនា ឆ្នាំ2018 ស្តីពីការកំណត់កម្រៃអតិបរមានៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន៕