កីឡាករវាយកូនគោល Rory McIlroy បានអបអរទិវា Saint Patrick’s Day តាមរយៈការឈ្នះដោយការនាំមុខ 1ឈើក្នុងព្រឹត្តិការណ៍ The Players Championship កាលពីថ្ងៃអាទិត្យ ក្រោយពីរកបាន 70ពិន្ទុ ដើម្បីឈ្នះពានជាលើកទី1 របស់គេក្នុងឆ្នាំ2019។
កីឡាករវាយកូនគោលសញ្ជាតិអៀរឡង់ខាងជើងវ័យ 29ឆ្នាំរូបនេះ ចាប់ផ្តើមមិនបានល្អឡើយនៅលើទីលាន TPC Sawgrass មុននឹងវិលទៅរកទម្រង់លេងយ៉ាងល្អរបស់គេតាមរយៈការបញ្ជូនកូនគោលបញ្ចូលរន្ធជាបន្តបន្ទាប់ ដើម្បីផ្តួលកីឡាករជើងចាស់អាមេរិក Jim Furyk។
Furyk ធ្វើបានយ៉ាងល្អក្នុងការប្រកួតនៅជុំចុងក្រោយ តាមរយៈការរកបាន 67ពិន្ទុ ក្រោយពីបានវាយកូនគោលបញ្ចូលរន្ធចំនួន 5លើកជាប់ៗគ្នា។
ជ័យជម្នះនេះបានជួយឱ្យកីឡាករ McIlroy ឈ្នះប្រាក់រង្វាន់សរុបចំនួន 2.25លានដុល្លារអាមេរិក ហើយនេះគឺជាការត្រៀមលក្ខណៈបានយ៉ាងល្អឥតខ្ចោះរបស់គេសម្រាប់ព្រឹត្តិការណ៍ The Masters នៅ Augusta នាខែក្រោយនេះ ខណៈរូបគេមានបំណងចង់ឈ្នះពានរង្វាន់ធំៗទាំង4 របស់កីឡាវាយកូនគោល។
វាបានក្លាយជាការបង្ហាញពីទម្រង់លេងយ៉ាងល្អមួយផ្សេងទៀតពីសំណាក់ McIlroy ដែលអាចជម្នះរាល់ឧបសគ្គផ្សេងៗក្នុងដំណាក់កាលដ៏សំខាន់កាលពីថ្ងៃអាទិត្យ ដើម្បីរក្សាសិទ្ធិក្នុងការប្រជែងពាន។
ក្រោយពីដណ្តើមបានជ័យជម្នះ McIlroy បានឱ្យដឹងថា៖ «ខ្ញុំគិតថា រាល់បទពិសោធទាំងអស់ដែលខ្ញុំមាននៅដើមឆ្នាំនេះ បានជួយដល់ខ្ញុំ។ ខ្ញុំមានអារម្មណ៍កាន់តែជឿជាក់ក្នុងពេលប្រកួត។ ខ្ញុំបានចាប់ផ្តើមការប្រកួតទាំងភាពអត់ធ្មត់តាមដែលខ្ញុំអាច។ ខ្ញុំសង្ឃឹមថា ប្រសិនបើខ្ញុំបានរក្សាភាពអត់ធ្មត់គ្រប់គ្រា និងរង់ចាំឱកាសរបស់ខ្ញុំ នោះអ្វីៗនឹងមានភាពល្អប្រសើរឡើង ហើយខ្ញុំពិតជារីករាយណាស់»៕ ប្រភពពី៖ Channel News Asia